តុលាការយុត្តិធម៌អន្តរជាតិ ICJ
នៅទីក្រុងឡាអេ ប្រទេសហូឡង់ បកស្រាយឡើងវិញនៅថ្ងៃចន្ទនេះ
ចំពោះសាលដីកា ឆ្នាំ១៩៦២ ដែលកាត់ក្តីឲ្យកម្ពុជាឈ្នះ
និងបានប្រគល់ប្រាសាទព្រះវិហារ
ដែលកងទ័ពថៃបានដណ្តើមកាន់កាប់ច្រើនឆ្នាំមកនោះ មកកម្ពុជាវិញ។
ក្រោយពីការបកស្រាយរបស់តុលាការ
យុត្តិធម៌អន្តរជាតិ នៅពេលនេះ តើអាចបញ្ចប់ជម្លោះរវាងកម្ពុជា-ថៃ
នៅតំបន់ប្រាសាទព្រះវិហារ
ពិសេសលើចំណុចវិវាទដីទំហំ៤,៦គីឡូម៉ែត្រក្រឡានោះបានឬទេ?
អ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច
គិតថា
ជម្លោះតំបន់ប្រាសាទព្រះវិហារអាចនឹងបញ្ចប់ក្រោយពីតុលាការបកស្រាយ
ឡើងវិញ ចំពោះសាលដីកាឆ្នាំ១៩៦២នោះ ៖ "ខ្ញុំជឿថាចប់
ព្រោះថៃមិនអាចរុញបញ្ហាហ្នឹងទៅណាទៀតទេ ប្រសិនបើជាឡាអេព្រមហើយ
ពីព្រោះថៃក៏ជាសមាជិកនៃអង្គការសហប្រជាជាតិដែរ
អញ្ចឹងថៃត្រូវតែគោរពស្មារតីអន្តរជាតិ
ហើយឡាអេកើតចេញពីប្រទេសអចិន្ត្រៃយ៍ទាំង៥ បានបង្កើត
ថៃនឹងគាំទ្រ ដូចនេះបើថៃជាសមាជិកនៃអង្គការសហប្រជាជាតិ
ទោះបីជាថៃមិនបានចុះសន្ធិសញ្ញានៅក្នុងឡាអេហ្នឹងក៏ដោយ
ក៏ប៉ុន្តែថៃត្រូវតែគោរព
ព្រោះថៃឋិតនៅក្នុងសមាជិកនៃអង្គការសហប្រជាជាតិ"។
ប៉ុន្តែលោក សុខ ទូច លើកឡើងថា
ដើម្បីបញ្ចប់ការបង្ករឿងម្តងទៀតពីភាគីថៃនោះ
កម្ពុជាចាំបាច់ត្រូវតែមានការឯកភាពជាតិ និងមានកងទ័ពរឹងមាំ ៖
"កាលៈទេសៈនេះវាអត់រឹងម៉ាំទេ ប៉ុន្តែរឿងបញ្ហាជាតិវារឹងម៉ាំ
ឬមិនរឹងម៉ាំ យើងត្រូវតែពង្រឹង ពីព្រោះយើង
សេដ្ឋកិច្ចក៏យើងនៅទាបជាងគេ ហើយកម្លាំងទ័ពក៏យើងមិនទាន់នេះដែរ
យើងមានជម្លោះផ្ទៃក្នុងទៀត
ហើយឥឡូវហ្នឹងវាទៅជាជម្លោះផ្ទៃក្នុងទាំងសងខាង"។
លោក បញ្ជាក់ថា
ដីទំហំ៤,៦គីឡូម៉ែត្រក្រឡានៅជុំវិញប្រាសាទព្រះវិហារ
ជាស្វ័យប្រវត្តិ ត្រូវជារបស់កម្ពុជា ដែលជាម្ចាស់ប្រាសាទ។
តុលាការយុត្តិធម៌អន្តរជាតិ ICJ
បានសម្រេចឲ្យកម្ពុជាឈ្នះក្តីលើសំណុំរឿងប្រាសាទព្រះវិហារ
កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ តុលាការកំពូលនេះ បានបញ្ជាឲ្យ
ថៃដកទង់ជាតិ និងកងទ័ពរបស់ខ្លួនចេញពីប្រាសាទព្រះវិហារ
និងបរិវេណជុំវិញប្រាសាទ
ព្រមទាំងប្រគល់វត្ថុបុរាណខ្មែរដែលថៃយកទៅនោះប្រគល់មកកម្ពុជា
វិញ។ តាំងពីពេលនោះមក ជម្លោះត្រូវបានបញ្ចប់ទាំងស្រុង
ប៉ុន្តែកងទ័ពឈុតខ្មៅថៃ
ដែលបានវាយដណ្តើមកាន់កាប់ដីទំហំ៤,៦គីឡូម៉ែត្រក្រឡា
ជុំវិញប្រាសាទព្រះវិហារ គឺមួយសប្តាហ៍ បន្ទាប់ពីកម្ពុជា
បានចុះបញ្ជីប្រាសាទដ៏ចំណាស់នេះ ទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក
នៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០០៨។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រលោក សំបូរ
