Wednesday, October 23, 2013

ពលរដ្ឋ​មកពី​តាម​ខេត្ត​បិទផ្លូវ បន្ទាប់​ពី​ខឹង​សមត្ថកិច្ច​ស្ទាក់​រថយន្ត​មិនឲ្យ​ចូល​រាជធានី​ភ្នំពេញ​​

ការ​ស្ទាក់រថយន្ត​​​ខណៈពេលគណបក្សសង្គ្រោះជាតិ​ធ្វើមហា​បាតុ
កម្ម​នា​ពេល​កន្លង​មក (រូបថត ណាត សុភាព)
ពលរដ្ឋ​មកពី​តាម​បណ្តា​ខេត្ត​មួយចំនួន ដែល​មក​ចូលរួម​​បាតុកម្ម​បាន​​នាំគ្នា​​បិទ​​ផ្លូវ បន្ទាប់​ពី​ខឹង​សម្បា​នឹង​​សមត្ថ​កិច្ច ដែល​ស្ទាក់​រថយន្ត​របស់​ពួកគេ​មិន​ចង់​ឲ្យ​ធ្វើ​ដំណើ​ចូល​រាជ​ធានី​ភ្នំពេញ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្ម​លើក​ទី​៣​នេះ​។​
​អ្នកស្រី អ៊ី ច​ន្ធូ មកពី​ខេត្ត​តាកែវ បានឲ្យ​VOD ដឹង​​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា រហូត​មកដល់​ម៉ោង​៩​ព្រឹក​នេះ សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​របស់​គាត់ ចំនួន​២​កន្លែង​​ដោយ​គ្មាន​មូលហេតុ ធ្វើ​ឲ្យ​អ្នកដំណើ​ខឹង​ក៏​នាំគ្នា​បិទផ្លូវ គឺ​នៅ​លើ​ស្ពាន​ជាប់​​ព្រំប្រទល់ ស្រុក​បាទី និង​ខេត្ត​កណ្តាល និង​នៅ​ចំណុច​ស្រុក កណ្តាល​​ស្ទឹង​ ខេត្ត​កណ្តាល​។ អ្នកស្រី​ថា ដោយឡែក​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត នៅតាម​ឃុំ​មួយ​ចំនួន​​ក្នុង​ស្រុក​បាទី ខេត្តតាកែវ ត្រូវបាន​អាជ្ញាធរ ឃុំ​រារាំង​​មិន​ឲ្យ​ពួកគេ​មក​ចូលរួម​មហា​បាតុកម្ម​នោះ​ទេ ៖ "ពួក​បាតុករ​​កំពុង​ធ្វើ​ឈើ ស្ទាក់​ផ្លូវ​មិន​​ឲ្យ​ចេញ​​ទាំង​​អស់​បង និង​នាំគ្នា​ឈរ​ពេញ​ផ្លូវ​ទាំង​អស់ ឥឡូវឡានចេញ​មិន​រួច នាំ​គ្នា​ជិះ​ម៉ូតូ​បង តែ​នៅតែ​បី​បួន​ប្រាំ​ឡាន​ទេ ដែល​នៅ​ក្នុង​ស្រុក​បាទី​ហ្នឹង​ ចេញ​មក​ជា​មួ​យគ្នា​ហ្នឹង​មក​ជាប់។ ឥឡូវ​ចេញផុតពីខេត្ដតាកែវ មកចូល​ខេត្ដកណ្ដាលទៀត" ។
​សមត្ថកិច្ច​នៅ​ខេត្តតាកែវ មិនទាន់​អាច​ទាក់ទង​បាន​នៅឡើយ​ទេ​។ ​ប៉ុន្តែ​ស្នងការរង​​នគរបាល ខេត្ត​​កណ្តាល លោក កង សំបូរ ទទួលស្គាល់ថា ពិតជា​មាន​​ការ​ស្ទាក់​រថយន្ត​​ត្រួត​ពិនិត្យ​​មែន តែ​មិន​មាន​ការហាមឃាត់​ចូលរួម​បាតុកម្ម​​ ដូច​ការអះអាង​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ៖ "អត់ទេ គេត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ធម្មតា​ទេ ចរាចរណ៍​ផ្លូវ​គោក" ។
