Sunday, November 10, 2013

ខេត្ត​ប៉ៃលិន​គួរ​តែ​ក្លាយ​ជា​សារមន្ទីរ​ធំ​មួយ​សម្រាប់​អ្នក​ទេសចរ​

ខេត្តប៉ៃលិនអតីត​ តំបន់​​ផ្តាច់​​ខ្លួន​​ចុង​ក្រោយ​​របស់​​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​​។
ខេត្តប៉ៃលិនអតីត​ តំបន់​​ផ្តាច់​​ខ្លួន​​ចុង​ក្រោយ​​របស់​​មេ​ដឹក​នាំ​ខ្មែរក្រហម​​។

ខេត្ត​ប៉ៃលិន​របស់​កម្ពុជាធ្លាប់​​ត្រូវ​ស្គាល់​ថា ជា​ជំរក​នៃ​ធនធាន​រ៉ែ​ត្បូង​មាន​តម្លៃ បន្ទាប់​មក​ក៏​ត្រូ​វ​បាន​ស្គាល់​ថា តំបន់​រស់នៅ​របស់​ក្រុម​មេដឹកនាំ​ខ្មែរ​ក្រហម​ផង​ដែរ។ នៅ​ក្នុង​វិស័យ​ចំរៀង​វិញ អ្នកចំរៀង​ពី ទស្សវត្សរ​៦០ និង​៧០​​ក៏​បាន​និយាយ​រៀបរាប់​ច្រើន​ពី​ភូមិសាស្ត្រ​នៃ​ខេត្តនេះ​ទៀត។ នៅ​ពេល​នេះ ថ្វី​ដ្បិត​វា​គ្មាន​ទៀត​ឡើយ​រ៉ែ​ត្បូង គ្មាន​ទៀត​ឡើយ​តំបន់​ខ្មែរ​ក្រហម ប៉ុន្តែ​គេ​គួរ​តែ​បង្កើត​អោយ​មាន​សារៈមន្ទីរ​មួយ​ដែល​បង្ហាញ​អំពី​ជីវិត​អ្នក​រកស៊ី​រាវ​ត្បូង ទីតាំង​ប្រវត្តិសាស្ត្រ​សំខាន់​របស់​មេដឹកនាំ​ខ្មែរក្រហម​ជា​ដើម ដើម្បី​កូន​ខ្មែរ​ជំនាន់​ក្រោយ និង​ទេសចរ​បរទេស​បាន​ស្គាល់។ បើ​ធ្វើ​យ៉ាង​​ដូច្នេះ​បាន​ វា​ក៏​ជា​ការ​បង្កើត​គោល​ដៅ​ទេសចរណ៍​ថ្មី​មួយ​ទៀត​ នៅ​ក្នុង​តំបន់​ពាយ័ព្យ​ប្រទេស​ផងដែរ។​

ប្រជាពលរដ្ឋ​ខ្មែរ​វ័យ​ចំណាស់​បាន​ស្គាល់​ប៉ៃលិន​ថា ជា​ខេត្ត​នៃ​រ៉ែ​ត្បូង​​របស់​កម្ពុជា តាំ​ង​ពី​យូរ​លង់​ណាស់​មក​ហើយ។ ក្រោយ​មក​ ក្រោយ​ពី​​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម ប៉ៃលិន​ ក៏​ដូ​ច​ជា​តំបន់​នៅ​តាម​ព្រំដែន​ថៃ​ជាច្រើន​ទៀត​ដែរ ស្ថិត​នៅ​ក្រោម​ការ​កាន់កាប់​របស់​រដ្ឋបាល​ខ្មែរ​ក្រហម​​ដដែល។ ក្រោយ​ការ​ធ្វើ​សមាហរណ​កម្ម​នៃ​មេដឹកនាំ​ជាន់ខ្ពស់​ក្រុម​ខ្មែរ​ក្រហម​នៅ​ក្នុង​ឆ្នាំ​១៩៩៦ ប៉ៃលិន ដែល​ត្រូវបាន​គេ​និយាយ​ថា លែង​សម្បូរណ៍​ធនធាន​រ៉ែ​ត្បូង​ទៀត​ហើយ​នោះ ក៏​ចាប់​ផ្តើម​ទទួល​អ្នកចំណូល​ថ្មី​ ពី​ខេត្ត​ផ្សេងៗ ពួកគេ​ក៏​ចាប់​ផ្តើម​ធ្វើ​កសិកម្ម និង​ធ្វើ​ជំនួញ​ផ្សេងៗ​យ៉ាង​មមាញឹក។