ម៉ាណ្ណារ៉ា យល់ថា ការបញ្ចប់ជម្លោះក្រោយពីតុលាការបកស្រាយឡើងវិញ
ចំពោះសាលដីកាឆ្នាំ១៩៦២ នៅពេលនេះ អាស្រ័យលើភាគីទាំងសងខាង ៖
"វាទាក់ទងទៅលើការទទួលយក
និងការសម្រេចរបស់ភាគីនៃសាម៉ីទំនាស់ទាំងពីរ
សម្រាប់ប្រទេសកម្ពុជាភាពខ្លាំងរបស់យើងមានស្រេចទៅហើយ
គឺយើងប្រាកដជាទទួលយកពិតប្រាកដនូវអ្វីដែលជាការបកស្រាយហើយ
ប៉ុន្តែចំពោះអតុល្យភាពនៅតាមព្រំប្រទល់ដែន ដែលកើតឡើងនោះ
បើខ្ញុំនិយាយមិនខុសទេ មិនមែនទាក់ទងតែរឿងប្រាសាទព្រះវិហារទេ
គឺវាទាក់ទងជាមួយនឹងអស្ថិរភាពនយោបាយរបស់ប្រទេសក្បែរខាង
និយាយចំគឺប្រទេសថៃតែម្តង"។
ប៉ុន្តែលោកទម្លាក់ការទទួលខុសត្រូវ ទៅលើភាគីថៃ ក្នុងការបញ្ចប់ជម្លោះតាមព្រំដែននេះ ៖
"ចំពោះប្រាសាទព្រះវិហារ វាគ្រាន់តែជាលេសទេ
យើងបានដឹងគ្រប់គ្នាទាំងអស់ហ្នឹង គ្រាន់ជាលេសមិនមែនជារឿងធំ
នាំទៅដល់បញ្ហាជន្ទល់នយោបាយថៃនោះទេ
តែវាជាលេសមួយដើម្បីគេបង្កើតប្រតិកម្ម
ប្រឈមគ្នារវាងអ្នកនយោបាយថៃតែប៉ុណ្ណឹង អញ្ចឹងខ្ញុំយល់ឃើញថា
គេមិនអាចមានស្ថិរភាពបានល្អទេ
កាលណាអ្នកដឹកនាំទាំងសងខាងរបស់គេទាំងនោះ
មិនបានយកចិត្តទុកដាក់គិតអំពីផលប្រយោជន៍របស់ខ្លួនគេ ជាតិរបស់គេ
ហើយនិងផលប្រយោជន៍របស់ការបង្ហាញអំពីអរិយធម៌ប្រទេសរបស់គេ"។
បើតាមលោក សំបូរ ម៉ាណ្ណារ៉ា
ដើម្បីកុំឲ្យថៃយកលេសរឿងជម្លោះផ្ទៃក្នុងខ្លួនឯង
ជះកំហឹងដាក់កម្ពុជាទៀតនោះ កម្ពុជាត្រូវបន្តស្វែងរកការគាំទ្រ
ពីបារាំង អាមេរិក និងជប៉ុន ដែលមានឥទ្ធិពលលើប្រទេសថៃ ដែលបាន
ទទួលស្គាល់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស
អំពីបូរណភាពទឹកដីប្រទេសជិតខាង។ ក្រៅពីនោះ
ប្រទេសជាសមាជិកអាស៊ានក៏ជាសាក្សីក្នុងរឿងក្តីនេះដែរ។
អ្នកវិភាគព្រឹត្តិការណ៍សង្គម លោក អ៊ូ
វីរៈ បានវិភាគថា
នៅពេលដែលកម្ពុជាឈ្នះក្តីលើការបកស្រាយសាលដីកាម្តងទៀតនេះ
នឹងមានការតានតឹងផ្នែកយោធារយៈពេលពី៥ទៅ១០ឆ្នាំទៀត
ដោយសារថៃមិនទាន់សុខចិត្ត ៖ "អញ្ចឹងបើសិនជាកម្ពុជាឈ្នះ
កម្ពុជាត្រូវតែត្រៀមខ្លួនដើម្បីការពារតំបន់ហ្នឹង
ឲ្យបានរយៈពេល៥ឆ្នាំ ទៅ១០ឆ្នាំ ត្រៀមទ័ព ឬមួយត្រៀមខ្លួន
តាំងពីកម្លាំងយោធា តាំងពីកម្លាំងការទូតអន្តរជាតិ
ខ្ញុំមើលទៅប្រទេសកម្ពុជា
ពឹងផ្អែកទៅលើការទូតអន្តរជាតិខ្លាំងជាការត្រៀមទាហាន"។
ទោះជាយ៉ាងណា ក្រុមអ្នកវិភាគ អះអាងថា
ការផ្ទុះសង្គ្រាមក្រោយពីតុលាការចេញសម្រេចឡើងវិញនេះ
មិនមានលក្ខណៈធ្ងន់ធ្ងរទៀតទេ
ព្រោះទាំងភាគីថៃនិងកម្ពុជាសុទ្ធតែទទួលតុលាការរបស់ពិភពលោកមួយនេះ
៕
ប្រភពពី៖ VOD
No comments:
Post a Comment