Showing posts with label នយោបាយ. Show all posts
Showing posts with label នយោបាយ. Show all posts

Wednesday, November 27, 2013

​អ្នកវិភាគ​៖ សភា​ថៃ​គួរ​​​រំលាយ​ជាបន្ទាន់​ទើប​ស្ថានការណ៍​ស្ងប់ស្ងាត់​​

បាតុករបន្តធ្វើបាតុកម្មប្រឆាំងនិងរដ្ឋាភិបាល ដោយទាមទារឲ្យ
លោកស្រី យីងឡាក់ ចុះចេញពីតំណែង (រូបភាពពី bangkokpost)
ស្ថានការណ៍​បះបោរ​នយោបាយ​នៅ​រាជា​ណា​ចក្រ​ថៃ គិត​មកដល់​ថ្ងៃ​ព្រហស្បតិ៍​ ទី២៨ ខែ​វិច្ឆកា​​នេះ កាន់​តែ​មាន​​កម្តៅ​​កាន់​តែ​ខ្លាំង​​ឡើង ខណៈបាតុករ​បាន​​ឡោម​​ព័ន្ធ ស្ថាប័ន​រដ្ឋ​​យ៉ាង​តិច​ជាង​១០ កាលពី​ថ្ងៃ​ពុធ ហើយ​ស្រប​ពេល​​នេះ បាតុក​រ​ដាក់​​កំហិត​​រំលាយ​​រដ្ឋសភា និង​ត្រូវ​បង្កើត វេទិកាសភា​ប្រជាជន​ជា​បន្ទាន់ ប្រយោជន៍​ជួយ​ស្ដារ​ស្ថានការណ៍​ឡើងវិញ។
តាម​សេចក្ដីរាយការណ៍ របស់​កាសែត​បាងកក​ប៉ុស្តិ៍ យ៉ាងតិចណាស់​​មាន​សហ​ជីព​ធំ​ចំនួន​៤៣ ប្រកាស​​ចូល​រួម​​បា​តុ​កម្ម របស់​ក្រុមប្រឆាំង​រដ្ឋាភិបាល នៅ​​ថ្ងៃ​សៅរ៍ និង​​អាទិត្យ ចុង​សប្ដាហ៍​នេះ​ ​ដែល​អ្នកតាមដាន ព្រមាន​ថា នឹង​​ធ្វើឲ្យ​ស្ថានការណ៍ កាន់​តែ​ផុយស្រួយ​ថែម​ទៀត ដែល​ចាំបាច់ត្រូវមាន​ការ​សម្រប​សម្រួល​នយោបាយ ហើយ​ត្រូវ​បាន​​រំលាយ​​សភា​​ជា​បន្ទាន់។​
លោក Wutthisarn Tanchai  អ្នកវិភាគនយោបាយម្នាក់ មក​ពី​វិទ្យាស្ថានរាជា Prajadhipok  បាន​ពិនិត្យឃើញ​ថា កា​រំលាយ​សភា និង​ការសម្របសម្រួល នយោបាយ​ ​គឺជាជម្រើសល្អ​បំផុត​ ដើម្បី​បន្ធូរបន្ថយ​​កម្តៅ​នយោបាយ ហើយ​ត្រូវអនុវត្ត​ការកែទម្រង់​ជាបន្ទាន់​។ លោក​​បាន​គាំទ្រ​ការអំពាវនាវ​ឲ្យ​បញ្ចប់​បាតុកម្ម​​ដោយ​​សន្តិវិធី តាមរយៈ​ការ​បង្កើត​វេទិកា​សភា​ប្រជាជន ដែល​ដាក់ចុះ​ដោយ​​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល ​ដែល​ដឹកនាំ​ដោយ​អតីតរដ្ឋមន្ត្រី ក្រសួង​​មហាផ្ទៃ​លោក​ សូ​ទេព ​ថុង​សូ​បាន។​
លោក Pairote Polpet សមាជិក​នៃ​គណៈកម្មាការ​កែទម្រង់​ច្បាប់​ប្រទេស​ថៃ និយាយ​ថា ​ទំនង​បាតុករ​នឹងមិន​ងាយ​បញ្ចប់ ការតវ៉ាបាន​ភ្លាមៗ​ទេ ប្រសិន​​បើ​​សភា​​មិន​ត្រូវបាន​រំលាយ។ លោក​​បន្តថា ក្រោយ​​សភា​រំលាយ ត្រូវ​កំណត់​ពេល​វេលា​បោះឆ្នោត​ជា​បន្ទាន់ ​ជាមួយនឹង​ការ​កំណត់​គោលនយោបាយ​ថ្នាក់​​ជាតិ​​សំខាន់​ ​ដើម្បី​​ធ្វើការ​កែទម្រង់​​នូវ​អ្វី ដែល​ហៅថា​​ជា​ចំណុច​​អវិជ្ជមាន​​នៃ​​សង្គម និង​​ការផ្សះ​ផ្សា​​ជាតិ។ យ៉ាងនេះ​ក្ដី មេដឹកនាំ​​បាតុករ​ គឺ លោក ​សូ​ទេព​​ធុង​​សូ ​បាន​ព្រមាន​ថា ការចរចា​​នយោបាយ​​អាចធ្វើ​បាន​លុះត្រាតែរដ្ឋាភិបាល លោក​ស្រី ​យី​ង​ឡាក់ ត្រូវ​រំលំជាមុនសិន។
ដើមចម​ដែល​បណ្ដាលឲ្យ​មាន​បាតុករ​ប្រឆាំង​រដ្ឋាភិបា​ល​ថៃ​ នៅ​ទីក្រុង​បាងកក​​ផ្ទុះ​​ឡើង​ គឺ​មាន​កត្តា​ច្រើន​យ៉ាង​ ​ទី​មួយ ​ក្រុម​​ប្រឆាំង​មាន​បំណង​ចង់​ផ្ដួល​រលំ​​រដ្ឋាភិបាល​លោកស្រី​ យី​ង​ឡាក់ ​ទី​ពីរ​ក្រុម ប្រឆាំង​​ចោទថា​ ​លោកស្រី​ យី​ង​ឡា​ក់ មាន​ម​ហិច្ឆ​តា​ចង់​​នាំ​បង​ប្រុស​របស់​ខ្លួន ​គឺ​លោក​ ថាក់ស៊ីន​ មក​កាន់​អំណាច​វិញ​​ តាមរយៈការធ្វើ​សេចក្ដីព្រាងច្បាប់​លើកលែង​ទោស​​ជា​សាកល ​ដែល​នាំ​ឲ្យ​ក្រុម​បក្ស​​ប្រឆាំង​បាន​ធ្វើ​ពហិកា​ប្រជុំ​សភា​។​ ទី​បី​ គឺ​ក្រុមប្រឆាំង​ចោទ​ថា​ ​លោកស្រី​ យី​ង​ឡាក់​ មិន​ស្មោះត្រង់​និង​ប្រទេសជាតិ ​ដែល​បណ្ដោយ​ឲ្យ​ទឹកដី​របស់​​ថៃ​ នៅ​តំបន់​ប្រាសាទ​​ព្រះវិហារ ​បាន​ធ្លាក់​ទៅលើ​ប្រទេស​កម្ពុជា​​ជាថ្មី​ម្ដងទៀត ​តាមរយៈ​​ការបកស្រាយ​​សាលដីកា​​ឆ្នាំ​១៩៦២ ករណី​ប្រាសាទព្រះវិហារ​ និង​ទី​បួន​ ចោទ​លោកស្រី ​យី​ង​ឡាក់ ​និង​គណៈរដ្ឋមន្ដ្រី​របស់​​លោក​ស្រី ​ប្រព្រឹត្ត​​អំពើពុករលួយ​​ក្នុង​គម្រោង​ទិញ​​អង្ករ​របស់​​កសិករ​​ថៃ​៕