បច្ចុប្បន្ន​នេះ បើទោះជា​មាន​រមណីយដ្ឋាន​ទេសចរណ៍​ល្បីខ្លះៗ​ ដូចជា​វត្ត​ភ្នំយ៉ាត ទេសភាព​ព្រៃ​ភ្នំ និង​ទឹក​ធ្លាក់នោះក៏ដោយ ប៉ៃលិន​ត្រូវបាន​គេ​ស្គាល់​ថា ជា​តំបន់​កសិកម្ម​ទៅវិញ ជាជាង​​ទឹកដី​ត្បូង​ពេជ្រ និង​តំបន់​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម។ ក្នុង​ន័យ​នេះ កូន​ខ្មែរ​ជំនាន់​ក្រោយ​ អាច​នឹង​មិន​ស្គាល់​ឡើយ ប្រវត្តិ​នៃ​ទឹក​ដី​ប៉ៃលិន​ដ៏​មានសារៈសំខាន់​ ដែល​ជាប់​នឹង​ព្រំដែន​ថៃនោះ​។

តាមពិត ប្រសិន​បើ​គេ​ពិចារណា​ បំលែង​ ឬ​ច្នៃ​ប្រឌិត​ក្រុង​ប៉ៃលិន​អោយ​ទៅ​ជាសារៈមន្ទីរ​​​មួយ​នោះ ប៉ៃលិន​នឹង​មាន​សក្តានុពល​កាន់​តែ​ខ្លាំង​ផ្នែក​ទេសចរណ៍​បន្ថែមនៅ​ក្នុង​តំបន់​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា។ វា​ក៏​ក្លាយទៅ​ខ្សែ​​​នៃ​តំបន់​ទេសចរណ៍​ដែល​ភ្ជាប់​ពីខេត្ត​បាត់​ដំបង ទៅ​ប៉ៃលិននិង​តំបន់​ព្រំដែន​ថៃ​ដែរ។ សូមកុំភ្លេច​ថា មាន​តំបន់​រមណី​យដ្ឋាន​ទេសចរណ៍​ជាច្រើនរួច​ហើយ ​ដែល​ស្ថិត​នៅ​ចម្លោះ​ខេត្ត​បាត់​ដំបង និង​ខេត្ត​ប៉ៃលិន លើ​អតីត​ផ្លូវជាតិ​លេខ​១០ ឬ​ផ្លូវ​ជាតិ​លេខ​៥៧​បច្ចុប្បន្ន​។ រមណីយដ្ឋាន​ទាំង​នោះ​រួមមាន ភ្នំ​សំពៅ អាង​ទំនប់ទឹក​កំពីងគំពួយ ជ្រោះ​ពេជ្យ​ចិន្តា រមណី​យដ្ឋាន​សេកសកជាដើម។

