រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់កាលពីថ្ងៃសុក្រ ទី១០ មករា នៅលើរេញទូរទស្សន៍បាយ័នស្ទឹងមានជ័យ កីឡាករជើងខ្លាំងខុសស៊េរីគ្នាពីររូបគឺកីឡាករប៉ូ វណ្ណស័ក្ត មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និងកីឡាករជើងចាស់ផល សុផាត មកពីក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញទទួលជោគជ័យដូចគ្នាទៅលើដៃគូរបស់ខ្លួន ។ ក្នុងនោះកីឡាករផាន់ គ្រាន់ មកពីក្លិបព្រះខ័នរាជក៏ធ្វើបានសម្រេចក្នុងការការពារមិនឲ្យកីឡាករនន់ ជំនិត មកពីក្លិបCMACសងសឹកបានផងដែរ នៅលើសង្វៀនដដែលក្នុងថ្ងៃបន្ទាប់ ។
កីឡាករប៉ូ វណ្ណស័ក្ត ទើបតែឡើងកូដក្នុងប៉ុន្មានប្រកួតចុងក្រោយប៉ុណ្ណោះ ប៉ុន្តែស្នាដៃ និងកេរ្តិ៍ឈ្មោះត្រូវគេកត់សម្គាល់ថា បានស្ទុះឡើងគួរឲ្យសរសើរ ។ ប្រើពេលតែមួយរយៈខ្លីគេបានក្លាយជាគូរងឯកដែលតាមស្ថានភាពជាក់ស្ដែងមានន័យថា មិនយូរឡើយពិតជាអាចឈានដល់តំណែងគូឯកបើបន្តទទួលបានជោគជ័យធ្វើឲ្យអ្នកទស្សនាភាគច្រើនបន្តចាប់អារម្មណ៍ ។ ទោះជាប៉ះជាមួយកីឡាករមានបទពិសោធន៍ក្នុងកម្រិតណាក៏កីឡាករវ័យក្មេងរូបនេះហាក់ទទួលបានជោគជ័យគួរជាមោទនៈ ។ អ្វីដែលគេកម្រឃើញនោះគឺការបរាជ័យរបស់គេនៅលើរេញបើទោះជាដៃគូដែលខាងប៉ុស្ដិ៍ទូរទស្សន៍តម្រូវឲ្យគេប៉ះជាមួយត្រូវគេស្គាល់ថា ខ្លាំង និងល្បីឈ្មោះមិនធម្មតាក្នុងពិភពកីឡាប្រដាល់ក្ដី ។ ក្រេឌីតនេះកាន់តែទទួលបានការគាំទ្រថែមទៀត បន្ទាប់ពីការប្រកួតចុងក្រោយកាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅ គេអាចផ្ដួលកីឡាករឈឿន ឆៃដែន មកពីក្លិបនិរោធមានជ័យ ដែលអ្នកណាក៏ស្គាល់ថា ជាជើងខ្លាំងម្នាក់ឲ្យសន្លប់ក្នុងទឹកទី១ ។ កីឡាករបង្គោលក្រហមប៉ូ វណ្ណស័ក្ត ប្រើពេលយ៉ាងខ្លីបំផុតក្នុងការវាយបំបែកភាពខ្លាំងរបស់ឈឿន ឆៃដែន ហើយធ្វើឲ្យគេខូចជើងរហូតដល់ថ្នាក់ប្រកួតលែងកើតនិងលើកទង់ជ័យសនៅចុងទឹកទី១ ។ នេះមិនមែនសំណាងលើកដំបូងរបស់គេឡើយពោលគឺច្រើនលើករួចមកហើយដែលគេអាចផ្ដួលកីឡាករជើងខ្លាំងឲ្យដកថយពីការប្រកួតនៅមុនចប់ទឹកទី៥បែបនេះ ។ ក្រុមអ្នកទស្សនាកំពុងផ្ដោតការកោតសរសើរចំពោះគេ ខណៈដែលស្ថានភាពនេះបើនៅតែអាចរក្សាជ័យជម្នះក្នុងពេលឡើងរេញបានល្អបន្តទៅទៀត មានន័យថា ប្រើពេលមិនយូរនោះទេ គឺគេពិតជាអាចក្លាយជាកីឡាករល្បីហើយឈានដល់តំណែងជាកីឡាករក្នុងក្រសែភ្នែកមហាជនកាន់តែជ្រៅ។