ប្រភពពី៖ VOD

Friday, November 22, 2013

មេ​បក្ស​ប្រឆាំង​រិះគន់​សហគមន៍​អឺរ៉ុប​រឿង​អ្នក​ជំនាញ​បោះឆ្នោត

131122_05a

លោក​សម​ រង្ស៊ី នៅ​ក្នុង​ការ​តវ៉ា​មួយ​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​​កាល​ពី​ខែ​កញ្ញា​​​។ រូបថត ជីវ័ន
ភ្នំពេញៈ លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង បាន​រិះគន់​សហគមន៍​អឺរ៉ុប ទាក់​ទង​នឹង​អ្នក​ជំនាញ​បោះឆ្នោត​
មិន​សូវ​លេច​ធ្លោ ២ រូប ដែល​សហគមន៍​អឺរ៉ុប បាន​បញ្ជូន​មក​ឃ្លាំ​មើល​ការ​បោះឆ្នោត កាល​ពី​ខែ កក្កដា ដោយ​អះអាង​
ថា វត្តមាន របស់​ពួកគេ​បាន​ប៉ះពាល់​ដល់​លទិ្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។
ក្នុង​លិខិត​មួយ​ដែល​ផ្ញើ​កាល​ពី​ថ្ងៃ​អង្គារ​ជូន​លោក Ugu Astuto អ្នក​ការ​ទូត​កំពូល​របស់​សហគមន៍​អឺរ៉ុប ប្រចាំ​នៅ​អាស៊ី​
ខាង​ត្បូង និង​អាស៊ី​អាគេ្នយ៍ លោក សម រង្ស៊ី បាន​អះអាង​ថា អ្នក​ជំនាញ​ទាំង​ពីរ​បាន​នៅ​ប្រទេស កម្ពុជា ហើយ​កំពុង​
តែ​ធ្វើការ​ជាមួយ​នឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។
ប៉ុន្តែ លោក Jean-Francois Cautain ឯក​អគ្គ​រដ្ឋ​ទូត​សហគមន៍​អឺរ៉ុប បាន​បំភ្លឺ​កាល​ពី​ថ្ងៃ​ពុធ​ថា លោក សម រង្ស៊ី យល់​
ខុស​អំពី​អង្គ​ហេតុ និង​ថា អ្នក​ទាំង​ពីរ​បាន​ចាក​ចេញ​ពី​កម្ពុជា កាល​ពី​ថ្ងៃ ទី៩ ខែ សីហា។
លោក សម រង្ស៊ី បាន​ទទួល​ស្គាល់​កាល​ពី​ថ្ងៃ​ពុធ​ថា លោក​អាច​យល់​ខុស​អំពី​អង្គ​ហេតុ ដែល​បាន​បញ្ជូន​ប្រាប់​លោក
 ដោយ​សហគមន៍​អឺរ៉ុប​ប៉ុន្តែ លោក​អះអាង​ថា លោក​នៅ​តែ​រីករាយ​ដែល​បាន​ផ្ញើ​លិខិត​ប្រើ​ពាក្យ​ខ្លាំងៗ​នោះ។
លោក​បញ្ជាក់​ថា៖ «ខ្ញុំ​រីករាយ​ដែល​បាន​សរសេរ​លិខិត​នេះ បើ​ទោះ​បី​ជា​អ្នក​ជំនាញ​ទាំង​ពីរ​នោះ បាន​ចាក​ចេញ​រួច​
ហើយ​ក៏​ដោយ ព្រោះ​វា​ជា​កំហុស​តាំង​ពី​ដំបូង​ក្នុង​ការ​បញ្ជូន​អ្នក​ជំនាញ​ទាំង​ពីរ ហើយ ទី២ ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ហានិភ័យ 
ដែល​មើល​ឃើញ​សហគមន៍​អឺរ៉ុប បញ្ជូន​អ្នក​ជំនាញ​ច្រើន​ថែម​ទៀត​ឡើយ»។ ក្នុង​លិខិត​នោះ លោក សម រង្ស៊ី បាន​
សរសេរ​ថា រដ្ឋាភិបាល​មិន​ដែល​ខ្វះ​ជំនួយ​បច្ចេកទេស មតិ​យោបល់​ឬ​អនុសាសន៍​សម្រាប់​ធ្វើ​កំណែ​ទម្រង់​ការ​
បោះឆ្នោត ទេ ប៉ុន្តែ​ខ្វះ​ឆន្ទៈ​នយោបាយ ក្នុង​ការ​អនុវត្ត​នូវ​អនុសាសន៍​ទាំង​នោះ»។
បន្ទាប់​ពី​ការ​បោះឆ្នោត ឆ្នាំ ២០០៨ បេសកកម្ម​អង្កេត​ផ្លូវ​ការ​របស់​សហគមន៍​អឺរ៉ុប បាន​ផ្តល់​នូវ​អនុសាសន៍​ជាច្រើន​
សម្រាប់​ធ្វើ​កំណែ​ទម្រង់​ដែល​ទាំង​អស់​នោះ​ហាក់​ដូចជា​មិន​ត្រូវ​បាន​អនុវត្ត​ដោយ​រដ្ឋាភិបាល​កម្ពុជា​ឡើយ។
លោក រង្ស៊ី បាន​សរសេរ​ថា៖ «តើ​អ្នក​គិត​ថា អ្នក​ជំនាញ​បច្ចេកទេស​សហភាព​អឺរ៉ុប ដែល​កំពុង​ធ្វើ​ការងារ​ជាមួយ 
គ.ជ.ប នឹង​ទទួល​បាន​ជោគជ័យ ក្នុង​ការ​ធ្វើ​ឲ្យ​អាជ្ញាធរ​កម្ពុជា ផ្លាស់​ប្តូរ​គំនិត​ហើយ​អនុវត្ត​អនុសាសន៍​ណា​មួយ ដើម្បី​
ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​ដែល​អាច​ជឿ​ជាក់​បាន​ទេ?»។ លោក​បន្ត​ថា៖ «តាម​ពិត អ្នក​ជំនាញ​បច្ចេកទេស​អឺរ៉ុប​ទាំង​
ពីរ​នាក់​នោះ កំពុង​ផ្តល់​នូវ​សេវា​អាក្រក់​ដល់​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ពីព្រោះ​ពួក​គេ​ជា​ធម្មតា ត្រូវ​បាន​ប្រើ​
ដោយ​របប​កម្ពុជា​ផ្តាច់ការ​ដើម្បី​គាំទ្រ គ.ជ.ប ហើយ​វា​ជា​ផែនការ​បន្ត​មាន​ជានិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​បោក​
ប្រាស់​ការ​បោះឆ្នោត»។
ឯក​អគ្គ​រដ្ឋ​ទូត​សហភាព អឺរ៉ុប លោក Cautain បាន​ថ្លែង​ថា អ្នក​ជំនាញ​ទាំង​ពីរ​នាក់​នោះ បាន​មក​ដល់​កាល​ពី​ពាក់​
កណ្តាល​ខែ កក្កដា និង «កំពុង​មើល​ដំណើរការ​បោះឆ្នោត​ទាំង​មូល»។ លោក​បាន​ថ្លែង​ជា​ដដែល​ថា ពួក​គេ​មិន​មាន​
បេសកម្ម​សង្កេត​ការ​ផ្លូវ​ការ​របស់​សហភាព​អឺរ៉ុប​ទេ ដូច​បាន​ប្រកាស​កាល​មុន​ការ​បោះឆ្នោត​ហើយ​នឹង​មិន​មាន​របាយ​
ការណ៍​ណា​ត្រូវ​ចេញ​ទេ។
អគ្គ​លេខាធិការ គ.ជ.ប លោក ទេព នីថា បាន​បញ្ជាក់​ថា អ្នក​ជំនាញ​សហភាព​អឺរ៉ុប​បាន​ជួប​ជាមួយ គ.ជ.ប ដើម្បី​ផ្តល់​
ការ​គាំទ្រ​បច្ចេកទេស ស្តីពី​ការ​កែ​លម្អ​ការ​បោះឆ្នោត។
ដោយ​ឡែក លោក សម រង្ស៊ី បាន​អះអាង​កាល​ពី​ថ្ងៃ​ពុធ នៅ​ក្នុង​សុន្ទរកថា ទៅ​សមាជិក​បក្ស​ប្រមាណ ១០០០ នាក់​
ក្នុង​ខេត្ត ព្រៃវែង ថា រដ្ឋាភិបាល កំពុង​តែ​អស់​ប្រាក់​ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​ជំនួយ​បរទេស​កាត់​ផ្តាច់ «ខ្សែ​
ជីវិត» របស់​រដ្ឋាភិបាល។ លោក​ថ្លែង​ថា៖ «គណបក្ស​ប្រជាជន​កំពុង​ឈឺ កំពុង​ជិត​ស្លាប់។ យើង​អំពាវនាវ​សុំ​ឲ្យ​
សហគមន៍​អន្តរជាតិ កាត់​ផ្តាច់​ខ្សែ​ជីវិត​នេះ ដើម្បី​ឲ្យ [គណបក្ស​ប្រជាជន​កម្ពុជា] ឆាប់​ស្លាប់»។
អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា លោក សម រង្ស៊ី កំពុង​តែ​កុហក​សាធារណជន​ថា 
រដ្ឋាភិបាល​មិន​ស្ថិត​នៅ​ក្នុង​ជំហ​រឹងមាំ។
លោក​ថ្លែង​ថា៖ «យើង​បាន​កាត់​បន្ថយ​គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ ហើយ​សម្រេច​បាន​នូវ​ភាព​រីក​ចម្រើន​ល្អ នៅ​ក្នុង​
ការ​អភិវឌ្ឍន៍។ នេះ​គ្រាន់​តែ​ជា​ការ​ចោទ​ប្រកាន់​ដែល​និយាយ​ឡើង​ដោយ​អ្នក​កុហក»៕