តើគេ​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ធ្វើ​អោយ​ប៉ៃលិន​ក្លាយ​ជា​សារៈមន្ទីរ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ?
ទីមួយ។ និយាយ​អំពីទឹក​ដី​រ៉ែ​ត្បូង​ក្រោម​ដី​មាន​តម្លៃ។ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ជា​ពិសេស​ពលរដ្ឋ​ខ្មែរ​តែ​ម្តង ដឹង​ និង​ស្គាល់​អំពី​ខ្សែ​សង្វាក់​នៃ​ជីករក​ត្បូង រែង​ត្បូង ច្នៃ​ត្បូង? តើ​គេ​ធ្វើ​ជាមួយ​នឹង​ឧបករណ៍​អ្វី​ខ្លះ? ប្រសិន​បើ​ មាន​មតិ​ខ្លះ​និយាយថា ប៉ៃលិន​អស់​ធនធាន​រ៉ែ​​ត្បូង​មាន​តម្លៃ​ហើយនោះ គឹ​គេ​រឹត​តែ​ត្រូវ​រៀបចំ​ដាក់​បង្ហាញ​អំពី​ជីវភាព និង​សកម្មភាព​របស់​ប្រជាជន​នៃ​ខេត្ត​ប៉ៃលិន​ពី​អតីត​កាល​នោះ​ទៅទៀត ដើម្បី​រក្សា​កេរដំណែល និង​ប្រវត្តិ​សាស្ត្រ​​មួយ​របស់​ខេត្ត​នេះ។ នៅ​ពេល​ដែល​វាក្លាយ​ទៅ​ជា​សារៈមន្ទីរ​នោះហើយ ដែល​ប៉ៃលិន​នៅ​តែ​មាន​ឈ្មោះ​ថា ជា​ខេត្ត​នៃ​ទឹក​ដី​ត្បូង​ពេជ្រ​របស់​កម្ពុជា។ ឆ្លៀត​ពេល​ដែល​នៅ​មាន​ប្រជាជន​ចាស់​ដែលនៅ​បន្ត​រស់នៅក្នុងលើ​ទឹក​ដី​ប៉ៃលិន​នោះ​ហើយ ដែល​គេ​ត្រូវ​រៀបចំ​អោយ​ពួកគេ​ទាំងនោះ ជា​អ្នក​បង្ហាញ​នៅ​លើ​ទីតាំ​ងជាក់ស្តែងខ្សែ​សង្វាក់​នៃ​ការ​រាវ​រក​ត្បូង។ នេះ​ក៏​ជា​ផ្តល់​ការងារ​ដល់​ប្រជាជន​នៅ​ប៉ៃលិន​ដែរ។

ទី២។ ដោយសារ​តែ​ប៉ៃលិន ក៏​ធ្លាប់​ជា​មូលដ្ឋាន​ទ័ព និង​រដ្ឋបាល​របស់​ក្រុម​ខ្មែរ​ក្រហម ហេតុអ្វី​បាន​ជា​គេ​ មិន​រៀបចំ​ទីតាំង​សំខាន់ៗ​មួយ​ចំនួន ដូចជា​កន្លែងរស់នៅ​ កន្លែង​ធ្វើការ​របស់​មេដឹកនាំ​ខ្មែរ​ក្រហម អោយ​ទៅ​ជា​ទីតាំង​ទេសចរណ៍​ប្រវត្តិសាស្ត្រ ដូច​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​នៅ​ក្នុង​ស្រុក​អន្លង់វែង​​ខេត្ត​ឧត្តរមាន​ជ័យ​? អាច​មាន​មតិ​ដែល​រិះគន់​ថា ការ​រៀបចំ​ធ្វើ​អោយ​មាន​តំបន់ទេសចរណ៍​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​អតីត​ក្រុម​ខ្មែរ​ក្រហម វា​នឹង​ប៉ះពាល់​ដល់​គំនិត​នៃ​ការ​បង្រួប​បង្រួម និង​ធ្វើ​សមាហរណ​កម្ម​នៃ​ប្រជាជាតិ​ខ្មែរ​តែ​មួយ ប៉ុន្តែ​មិន​អាច​ព្រោះ​តែ​គំនិត​នៃ​សមាហរណកម្ម​នេះ គេ​ត្រូវ​បំភ្លេច​ប្រវត្តិសាស្ត្រ​មួយ​នោះឡើយ។

