Sunday, November 24, 2013

បាតុកម្ម​ក្រុមប្រឆាំង​និង​​ក្រុម​គាំទ្រ​​រដ្ឋាភិបាលថៃ​រាប់ម៉ឺននាក់​នៅក្រុង​បាងកក​


សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​ថៃ ធ្វើបាតុកម្ម​នៅថ្ងៃ​អាទិត្យ​២៤វិច្ឆិកា នេះ នៅ​កណ្តាល​ក្រុងបាងកក។
សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​ថៃ ធ្វើបាតុកម្ម​នៅថ្ងៃ​អាទិត្យ​២៤វិច្ឆិកា នេះ
នៅ​កណ្តាល​ក្រុងបាងកក។
REUTERS/Chaiwat Subprasom

នៅ​ប្រទេស​ថៃ ថ្ងៃ​អាទិត្យ​នេះ សកម្មជន​ក្រុមប្រឆាំង​រដ្ឋាភិបាល​និង​បណ្តាជន​អាវក្រហម​ដែល​គាំទ្រ​នាយករដ្ឋមន្ត្រី​យីងឡាក់​ បាននាំគ្នា​ដង្ហែ​ក្បួនបាតុកម្ម​នៅតាម​ផ្លូវ​ជាច្រើន​កន្លែង ក្នុង​​ក្រុងបាងកក។ អាជ្ញាធរ​គិតថា មានមនុស្ស​យ៉ាងហោច​ណាស់​ក៏​៥ម៉ឺននាក់​ដែរ ក្នុង​ក្បួន​បាតុកម្ម​ទាំងនេះ។ រីឯ​ខាងអ្នករៀបចំ​បាតុកម្ម​វិញ គិតថា​មាន​មនុស្ស​ប្រមាណ​ជា​១សែននាក់ នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ។ ប៉ូលិស​ប្រាប់ថា មានត្រឹម​តែ​៣ម៉ឺននាក់​ប៉ុណ្ណោះ។ បាតកម្មទាំង​នេះ​បានធ្វើឡើង​ ក្នុង​ពេល​ដែល​នយោបាយ​ថៃ​កំពុង​ជួប​ស្ថានភាព​​តានតឹង។

នៅប្រទេស​ថៃ ជាច្រើន​សប្តាហ៍​មកនេះ ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​លោកស្រី​យីងឡាក់ និង​ក្រុមបាតុករ​អាវក្រហម​ដែល​គាំទ្រ​រដ្ឋាភិបាលថៃ តែងនាំគ្នា​ហែក្បួន​បាតុកម្ម​​យ៉ាង​ទៀងទាត់ នៅក្រុងបាងកក ធ្វើអោយ​​ថៃ​ប្រឈមមុខ​នឹង​ស្ថានភាព​តានតឹង។ បាតុករ​អាវក្រហម​បានជួបជុំគ្នា​នៅ​ពហុកីឡាដ្ឋាន​ ដូច​រាល់ដង​ដែរ។
នៅថ្ងៃ​អាទិត្យ​នេះ បាតុកម្ម​របស់​សកម្មជន​​មកពី​និន្នាការ​នយោបាយ​ពីរ​ផ្ទុយគ្នា​នេះ មាន​លក្ខណៈ​គួរ​អោយ​កត់សម្គាល់ ព្រោះថា មនុស្ស​ដែលចូលរួម​មានដល់​ទៅ​រាប់ម៉ឺននាក់។ បាតុករ​ទាំងនេះ​​សន្យាថា​ នឹង​​ស្ថិត​នៅ​ទីកន្លែងបាតុកម្ម​​ក្រុម​ខ្លួន​ពេញ​មួយយប់​ថ្ងៃអាទិត្យ​​នេះ។ គិតចាប់​ពីឆ្នាំ២០១០មក បាតុកម្ម​ទាំងអស់​នេះ គឺ​ជាបាតុកម្ម​សំខាន់​បំផុត ។ ហើយ​ក៏​​សំខាន់​ណាស់​​ដែរ បើគិតចាប់​ពីពេល​​មានរដ្ឋប្រហារ​ទំលាក់​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណាវ៉ាត្រា មក។ ​អំពើ​ហិង្សា​ក្នុង​បាតុកម្ម​នៅក្រុងបាងកក​ ​ឆ្នាំ​២០១០ បាន​​សម្លាប់​មនុស្ស​ជាង៩០នាក់។

ចាប់ពី​ពេល​ដែល​ថៃ​បានក្លាយជា​រាជាណាចក្រ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ក្នុង​ឆ្នាំ១៩៣២មក ថៃ​បាន​រង​នូវការ​ប៉ុនប៉ង​ធ្វើរដ្ឋប្រហារ រឺ​ក៏​រដ្ឋប្រហារ​ ១៨លើក​មកហើយ។ បាតុកម្ម​​នៅថ្ងៃ​អាទិត្យ​នេះ​ ធ្វើអោយ​ថៃបន្ត​​ធ្លាក់​ក្នុង​ស្ថានភាព​តានតឹង​ថែមទៀត។ នៅសប្តាហ៍​នេះ តុលាការ​ធម្មនុញ្ញ​ថៃ ទើបបាន​​​ទាត់ចោល​នូវ​គំរោង​វិសោធនកម្ម​ច្បាប់​របស់​គណបក្ស​កាន់អំណាច​ ដែល​ចង់​អោយ​ការជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​គ្រប់រូប​ ត្រូវ​ឆ្លងកាត់​តាមរយៈ​​ការបោះឆ្នោត​ជាមុនសិន។ នៅប្រទេស​ថៃ សមាជិក​ព្រឹទ្ធសភា​​មួយចំនួន​ បានចូលកាន់​អំណាច​តាមរយៈ​ការតែងតាំង ពោលគឺមិនបាន​ឆ្លង​កាត់​​ការបោះឆ្នោត​នោះទេ។

ដោយឡែក ព្រឹទ្ធសភា​ថៃ​ក៏បាន​ទាត់ចោល​នូវច្បាប់​លើកលែងទោស​របស់​រដ្ឋាភិបាល​ផងដែរ។ ច្បាប់​នេះ​ជាច្បាប់​ដែល​ក្រុមប្រឆាំង​​បរិហារ​រិះគន់ខ្លាំងក្លា​ ព្រោះពួកគេ​គិតថា​ ជាច្បាប់​ដែល​​នាំ​អោយ​អតីតនាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅប្រទេស​នោះ អាច​វិលត្រលប់​ចូល​ប្រទេស​ថៃ​វិញបាន។ ​គំរោង​វិសោធនកម្ម​ច្បាប់​ និង​គំរោង​ច្បាប់​លើកលែងទោស​​​របស់​រដ្ឋាភិបាល​លោកស្រី​យីងឡាក់ បាន​ជួបបរាជ័យ ប៉ុន្តែ​មិន​បាន​ធ្វើអោយ​បាតុករ​ក្រុមប្រឆាំង​ស្ងប់ចិត្ត​នោះទេ។ ក្រុមប្រឆាំង​​នៅតែ​បន្ត​​គ្រប់​មធ្យោបាយ​ ​ដើម្បី​ជំរុញ​អោយ​នាយករដ្ឋមន្ត្រី​ថៃ​​ប្រកាស​ការបោះឆ្នោត​មុន​ពេលកំណត់៕

ប្រភពពី៖ ខេមរភាសា

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...