ប្រភពពី៖ ភ្នំពេញ ប៉ុស្តិ៍

Tuesday, November 12, 2013

នាយករដ្ឋមន្ត្រី​ថៃ នឹង​រៀបចំ​ការចរចា​ជាមួយ​កម្ពុជា លើ​សាលដីកា​របស់​ICJ​

រូបភាពដោយកាសែតបាងកកប៉ុស្តិ៍ថៃ

នាយករដ្ឋមន្ត្រី​ថៃ កាលពី​ថ្ងៃ​ចន្ទ និយាយថា ប្រទេស​ថៃ នឹង​ប្រើ​ការចរចា​ទ្វេភាគី​ជាមួយ​កម្ពុជា ដើម្បី​សម្រេច​ពី​ដំណើរការ​អនុវត្ត​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ)​។​
​ការលើកឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​តុលាការ បាន​សម្រេច​ថា កម្ពុជា មាន​អធិបតេយ្យ ពេញលេញ​លើ​បូរណភាព​ទឹកដីលើ​តំបន់​ពយ​ភ្នំនៃ​ប្រាសាទ​ព្រះវិហារ ដូចដែល​មាន​កំនត់ ក្នុង​កឋាខណ្ឌ ទី​៩៨ នៃ​សាលដីកា​នេះ ហើយ​ជា​បច្ច័យ តុលាការ​ប្រកាសថា រាជាណាចក្រ​ថៃ មាន​កាតព្វកិច្ច​ដកចេញ​ពី​ទឹកដី​នេះ នូវ​គ្រប់​កងកម្លាំងប្រដាប់អាវុធ ឬ​កង​នគរបាល ឬ​ឆ្មាំ​យាម​ផ្សេងទៀត របស់​ថៃ បើ​បោះ​ទីតាំង​នៅក្នុង​ទឹក​ដី​នោះ​។​
​កាសែត​បាងកក​ប៉ុស្តិ៍ រាយការណ៍​ថា មន្ត្រី​ជំនាញ​ថៃ នឹង​ពិភាក្សា​ឲ្យបាន​លម្អិត​ទៅលើ​ការសម្រេច​របស់​សាលា​ដីកា មុន​ពេល​ចរចា​ជាមួយ​កម្ពុជា​។​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ មានប្រសាសន៍ថា ប្រទេស​ថៃ នឹង​ចូល​ការចរចា​ជាមួយ​កម្ពុជា ដើម្បី​បញ្ចប់​ជម្លោះ ដោយ​បញ្ជាក់​ថា ការចរចា នឹងមិន​រំលោភ​រដ្ឋធម្មនុញ្ញ​របស់​ថៃ ដោយ​ឈរ​លើ​ប្រយោជន៍​ជាតិ និង​ស្មារតី​អាស៊ាន​។​លោកស្រី​បន្ត​ថា លោកស្រី ចង់​ឲ្យ​ប្រជាជន​ថៃ​ទាំងអស់ មាន​ជំនឿ​ទៅ​លើ​រដ្ឋាភិបាល ដែល​នឹង​ប្រឹង​ឲ្យអស់​ពី​សមត្ថភាព​ក្នុង​ការការពារ​ផលប្រយោជន៍​ជាតិ​។
​លោកស្រី​យី​ង ឡាក់ បញ្ជាក់ថា តុលាការ​ICJ មិនបាន​សម្រេច​ប្រគល់ភ្នំ​ទ្រព្យ ដែល​ថៃ​ស្គាល់​ថា​ជា Pheu Makhua ទៅ​ឲ្យ​កម្ពុជា​ទេ​។ ភ្នំ​ទ្រព្យ ត្រូវបាន​ភាគី​ថៃ អះអាង​ថា​ស្ថិត​ក្នុង​តំបន់​៤.៦​គីឡូម៉ែត្រ​ក្រឡា​។​
​កាលពី​ថ្ងៃ​ចន្ទ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ការសម្រេច​របស់​តុលាការ ជា​ជំ​ហ៊ាន​ទៅ​មុខ​ដ៏​មាន​សារៈសំខាន់ និង​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៀត នៅ​ក្នុង​ការខិតខំ​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា សំដៅ​ដោះស្រាយ​ដោយ​សន្តិវិធី និង​ផ្អែកលើ​ច្បាប់​អន្តរជាតិ​នូវ​បញ្ហា​វិវាទ​រវាង​កម្ពុជា និង​ថៃ លើ​បញ្ហា​ប្រាសាទ​ព្រះវិហារ និង​តំបន់​ជុំវិញ​ប្រាសាទ​។​
    
​លោក ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​កងកម្លាំង​ប្រដាប់អាវុធ ដែល​កំពុង​បំពេញ​ភារកិច្ច​ការពារ​ព្រំដែន និង​ពលរដ្ឋ​កម្ពុជា​ទាំងអស់ បន្ត​រក្សា​ភាពស្ងប់ស្ងាត់ រក្សា​ការឈរជើង​នៅ​ដដែល ជៀសវាង​ការប៉ះទង្គិច​ដោយ​អាវុធ ហើយ​ទុក​លទ្ធភាព​ជូន​យន្តការ​នៃ​រាជរដ្ឋាភិបាល​ទាំងពីរ បន្ត​ការពិភាក្សា ដើម្បី​ជំរុញ​ការអនុវត្ត​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​។​
    
