ប្រធានក្រុមការងារបច្ចេកទេសចរចារបស់គណបក្សប្រជាជនកម្ពុជា(CPP) និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ព្រុំ សុខា ប្រាប់VODនៅព្រឹកថ្ងៃចន្ទនេះថា លោកកំពុងទាក់ទងក្រុមការងារបច្ចេកទេសគណបក្សសង្គ្រោះជាតិ(CNRP) ដើម្បីកំណត់ថ្ងៃពិភាក្សាជាថ្មី បន្តកិច្ចចរចាដោះស្រាយវិបត្តិនយោបាយ។
លោកបន្តថា លោកនឹងប្រាប់ឲ្យដឹងច្បាស់ពីការកំណត់ថ្ងៃជួបចរចាជាថ្មី នៅថ្ងៃអង្គារស្អែក។ ចំណែក អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ អះអាងថា គណបក្សទាំងពីរ មិនទាន់កំណត់ថ្ងៃចរចានៅឡើយទេ។ លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរដដែលចំពោះការទាមទាររបស់ខ្លួន ទាំងបីចំណុច និងការកំណត់ឱសាវាទចំពោះកិច្ចចរចា ត្រឹមចុងឆ្នាំ២០១៣នេះ។
កាលពីថ្ងៃទី ៥ ខែវិច្ឆិកា គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលមានម្ខាង៥រូប បានជួបជជែកពិភាក្សាគ្នាអស់ពេលជាង៣ម៉ោង តែមិនមានលទ្ធផល។
គណបក្សសង្គ្រោះជាតិ លើករបៀបវារៈ៣ចំណុច ទី១ គឺការទាមទារឲ្យមានការបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត ទី២ ការស្នើឲ្យថ្នាក់ដឹកនាំទាំង៩រូបនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លាលែងតំណែង។ ចំណុចទី៣ គឺការទាមទារឲ្យមានកំណែទម្រង់ប្រព័ន្ធបោះឆ្នោត ផ្អែកតាមអនុសាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពី សិទ្ធិមនុស្សនៅកម្ពុជា អង្គការខុមហ្វ្រែល និងវិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ ហៅកាត់ NDI។
នៅថ្ងៃទី៦ ខែវិច្ឆិកា ពោលគឺមួយថ្ងៃក្រោយ ក្រុមការងារបច្ចេកទេសគណបក្សឈ្នះឆ្នោតទាំងពីរ ជួបពិភាក្សាគ្នា អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានប្រកាសពីឱសានវាទ នៃ កិច្ចចរចា ត្រឹមចុងឆ្នាំនេះ ប្រសិនបើគណបក្សប្រជាជនកម្ពុជា នៅតែបដិសេធស៊ើបអង្កេតពីភាព មិនប្រក្រតីនៃការបោះឆ្នោត គណបក្សលោកនឹងដឹកនាំធ្វើបាតុកម្មកាន់តែធំ និងមានរយៈពេលយូរជាងមហាបាតុកម្មកន្លងមក៕
ប្រភពពី៖ VOD
No comments:
Post a Comment