Sunday, November 10, 2013

MFI នឹង​ផ្តល់​ការ​អនុគ្រោះ​កូនបំណុល

131111_11
ទិដ្ឋភាពទឹក​ជំនន់​នៅខេត្តបាត់ដំបង​កាល​ពីខែមុន។ គ្រោះទឹកជំនន់​ឆ្នាំនេះ​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​ខូចខាត​ជាង​ ១ពាន់លានដុល្លារ។ រូបថត ម៉ៃ វីរៈ

ភ្នំពេញៈ ​តំណាង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ (MFI) ​ឲ្យ​ដឹង​កាលពី ថ្ងៃ​ម្សិលមិញ​ថា​ ចំនួន​អ្នក​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​ទឹកជំនន់​ដែល​ពិបាក​ក្នុង​ការ​សង​ ប្រាក់​ត្រឡប់​មក​វិញ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ហើយ​អ្នក​ទាំង​នោះ​នឹង​ទទួល​បាន​ការ​យោគយល់​។
ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ ពី​ក្តីបារម្ភ​ទាក់ទង​នឹង​លទ្ធភាព​សង​បំណុល​របស់​កសិករ​ដែល​បាន​រង​ការ​ ប៉ះពាល់​ដោយ​ទឹកជំនន់ ​ហើយ​ស្នើឲ្យ​ស្ថាប័ន​ផ្តល់​កម្ចី​ពន្យារពេល​សង​បំណុល​ និង​ផ្តល់ ​ការ​អនុគ្រោះ​ផ្សេងៗ​ដើម្បី​ចៀសវាង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ ប្រជាពលរដ្ឋ​។
លោក ​ជា ​ផល្លារិន ​អគ្គនា​យក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ អម្រឹត ដែល​ជា​គ្រឹះស្ថាន​ធំ​លំដាប់​ទី​ពីរ​នៅ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ស្ថាប័ន​របស់​លោក​បាន​រាយការណ៍​ពី​ចំនួន​អតិថិជន​ដែល​ប្រឈម​នឹង​ការ​ពិបាក​ សង​កម្ចី​ទៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា​រួច​ហើយ​។ ​ចំនួន​អតិថិជន​ដែល​ប៉ះពាល់​ជាក់ស្តែង​មិន​មាន​ច្រើន​ទេ​។​
លោក​ថ្លែង​ថា​៖ «​យើង​បាន​ពិចារណា​លើ​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​ ហើយ​យើង​វាយ​តម្លៃ​លទ្ធភាព​សង​បំណុល​របស់​អតិថិជន​ដោយ​ផ្អែកលើ​ស្ថានភាព​ ជាក់ស្តែង​។ យើង​ត្រូវ​តែ​ដឹង​ពី​ស្ថានភាព​ជាក់ស្តែង​ឲ្យ​បាន​ច្បាស់​ បើ​មិន​ដូច្នេះ​វា​អាច​ប៉ះពាល់​ដល់​និរន្តរភាព​របស់​ឧស្សាហកម្ម​នេះ​»។ លោក​បន្ត​ថា ប្រតិបត្តិករ​ហិរញ្ញវត្ថុ​ត្រូវ​តែ​ចៀសវាង​ករណី​បំភាន់​ណា​មួយ​ដែល​អតិថិជន​ ខ្លះ​អាច​ផ្តេកផ្តួល​ទៅ​តាម​ការ​អំពាវនាវ​ របស់​រដ្ឋាភិបាល​ បើ​ទោះ​បី​ជា​ពួកគេ​មិន​បាន​រង​ការ​ប៉ះពាល់​ ឬ​ រងគ្រោះ​ធ្ងន់ធ្ងរ​ក៏​ដោយ​។
នាយករដ្ឋមន្ត្រី​ ហ៊ុន ​សែន ​កាលពី​ថ្ងៃ​សុក្រ​បាន​អំពាវនាវ​ដល់​គ្រឹះ​ហិរញ្ញវត្ថុ​ រួម​មាន​ ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​អ្នក​ចងការ​តាម​ភូមិ​ឲ្យ​ផ្តល់​ការ​អនុគ្រោះ​នានា​ដល់​កូន​បំណុល ​ដែល​បាន​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​ទឹកជំនន់​នៅ​ឆ្នាំ​ ២០១៣​នេះ​ និង​អំពាវនាវ​ឲ្យ​ចៀសវាង​ការ​បង្ខំ​ណា​មួយ​ទាក់ទង​ទៅ​នឹង​សង​បំណុល​។