ផ្ទុយ​ទៅវិញ ដូចនៅ​ក្នុងប្រទេស​នានា​ក្នុង​ពិភព​លោក​ដែរ ទីតាំង​ប្រវត្តិសាស្ត្រ​បែប​នេះ វា​បាន​ក្លាយទៅ​ជា​តំបន់ទេសចរណ៍​ដែល​រក​ចំណូល​អោយ​ប្រទេស​ជាតិ វា​បាន​បង្កើត​ការងារ​អោយ​ប្រជាពលរដ្ឋ ហើយ​វា​ក៏​ក្លាយ​ទៅ​ជា​ថ្នាក់រៀន​ប្រវត្តិ​សាស្ត្រ​សម្រាប់​អ្នកសិក្សា​ជាតិ​ និង​អន្តរជាតិ​ដែរ។

ចំនុច​ទី​៣​ ដែលគេអាច​រៀបចំ​ធ្វើ​ដែរនោះ គឺ​ការ​បង្ហាញ​ឈ្មោះ​ទី​តាំង​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​បទ​ចំរៀង​ជាច្រើន​បទ​របស់​អ្នកចំរៀង​សម័យ​ដើម។ ពលរដ្ឋ​ខ្មែរ​​ភាគច្រើន​លើសលប់​ដែល​នៅ​បន្ត​ស្តាប់​បទ​ចម្រៀង​សម័យ​ដើម ដោយភាព​មោទន និង​ភាព​ស្ញប់ស្ញែង​នោះ នៅ​តែច​ង់​ស្គាល់​ទីតាំង​ដែល​អ្នកចំរៀង​បាន​ច្រៀង​រៀបរាប់​នៅ​ក្នុង​បទ​ចម្រៀង។

ទាំងនេះ​គឺ​ជា​គំនិត​នៃ​ការ​អភិរក្ស​ប្រវត្តិ​សាស្ត្រ​របស់​កម្ពុជា។ ជា​ការ​ពិត ប្រសិន​បើ​គេ​ត្រូវ​រៀបចំ​ការដ្ឋាន​ទាំងនេះ​មែន របៀបធ្វើ​យ៉ាង​ណា​នោះ វា​ជា​រឿង​មួយ​ទៀត ដែល​គេ​ការ​សិក្សា និង​រៀប​ចំ​ផែនការ។

ហើយ​ប្រសិន​បើ​គេ​អាច​ធ្វើ​បាន​មែន​នោះ ប៉ៃលិន​អាច​នឹង​ក្លាយ​ទៅ​ជា​ទីតាំង​ដ៏​ល្បី​រន្ទឺ​មួយ​ថែមទៀត​ផ្នែក​វប្បធម៌ និង​ប្រវត្តិសាស្ត្រ ថែម​ពី​លើ​សក្តានុពលសេដ្ឋកិច្ច​ផ្នែក​កសិកម្ម​ដែល​ខេត្ត​កំពុង​មាន​ស្រាប់ហើយ​នោះ។ ហើយ​មិន​ខុសឡើយថា វា​ក៏​ជា​ការ​ធ្វើ​ពិពិធកម្ម​គោលដៅ​ទេសចរណ៍​ ដែល​ក្រសួង​ទេសចរណ៍​​កំពុង​អនុវត្ត​ន៍​ផងដែរ។

ជា​ការ​ពិត​ណាស់ ប្រសិន​បើ​វា​ក្លាយទៅជា​តំបន់ទេសចរណ៍​ហើយនោះ វា​ក៏​ផ្តល់​ចំណូល​ដល់​ពលរដ្ឋ​ខ្មែរ​ថែមទៀត​ដែរ តាម​រយៈការទទួល​បាន​ការងារ​ថ្មី និង​មុខរបរ​អាជីវកម្ម​ដែល​ទាក់ទងនឹង​វិស័យ​ទេសចរណ៍​នេះ៕

ប្រភពពី៖ ខេមរភាសា

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...