ថ្លែងក្នុងពេលជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំមូលដ្ឋាន នៅទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃអាទិត្យ ទី ៥មិថុនានេះ លោកកឹម សុខា ដែលកំពុងតែហ៊ុមព័ទ្ធដោយដីកាកោះហៅរបស់តុលាការ បានដាក់ជំនឿថា គណបក្សប្រឆាំង នឹងទទួលបានជ័យជម្នះ នៅពេលខាងមុខ។ ជ័យជម្នះ ដែលលោកប្រធានស្តីទីគណបក្សសង្គ្រោះជាតិ រំពឹងថា អាចនាំប្រទេស និងប្រជាជនកម្ពុជា ឆ្ពោះទៅរកសន្តិភាព ប្រជាធិបតេយ្យ និងការបង្រួបបង្រួមជាតិពិតប្រាកដ។
លោកកឹម សុខា បញ្ជាក់ថា ជ័យជម្នះរបស់គណបក្សសង្គ្រោះជាតិ អាចកើតមានឡើងបាន ទោះបីជាស្ថានការណ៍នយោបាយមានសភាពអាក្រក់យ៉ាងណាក៏ដោយ។ ហេតុផល ដែលប្រធានស្តីទីបក្សប្រឆាំង ហ៊ាននិយាយដល់ថ្នាក់នេះ ព្រោះលោកសំអាងថា គណបក្សនៅតែរក្សាគោលដៅច្បាស់លាស់ ធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន ឥតងាករេ។ តាមលោកកឹម សុខា ទោះក្នុងកាលៈទេសៈណា ក៏បក្សរបស់លោក កាន់តែទទួលបានការគាំទ្រ និងការលើកទឹកចិត្តកាន់តែច្រើនទៅៗ ពីសំណាក់ ថ្នាក់ដឹកនាំ សកម្មជនគណបក្ស មហាជនពីមជ្ឈដ្ឋានផ្សេងៗ និងពីសហគមន៍អន្ដរជាតិ។