​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ហោ ណាំហុង លើកឡើងថា តុលាការ​ICJ បាន​សម្រេច​តាម​សំណូមពរ​របស់​កម្ពុជា ច្រើន​បំផុត បើទោះជា​មិនទាន់បាន​១០០​ភាគរយ​ក៏​ដោយ​។ លោក​បន្តថា ទីមួយ តុលាការ បាន​ទទួលស្គាល់​ផែនទី​ឧបសម្ព័ន្ធ​I បារាំង​-​សៀម ១៩០៤ ដែល​កំណត់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​នេះ ជា​ការចង់បាន​របស់​កម្ពុជា ទី​ពីរ តុលាការ ក៏​បាន​ទាត់ចោល​ផែនទី ដែល​គូស​ដោយ​ឯកតោភាគី​របស់​គណៈរដ្ឋមន្ត្រីថៃ កាលពី​ឆ្នាំ​១៩៦២ និង​ទី​បី តុលា​ការ ក៏បាន​សម្រេច​ថា ផ្លូវ​ឡើង​ទៅ​ប្រាសាទ​ព្រះវិហារ ត្រូវ​ធានា​សេរីភាព​នៃ​ការធ្វើដំណើរ​ធម្មតា ដោយ​មិន​មាន​ការហាម​ឃាត់​។​
​លោក ហោ ណាំហុង ឲ្យដឹងទៀតថា វាល​ឥន្ទ្រី​យ៍ និង​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ ដែល​កំពុងតែ​មាន​ជម្លោះ​ជាមួយ​ថៃ​នោះ តុលា ការ ក៏បាន​សម្រេច​ថា​ជា​អធិបតេយ្យ​របស់​កម្ពុជា​ផងដែរ​។
​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ប្រទេស​ហូ​ឡង់ លោក Virachai Plasai មានប្រសាសន៍​ថា​ប្រាប់​អ្នកសារព័ត៌មាន​ថា ភាគី​កម្ពុជា ឈ្នះ​តែ​មួយ​ផ្នែក​តូច​នូវ​ទឹកដី ដែល​មាន​ជម្លោះ​តែប៉ុណ្ណោះ​។ លោក​បញ្ជាក់ថា​៖«​យើង​នៅតែ​បូក​សរុប​ចំនួន​ពិតប្រាកដ​[​ទំហំ​ដី​ដែល​មាន​ជម្លោះ​]»៕