​នៅ​តាម​ផ្លូវជាតិ​លេខ​៥ ពី​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និង​កំពង់ឆ្នាំង ឆ្ពោះ​មក​រាជធានី​ភ្នំពេញ ក៏​សមត្ថកិច្ច​ស្ទាក់​រថយន្ត​អ្នកដំណើរ​ដូច​គ្នា​នេះ​ដែរ​។ អនុប្រធាន​ក្រុម​ការ​​ងារ​​របស់​​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​​បន្ទាយ​មាន​ជ័យ លោក មា​ជ សុវណ្ណារ៉ា បានឲ្យ​ដឹង​ដែរថា សមត្ថកិច្ច​បាន​ស្ទាក់​រថយន្ត​​របស់​ពល​រដ្ឋ​ដើម្បី​ត្រួតពិនិត្យ តែ​មិន​មាន​ការ​ហាមឃាត់​នោះទេ ៖ "នៅពេលដែលយើងចេញពីបន្ទាយ​មាន​ជ័យ​មក មានប៉ូលីស​គេមក​កាក់ ដើម្បី​ឆែក ដោយសា​រ​តែ​គេ​ដឹង​ថា​​ឡាន​ហ្នឹង​​ជា​ឡាន​ជួល​ឲ្យ​​សកម្ម​ជន និង​ប្រ​ជា​ពល​រដ្ឋ​គណបក្ស​សង្គ្រោះ​ជាតិ​ ពី​ខេត្ដ​បន្ទាយ​មាន​ជ័យ អញ្ចឹង​វា​ខុស​ពី​សព្វ​ដង​ គេ​ដឹង​ថា​ ឡាន​ហ្នឹង​ឡាន​ក្រុង​ដែរ គឺ​ប៉ូលិស​គេ​អត់​ឆែក​ទេ ដោយ​សារ​គេ​ដឹង ប៉ុន្ដែ​មិន​អី​ទេ ក្រោយ​មក​​យើ​ង​​ដោះ​​ស្រាយ​បញ្ហា​" ។
លោក មា​ជ សុវណ្ណារ៉ា បន្ថែម​ថា នៅក្នុង​ខេត្ត​សំខាន់ៗ​ទាំង​១៥​​នៅ​កម្ពុជា គណបក្ស​​សង្គ្រោះ​​ជាតិ បាន​កំណត់​ចំនួន​អ្នកចូលរួម​ប្រមាណ​៦​ម៉ឺន​នាក់ ហើយ​​អ្នកចូលរួម​ទទួលបាន​ប្រាក់​ឧបត្ថម្ភ ថ្លៃ​ធ្វើដំណើរ​ពី​សបុរ​សជន ពី​៣ ទៅ​៤ ដុល្លារ ក្នុង​ម្នាក់​។ លោក​ថា ក្រៅពីនោះ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផ្សេង​ទៀត បាន​​លក់​មាន់ ទា ដើម្បី​យក​លុយ​ធ្វើ​ដំណើរ​មក​រាជ​ធានី​ភ្នំពេញ ដោយ​ខ្លួន​ឯង​មិន​ឲ្យ​ក្រុម​ការងារប​ក្ស​បារម្ភ​នោះទេ​។​
​បើ​តាម​ក្រុម​ការងារ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​តាម​ផ្លូវជាតិ​នី​មួយៗ ដែល​ដឹកនាំ​ដោយ​អង្គការ KYA និង CHRAC ឲ្យដឹងថា នៅលើ​ផ្លូវជាតិ​លេខ ៦A ចាប់​​ពី​ភ្នំពេញ​ដល់ ស្ពាន​ព្រែក​តា​មាក់ ផ្លូវជាតិ​លេខ ៥ ចាប់​ពី​ភ្នំពេញ​ដល់ ផ្សារ​ត្រាច ស្រុកកំពង់ត្រឡាច មិន​​មាន​ការ​ស្ទាក់​រថយន្ត និង​ត្រួតពិនិត្យ​ទេ​។ ផ្ទុយ​​កាលពី​បាតុកម្ម​លើក​មុនៗ​ដែល​នៅ​តាម​ដងផ្លូវ​ទាំងនេះ​គឺ​តែងតែ​មាន​ការរារាំងរ​ថយ​ន្ត​របស់​អ្នកដំណើ​រ​មិនឲ្យ​ចូល​រាជធានី​ភ្នំពេញ នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើបាតុកម្ម​៕

ប្រភពពី៖ VOD

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...