បាតុករបន្តធ្វើបាតុកម្មប្រឆាំងនិងរដ្ឋាភិបាល ដោយទាមទារឲ្យ លោកស្រី យីងឡាក់ ចុះចេញពីតំណែង (រូបភាពពី bangkokpost) |
ស្ថានការណ៍បះបោរនយោបាយនៅរាជាណាចក្រថៃ គិតមកដល់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆកានេះ កាន់តែមានកម្តៅកាន់តែខ្លាំងឡើង ខណៈបាតុករបានឡោមព័ន្ធ ស្ថាប័នរដ្ឋយ៉ាងតិចជាង១០ កាលពីថ្ងៃពុធ ហើយស្របពេលនេះ បាតុករដាក់កំហិតរំលាយរដ្ឋសភា និងត្រូវបង្កើត វេទិកាសភាប្រជាជនជាបន្ទាន់ ប្រយោជន៍ជួយស្ដារស្ថានការណ៍ឡើងវិញ។
តាមសេចក្ដីរាយការណ៍ របស់កាសែតបាងកកប៉ុស្តិ៍ យ៉ាងតិចណាស់មានសហជីពធំចំនួន៤៣ ប្រកាសចូលរួមបាតុកម្ម របស់ក្រុមប្រឆាំងរដ្ឋាភិបាល នៅថ្ងៃសៅរ៍ និងអាទិត្យ ចុងសប្ដាហ៍នេះ ដែលអ្នកតាមដាន ព្រមានថា នឹងធ្វើឲ្យស្ថានការណ៍ កាន់តែផុយស្រួយថែមទៀត ដែលចាំបាច់ត្រូវមានការសម្របសម្រួលនយោបាយ ហើយត្រូវបានរំលាយសភាជាបន្ទាន់។
លោក Wutthisarn Tanchai អ្នកវិភាគនយោបាយម្នាក់ មកពីវិទ្យាស្ថានរាជា Prajadhipok បានពិនិត្យឃើញថា ការំលាយសភា និងការសម្របសម្រួល នយោបាយ គឺជាជម្រើសល្អបំផុត ដើម្បីបន្ធូរបន្ថយកម្តៅនយោបាយ ហើយត្រូវអនុវត្តការកែទម្រង់ជាបន្ទាន់។ លោកបានគាំទ្រការអំពាវនាវឲ្យបញ្ចប់បាតុកម្មដោយសន្តិវិធី តាមរយៈការបង្កើតវេទិកាសភាប្រជាជន ដែលដាក់ចុះដោយក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ដែលដឹកនាំដោយអតីតរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃលោក សូទេព ថុងសូបាន។
លោក Pairote Polpet សមាជិកនៃគណៈកម្មាការកែទម្រង់ច្បាប់ប្រទេសថៃ និយាយថា ទំនងបាតុករនឹងមិនងាយបញ្ចប់ ការតវ៉ាបានភ្លាមៗទេ ប្រសិនបើសភាមិនត្រូវបានរំលាយ។ លោកបន្តថា ក្រោយសភារំលាយ ត្រូវកំណត់ពេលវេលាបោះឆ្នោតជាបន្ទាន់ ជាមួយនឹងការកំណត់គោលនយោបាយថ្នាក់ជាតិសំខាន់ ដើម្បីធ្វើការកែទម្រង់នូវអ្វី ដែលហៅថាជាចំណុចអវិជ្ជមាននៃសង្គម និងការផ្សះផ្សាជាតិ។ យ៉ាងនេះក្ដី មេដឹកនាំបាតុករ គឺ លោក សូទេពធុងសូ បានព្រមានថា ការចរចានយោបាយអាចធ្វើបានលុះត្រាតែរដ្ឋាភិបាល លោកស្រី យីងឡាក់ ត្រូវរំលំជាមុនសិន។
ដើមចមដែលបណ្ដាលឲ្យមានបាតុករប្រឆាំងរដ្ឋាភិបាលថៃ នៅទីក្រុងបាងកកផ្ទុះឡើង គឺមានកត្តាច្រើនយ៉ាង ទីមួយ ក្រុមប្រឆាំងមានបំណងចង់ផ្ដួលរលំរដ្ឋាភិបាលលោកស្រី យីងឡាក់ ទីពីរក្រុម ប្រឆាំងចោទថា លោកស្រី យីងឡាក់ មានមហិច្ឆតាចង់នាំបងប្រុសរបស់ខ្លួន គឺលោក ថាក់ស៊ីន មកកាន់អំណាចវិញ តាមរយៈការធ្វើសេចក្ដីព្រាងច្បាប់លើកលែងទោសជាសាកល ដែលនាំឲ្យក្រុមបក្សប្រឆាំងបានធ្វើពហិកាប្រជុំសភា។ ទីបី គឺក្រុមប្រឆាំងចោទថា លោកស្រី យីងឡាក់ មិនស្មោះត្រង់និងប្រទេសជាតិ ដែលបណ្ដោយឲ្យទឹកដីរបស់ថៃ នៅតំបន់ប្រាសាទព្រះវិហារ បានធ្លាក់ទៅលើប្រទេសកម្ពុជាជាថ្មីម្ដងទៀត តាមរយៈការបកស្រាយសាលដីកាឆ្នាំ១៩៦២ ករណីប្រាសាទព្រះវិហារ និងទីបួន ចោទលោកស្រី យីងឡាក់ និងគណៈរដ្ឋមន្ដ្រីរបស់លោកស្រី ប្រព្រឹត្តអំពើពុករលួយក្នុងគម្រោងទិញអង្កររបស់កសិករថៃ៕
ប្រភពពី៖ VOD
No comments:
Post a Comment