ប្រភពពី៖ VOD

Monday, November 11, 2013

តុលាការ​យុត្តិធម៌​ ទីក្រុង​ឡា​អេ​ប្រកាស​ សាលដីកា​នៅ​ ល្ងាច​ថ្ងៃនេះ​


ICJ

ភ្នំពេញ​៖​ តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡា​អេ​ (ICJ)​ នឹង​ប្រកាស​លទ្ធផល​ នៃ​ការ​បកស្រាយ​ឡើង​វិញ​ នូវ​សាល​ ដីកា​ឆ្នាំ​១៩៦២​ លើ​សំណុំរឿង​ប្រាសាទព្រះវិហារ​របស់​ខ្មែរ​នៅ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ម៉ោង​ ៤​ល្ងាច​ (​ម៉ោង​ កម្ពុជា​)​ ត្រូវ​នឹង​ម៉ោង​ ១០​ព្រឹក​ (​ម៉ោង​នៅ​ទីក្រុង​ឡា​អេ​)​ ។​​នៅ​មុន​ការ​ប្រកាស​លទ្ធផល​នេះ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អំពាវ​ នាវ​ឲ្យ​ប្រជាពលរដ្ឋ​ និង​កងកម្លាំងប្រដាប់អាវុធ​ការពារ​ព្រំដែន​បន្ត​រក្សា​ភាព​ស្ងប់ស្ងាត់​ និង​អត់ធ្មត់​ឲ្យ​បាន​ខ្ពស់​ ដើម្បី​ រក្សា​បាន​នូវ​សន្តិសុខ​ សន្តិភាព​ តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​។​ការ​ថ្លែង​បែប​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​វី​ដេ​អូ​រយៈពេល​ ១១​ និង​៣០​នាទី​ពី​ក្នុង​លំនៅ​ដ្ឋា​ន​ ដែល​ចាក់​ផ្សាយ​ តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ជាតិ​ កាលពី​រាត្រី​ថ្ងៃ​ទី​០៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៣​។​​សម្តេច​ក៏​បាន​លើក​ឡើង​ពី​ប្រវត្តិ​ នៃ​ដំណើរការ​តស៊ូ​មតិ​របស់​កម្ពុជា​ នៅ​លើ​ឆាក​អន្តរជាតិ​ តាម​រយៈ​យន្តការ​តុលា​ ការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡា​អេ​ តាម​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះ​មហា​វីរក្សត្រ​ខ្មែរ​ ព្រះ​បរម​រតន​កោដ្ឋ​ ព្រះបាទ​ សម្តេច​ ព្រះ​នរោត្តម​ សីហ​នុ​ រហូត​តុលាការ​បាន​សម្រេច​ឲ្យ​ខ្មែរ​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​លើ​ ប្រាសាទព្រះវិហារ​ និង​ តំបន់​ជុំវិញ​នៅ​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​១៩៦២​។​​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ថា​ «​ការ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ ស្នើ​សុំ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ បក​ ស្រាយ​សាលដីកា​ឆ្នាំ​១៩៦២​នេះ​ គឺ​មិនមែន​ ដើម្បី​ដុត​បំពក​បន្ថែម​នូវ​ជម្លោះ​ ឬ​ម​ហិ​ច្ឆិ​តា​ដណ្តើម​ទឹកដី​ពី​ប្រទេស​ ជិតខាង​នោះ​ទេ​។​ ផ្ទុយ​ទៅ​វិញ​ រាជរដ្ឋាភិបាល​យល់​ថា​ ចំណាត់ការ​នេះ​ ជា​មធ្យោបាយ​មួយ​ ប្រកបដោយ​ប្រសិទ្ធ​ ភាព​ និង​ចាំបាច់​បំផុត​ ដើម្បី​ភាគី​ទាំង​ពីរ​អាច​ឈាន​ទៅ​បញ្ចប់​បញ្ហា​នេះ​ បាន​ដោយ​សន្តិវិធី​ ក្នុង​ស្មារតី​គោរព​ច្បាប់​ អន្តរជាតិ​ ការ​គោរ​អធិបតេយ្យ​ជាតិ​ បរ​ណ​ភាព​ទឹកដី​ទៅ​វិញ​ទៅ​មក​ និង​រក្សា​ទំនាក់​ទំនងជា​អ្នក​ជិតខាង​ល្អ​»​។​​សម្តេច​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ តែងតែ​ប្រកាន់​ជំហរ​ម៉ឹង​ម៉ាត់​ក្នុង​ការ​ខិតខំ​កសាង​នូវ​ខ្សែ​ បន្ទាត់​ព្រំដែន​មួយ​ច្បាស់លាស់​ និង​ប្រែក្លាយ​តំបន់​ព្រំដែន​កម្ពុជា​ ជាមួយ​ប្រទេស​ជិតខាង​ឲ្យ​ទៅ​ជា​តំបន់​ព្រំដែន​ សន្តិភាព​ មិត្តភាព​ សហប្រតិបត្តិការ​ និង​កា​អភិវឌ្ឍ​។​​ពាក់ព័ន្ធ​លើ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​ ជា​ពិសេស​តំបន់​ប្រាសាទព្រះវិហារ​នេះ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ ថា​ សម្តេច​ និង​លោកស្រី​ យ៉ី​ង​ឡាក់​ ស៊ី​ណា​វា​ត្រា​ នាយក​រដ្ឋមន្ត្រី​ថៃ​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ មាន​ជំហរ​ ស្របគ្នា​ ក្នុង​ការ​រក្សា​សន្តិភាព​តាម​បន្ទាត់​ព្រំដែន​ ទោះបី​សាលក្រម​របស់​ ICJ​ នៅ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ចេញ​មក​ យ៉ាងណា​ក៏​ដោយ​នោះ​។​​សម្តេច​បញ្ជាក់​យ៉ាង​ដូច្នេះ​ «​បើ​ទោះបី​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ខាង​មុខ​នេះ​ ចេញ​មក​បែប​ណា​ក៏​ដោយ​ ក៏​ប្រទេស​ទាំង​ពីរ​ ត្រូវ​តែ​គោរព​តាម​សេចក្តីសម្រេច​នេះ​ ហើយ​ខិតខំ​រក្សា​ ឲ្យ​ខាង​តែ​បាន​នូវ​សន្តិភាព​ ស្ថិរភាព​ នៅ​តាម​បណ្តោយ​ព្រំដែន​»​។​​សម្តេច​នាយក​រដ្ឋមន្ត្រី​ បាន​ទទូច​ដល់​កងកម្លាំងប្រដាប់អាវុធ​ថា​ «​ក្នុង​ន័យ​នេះ​ ខ្ញុំ​ ព្រះករុណា​ខ្ញុំ​ សូម​អំពាវនាវ​ដល់​ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ ដែល​កំពុង​បំពេញភារកិច្ច​ការពារ​ព្រំដែន​ សុំ​រក្សា​ភាព​ស្ងប់ស្ងាត់​ ប្រកាន់​ការ​ អត់ធ្មត់​ និង​ជៀសវាង​សកម្មភាព​ទាំងឡាយ​ណា​ ដែល​អាច​បង្ក​ភាព​តានតឹង​ និង​ប៉ះទង្គិច​គ្នា​ជាយថាហេតុ​»​។​​ជំនួប​រវាង​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ និង​លោកស្រី​ យី​ង​ឡាក់​ នាយក​រដ្ឋមន្ដ្រី​ថៃ​ កាលពី​ថ្ងៃ​ ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១២​កន្លង​មក​ មេដឹកនាំ​រាជរដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ បាន​ឯកភាព​កែសម្រួល​កងទ័ព​នៅ​ តំបន់​គ្មាន​កងទ័ព​បណ្ដោះអាសន្ន​ ក្បែរ​ប្រាសាទព្រះវិហារ​របស់​ខ្មែរ​ ដោយ​គោរព​ទៅ​តាម​សេចក្ដីសម្រេច​របស់​ តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ទីក្រុង​ឡា​អេ​ កាលពី​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១១​។​​ការ​កែសម្រួល​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ដោយ​ស្ម​គ្រ័​ប្រទេស​កម្ពុជា​ និង​ប្រកាស​កែសម្រួល​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១២​ ប៉ុន្ដែ​ខាង​ភាគី​ថៃ​ មិន​ទាន់​បាន​ប្រកាស​នៅឡើយ​ទេ​។​​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​មាន​ ប្រសាសន៍​ប្រាប់​អ្នករាយការណ៍​ព័ត៌មាន​នៅ​សៀមរាប​ថា​ «​យើង​បាន​ឯកភាព​ គ្នា​ធ្វើការ​កែសម្រួល​កងទ័ព​ គ្រាន់តែ​ពេលវេលា​ខុស​គ្នា​ប៉ុណ្ណោះ​ ហើយ​ក៏​ជា​ការ​បង្ហាញ​សុ​ឆន្ទៈ​ល្អ​ទាំងអស់​គ្នា​»​។​​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទកាសែត​នោះ​ថា​ «​កា​រដក​កងទ័ព​ចេញពី​ តំបន់​ដែល​គ្មាន​កងទ័ព​ កំណត់​ដោយ​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ គឺ​បង្ហាញ​ពី​ឆន្ទៈ​របស់​ភាគី​ទាំង​សងខាង​»​។​​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​សង្កត់ធ្ងន់​ ទៀត​ថា​ «​កា​រដក​កងទ័ព​នេះ​ មិន​មាន​ន័យ​ ថា​ ជា​កា​រដក​កងទ័ព​ចេញ​ ពី​ទឹកដី​របស់​ខ្លួន​នោះ​ទេ​ តែ​អនុវត្ដ​ទៅ​តាម​ការ​កំណត់​របស់​ តុលាការ​យុត្ដិធម៌​អន្ដរជាតិ​»​។​​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ថា​ កម្ពុជា​កែសម្រួល​កងទ័ព​ចំនួន​៤៨៥​នាក់​ ដោយ​ជំនួស​វិញ​ នៅ​ភ្នាក់ងារ​ នគរបាល​ ២៥៥​នាក់​ សម្រាប់​រក្សា​សណ្ដាប់ធ្នាប់​នៅ​ តំបន់​គ្មាន​កងទ័ព​បណ្ដោះអាសន្ន​ និង​កម្លាំង​អភិរក្ស​ប្រាសាទ​ ជាង​២០០​នាក់​ ។​​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ទៀត​ថា​ រាជរដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​បើក​ច្រក​ទ្វារ​ ប្រាសាទព្រះវិហារ​ជា​ផ្លូវការ​សម្រាប់​ឱ្យ​ភ្ញៀវ​ជាតិ​ និង​អន្ដរជាតិ​ចូល​ទស្សនា​ប្រាសាទព្រះវិហារ​របស់​ខ្មែរ​ ព្រមទាំង​ បើក​ច្រក​អានសេះ​ ស្រុក​ជាំ​ក្សាន្ដ​ ខេត្ដព្រះវិហារ​ ទល់​នឹង​ខេត្ដ​អ៊ូ​ប៊ុ​ន​ប្រទេស​ថៃ​ជា​ផ្លូវការ​។​​ជាមួយ​គ្នា​នេះ​ មន្ដ្រីជាន់ខ្ពស់​ ដែល​ចូលរួម​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី​ យី​ង​ឡាក់​នោះ​ ក៏​បាន​បញ្ជាក់​ផង​ ដែរ​ថា​ ភាគី​ ថៃ​ នឹង​ធ្វើការ​ដក​កងទ័ព​ផង​ដែរ​ ជាមួយ​ភាគី​កម្ពុជា​ ។​​គួរ​បញ្ជាក់​ថា​ ប្រទេស​ថៃ​ បាន​លើក​កងទ័ព​មក​ឈ្លា​ន​កម្ពុជា​នៅ​តំបន់​ប្រាសាទព្រះវិហារ​ កាលពី​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០០៨​ បន្ទាប់​ពី​ប្រាសាទព្រះវិហារ​របស់​កម្ពុជា​ ត្រូវ​បាន​គណៈកម្មការ​បេ​តិ​ភណ្ឌ​វប្បធម៌​ពិភពលោក​របស់​អង្គ​ ការ​យូ​ណេ​ស្កូ​សម្រេច​ជា​ឯកច្ឆ័ន្ទ​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ ពិភពលោក​កាលពី​ថ្ងៃ​ទី​៧​ ខែកក្កដា​ ឆ្នាំ​២០០៨​ នៅ​ទីក្រុង​កេ​ប៊ិ​ច​ ប្រទេស​កា​ណា​ដា​ នា​សម័យប្រជុំ​លើក​ទី​៣២​ របស់​អង្គការ​វប្បធម៌​ពិភពលោក​មួយ​នេះ​។​​កងទ័ព​របស់​ថៃ​ បាន​ដក​ចេញពី​តំបន់​ក្បែរ​ប្រាសាទព្រះវិហារ​ និង​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ​ កាលពី​ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២០​ ១០​ វេលា​ម៉ោង​ ១០​ព្រឹក​។​ ចាប់តាំងពី​កងទ័ព​ថៃ​ចូលលុក​លុយ​ឈ្លានពាន​តំបន់​ក្បែរ​ប្រាសាទព្រះវិហារ​ និង​វត្ត​ កែវ​សិក្ខា​គិរី​ស្វា​រៈ​របស់​ខ្មែរ​ កងទ័ព​ឈ្លានពាន​របស់​សៀម​ បាន​ប្រកាសសង្គ្រាម​ឈ្លានពាន​ខ្មែរ​ ដោយ​បាន​វាយ​មក​លើ​កងទ័ព​ខ្មែរ​នៅ​ដើមខែ​កុម្ភៈ​ ឆ្នាំ​២០១១​ នៅ​តំបន់​ប្រាសាទព្រះវិហារ​ និង​បាញ់កាំភ្លើង​ផ្លោង​បំផ្លាញ​វត្ត​កែវ​ សិក្ខា​គិរី​ស្វា​រៈ​ និង​នៅ​ចុង​ខែមេសា​ ឆ្នាំ​២០១១​ នៅ​តំបន់​ប្រាសាទ​តា​មាន់​ តា​ក្របី​ ស្រុក​គោក​មន​ ខេត្ត​ឧត្តរ​មាន​ ជ័យ​ បណ្តាល​ឲ្យ​ទាហាន​ខ្មែរ​ស្លាប់​មួយ​ចំនួន​ និង​រង​របួស​ ព្រមទាំង​ជនភៀសសឹក​រាប់​ម៉ឺន​គ្រួសារ​។​ ថ្ងៃ​ទី​២៨​ ខែ​ មេ​សា​ កម្ពុជា​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡា​អេ​ អំពី​សៀម​ប្រកាសសង្គ្រាម​វាយ​ខ្មែរ​ ដោយ​សុំ​ឲ្យ​កងទ័ព​សៀម​ដក​ចេញពី​តំបន់​ប្រាសាទព្រះវិហារ​ និង​ប្តឹង​ឲ្យ​តុលាការ​កំពូល​អន្តរជាតិ​បកស្រាយ​សាលក្រម​តុលាការ​ ក្រុង​ឡា​អេ​ ១៥​ មិថុនា​ ១៩៦២​ ឡើង​វិញ​ផង​ដែរ​។​​នៅ​ថ្ងៃ​ទី​១៥​ មិថុនា​ ឆ្នាំ​១៩៦២​ តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡា​អេ​ បាន​កាត់សេចក្តី​ប្រគល់​ប្រាសាទ​ ព្រះ​វិ​ ហារ​ និង​ដី​នៅ​ម្តុំ​នោះ​ ព្រមទាំង​វត្ថុ​បុរាណ​ ដែល​ថៃ​លួច​ឲ្យ​មក​ខ្មែរ​វិញ​ ព្រមទាំង​បញ្ជា​ឲ្យ​ដក​ទាហាន​ និង​ឆ្មាំ​ ចេញពី​ បរិវេណ​ប្រាសាទព្រះវិហារ​របស់​ខ្មែរ​៕​