លោក​បាន​ស្នើឲ្យ​ម្ចាស់​បំណុល​ផ្តល់​ការ​អនុគ្រោះ​លើ​បី​ចំណុច​សំខាន់​ៗ​ ដល់​កូន​បំណុល​រួម​មាន​ការ​ពន្យារពេល​ក្នុង​ការ​សង​កម្ចី​ដោយ​មិន​មាន​ការ​ ផាក​ពិន័យ ការ​មិន​យក​ការប្រាក់​ ឬ​បន្ធូរបន្ថយ​ការប្រាក់​ទាប​ដល់​អតិថិជន​ និង​ការ​ផ្តល់​កម្ចី​ បន្ថែម​ដើម្បី​ឲ្យ​ប្រជាជន​ដែល​រងគ្រោះ​មាន​លទ្ធភាព​វិនិយោគ​ដើម្បី​ ស្តារ​ជីវភាព​ឡើង​វិញ​។ ​លោក​ថ្លែង​ថា​៖ «​ខ្ញុំ​អំពាវនាវ​សម្រាប់​តែ​ប្រជាពលរដ្ឋ​ ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​ហើយ​ដែល​បាន​រកស៊ី​ដោយ​សុចរិត​ទេ​ ខ្ញុំ​មិន​បាន​អំពាវនាវ​សម្រាប់​អ្នក​ដែល​ខ្ចី​ប្រាក់​គេ​យក​ទៅ​លេង​ល្បែង ​នោះ​ឡើយ​»។
របាយការណ៍​ពី​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ នៅ​កម្ពុជា ​ចេញ​ផ្សាយ​កាលពី​ចុង​សប្តាហ៍​មុន​បង្ហាញ​ថា ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សរុប​៣៥ បាន​ផ្តល់​កម្ចី​ជិត​១,២​ពាន់​លាន​ដុល្លារ​ទៅ​អតិថិជន​គិត​ត្រឹម​ដំណាច់​ខែ​ កញ្ញា​ គឺ​កើនឡើង​ពី​ជិត​១,១ ពាន់​លាន​ដុល្លារ​កាលពី​ដំណាច់​ខែ​មិថុនា។
លោក​ ប៊ុន មុនី​ ប្រធាន​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ជា​នាយកប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា​បញ្ជាក់​ ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍ កាលពី​សប្តាហ៍​មុន​ថា ក្នុង​ចំណោម​ប្រាក់​កម្ចី​សរុប​ក្នុង​ឧស្សាហកម្ម​នេះ មាន​កម្ចី​ប្រមាណ​ ៣០ ភាគរយ​បាន​ផ្តល់​ទៅ​វិស័យ​កសិកម្ម​ ហើយ​ក្នុង​នោះ​ការ​ផ្តល់​ទៅ​លើ​ការ​ដាំដុះ​ស្រូវ​មាន​តិចតួច​នៅ​ឡើយ​។ លោក​អះអាង​ថា ក្នុង​ចំណោម​អតិថិជន​សរុប​៧៦ ០០០ គ្រួសារ​ដែល​ទទួល​កម្ចី​ពី​ស្ថាបនា មាន​អតិថិជន​៤៥ គ្រួសារ​រង​ផលប៉ះពាល់​ ហើយ​គ្រឹះស្ថាន​របស់​លោក​នឹង​ផ្តល់​ការ​អនុគ្រោះ​នានា​ស្រប​តាម​ស្ថានភាព​ ជាក់ស្តែង។
លោក ស៊ឹម​ សេនាជាតិ ​នាយក​គ្រប់គ្រង​ទូទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​បាន​ឲ្យ ​ដឹង​ថា ​គ្រឹះស្ថាន​លោក​បាន​កត់​ចំណាំ​អតិថិជន​ជាង​៣០០​នាក់​ក្នុង​ចំណោម​ ១៨០ ០០០​នាក់ ដែល​លទ្ធភាព​សង​បំណុល​របស់​ពួកគេ​រង​ការ​ប៉ះពាល់​ដោយសារ​ទឹកជំនន់។ លោក​ថ្លែង​ថា​៖ «​វា​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ហើយ​វា​មិនមែន​ជា​ការ​បារម្ភ​ធ្ងន់ធ្ងរ​ឡើយ​»៕


No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...