ដូចគ្នាដែរកីឡាករផល សុផាត ក៏បានធ្វើឲ្យជើងខ្លាំងស្រករក្រោយហេង វិឆ័យ មកពីក្លិបកងពលតូចលេខ៧០បរាជ័យក្នុងជំនួបនៅលើសង្វៀនដដែលនោះដែរ ។ បើទោះជាគេបានត្រឹមលទ្ធផលឈ្នះពិន្ទុ ប៉ុន្តែម្នាក់ៗហាក់ភ្ញាក់ផ្អើល ក្នុងពេលដែលអ្នកណាក៏ព្យាករថា ហេង វិឆ័យ បង្គោលខៀវ នឹងឈ្នះបែរជាផល សុផាត អាចសម្រេចបាន ។ ហេង វិឆ័យ ត្រូវគេកត់សម្គាល់ថា មិនត្រឹមតែវ័យក្មេងនោះទេ គឺថែមទាំងឆ្លងកាត់ការប្រកួតច្រើននៅលើសង្វៀន និងមានប្រវត្តិធ្លាប់ផ្ដួលកីឡាករស្រករមុននិងក្រោយឲ្យបាក់មុខរាប់មិនអស់ផងដែរ ទើបមានអ្នកទស្សនាភាគច្រើនយល់ថា ផល សុផាត នឹងពិបាក ។ អ៊ីចឹងហើយទើបមានការកោតសរសើរស្ទើររញ្ជួយសង្វៀននៅពេលដែលការប្រកួតជាក់ស្ដែងផល សុផាត អាចទប់ជើងខ្លាំងវ័យក្មេងរូបនេះបានហើយអាចធ្វើឲ្យគេឈានដល់ទឹកទី៥ ដោយលំបាក ។ ផល សុផាត ដែលអ្នកណាក៏មើលឃើញថា ធ្លាក់ដៃទៅហើយបានរុញឲ្យហេង វិឆ័យ ទាល់ច្រកយ៉ាងខ្លាំងក្នុងការប្រើជង្គង់ កែង និងម៉ាត់ ដែលជាស្នៀតពិសេសរបស់គេ ។ នៅទីបំផុតហេង វិឆ័យ បានក្លាយជាអ្នកចាញ់ពិន្ទុយ៉ាងគួរឲ្យភ្ញាក់ផ្អើលបើទោះជាគេហាក់មានជំនឿចិត្តច្រើនកាលពីមុនប្រកួតថា អាចបំបាក់ខ្លាចាស់បាក់ចង្កូមផល សុផាត បាន ។ សម្រាប់គូផ្សេងជាម អាម៉ៅ មកពីក្លិបខ្លារខិនមានឫទ្ធិ ឈ្នះកីឡាករសុខ ថេត មកពីក្លិបកងពលតូចលេខ៧០ដោយពិន្ទុ និងកីឡាករវីវ៉ា សាមីត មកពីក្លិបមហិទិ្ធឫទ្ធិតាដំបងដែកឈ្នះកីឡាករឯម ស៊ីថុង មកពីក្លិបឫទ្ធិពោធិ៍សែនជ័យដោយពិន្ទុ ។
នៅសង្វៀនដដែលនាថ្ងៃសៅរ៍ទី១១ មករា វិញកីឡាករផាន់ គ្រាន់ ក៏ធ្វើបានសម្រេចផងដែរក្នុងវគ្គដែលកីឡាករនន់ ជំនិត សុំឡើងសងសឹក ។ មិនត្រឹមតែធ្វើឲ្យជើងចាស់នន់ ជំនិត សងសឹកមិនបាននោះទេ គេបានទាំងធ្វើឲ្យដៃគូ
បរាជ័យដោយអស់ចិត្តទៀតផង ។ ក្រុមអ្នកទស្សនាស្រែកហ៊ោកញ្ជ្រៀវគួរសមក្នុងពេលដែលផាន់ គ្រាន់ ទទួលជោគជ័យក្នុងការប្រកួតនាល្ងាចនោះ ។ ក្នុងថ្ងៃដដែលនោះកីឡាករម៉ន លីហួរ មកពីក្លិបព្រែកឯងកីឡា ឈ្នះកីឡាករអាន សុផល មកពីក្លិបមិត្តប៉ូលិសដោយក្រុមគ្រូពេទ្យបញ្ឈប់ការប្រកួតក្នុងទឹកទី៥ និងកីឡាករវ៉ាន់ ចាន់វ៉េត មកពីក្លិបគជសារកីឡា ផ្ដួលកីឡាករស្វាយ រដ្ឋា មកពីក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យសន្លប់ក្នុងទឹកទី៣ ៕
បរាជ័យដោយអស់ចិត្តទៀតផង ។ ក្រុមអ្នកទស្សនាស្រែកហ៊ោកញ្ជ្រៀវគួរសមក្នុងពេលដែលផាន់ គ្រាន់ ទទួលជោគជ័យក្នុងការប្រកួតនាល្ងាចនោះ ។ ក្នុងថ្ងៃដដែលនោះកីឡាករម៉ន លីហួរ មកពីក្លិបព្រែកឯងកីឡា ឈ្នះកីឡាករអាន សុផល មកពីក្លិបមិត្តប៉ូលិសដោយក្រុមគ្រូពេទ្យបញ្ឈប់ការប្រកួតក្នុងទឹកទី៥ និងកីឡាករវ៉ាន់ ចាន់វ៉េត មកពីក្លិបគជសារកីឡា ផ្ដួលកីឡាករស្វាយ រដ្ឋា មកពីក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យសន្លប់ក្នុងទឹកទី៣ ៕
ប្រភពពី៖ កោះសន្តិភាព