ប្រភពពី៖ ABC

Sunday, November 10, 2013

CPP​កំពុង​​ទាក់​ទង​​CNRP ដើម្បី​​កំណត់​​ថ្ងៃ​ចរចា​​ជាថ្មី​​



ប្រធាន​ក្រុម​ការងារ​បច្ចេកទេស​​ច​រ​ចា​​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​(CPP) និង​​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ព្រុំ សុខា ប្រាប់​VOD​នៅ​ព្រឹក​ថ្ងៃ​​ចន្ទ​នេះ​ថា លោក​​កំពុង​ទាក់ទង​ក្រុម​ការងារ​បច្ចេក​ទេស​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) ដើម្បី​កំណត់​ថ្ងៃ​ពិភាក្សា​​ជាថ្មី បន្ត​កិច្ចចរចា​​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​។​
​លោក​បន្តថា លោក​​នឹង​ប្រាប់​ឲ្យដឹង​ច្បាស់​​ពី​ការកំណត់ថ្ងៃ​ជួបចរ​ចា​ជាថ្មី នៅ​ថ្ងៃ​អង្គារ​ស្អែក​។ ចំណែក អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ អះ​អាងថា គណបក្ស​ទាំង​ពីរ មិនទាន់​កំណត់​ថ្ងៃ​ចរចា​នៅ​ឡើយ​ទេ​។ លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហ​រដ​ដែល​​ចំពោះ​ការ​ទាម​ទារ​​របស់​​ខ្លួន ទាំង​បី​​ចំណុច និង​​ការកំណត់​ឱ​សា​វាទ​ចំពោះ​កិច្ចចរចា ត្រឹម​ចុងឆ្នាំ​២០១៣​នេះ​។​
​កាលពី​ថ្ងៃ​ទី ៥ ខែវិច្ឆិកា គណៈប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​​មាន​ម្ខាង​៥​រូប បាន​ជួប​ជជែក​ពិភាក្សា​គ្នា​អស់​ពេល​ជាង​​​៣​ម៉ោង តែ​មិន​មាន​​លទ្ធផល​។
​គណបក្ស​សង្គ្រោះ​ជាតិ​​ លើក​របៀប​វារៈ​៣​ចំណុច ទី​១​ គឺ​​ការទាមទារ​ឲ្យមាន​​ការបង្កើត​គណៈកម្មកា​រ​ឯករាជ្យ​ស៊ើប​អង្កេត​ពី​ភាពមិនប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ទី​២ ការ​ស្នើឲ្យ​ថ្នាក់ដឹកនាំ​ទាំង​៩​រូប​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លាលែង​​តំណែង​។ ចំណុច​ទី​៣ គឺ​ការទាមទារ​ឲ្យមាន​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត ផ្អែក​តាម​អនុសាសន៍​របស់​អ្នករាយការណ៍​​ពិសេស​អង្គការសហប្រជាជាតិ​ស្តីពី សិទ្ធិមនុស្ស​នៅ​កម្ពុជា អង្គការ​ខុមហ្វ្រែល និង​​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការ​អន្តរជាតិ ហៅ​កាត់ NDI​។​
​នៅ​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ពោល​គឺ​មួយ​ថ្ងៃ​ក្រោយ ក្រុម​ការងារ​បច្ចេកទេស​គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ ជួប​ពិភាក្សា​គ្នា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ប្រកាស​ពី​ឱសានវាទ នៃ កិច្ច​ចរចា ត្រឹម​ចុងឆ្នាំ​នេះ ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បដិសេធ​ស៊ើបអង្កេត​ពី​ភាព មិន​ប្រក្រតី​​នៃ​ការបោះឆ្នោត គណបក្ស​លោក​នឹង​ដឹកនាំ​ធ្វើបាតុកម្ម​កាន់តែ​ធំ និង​មាន​រយៈពេល​យូរ​ជាង​មហា​បាតុកម្ម​កន្លងមក​៕

ប្រភពពី៖ VOD

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...