Monday, November 18, 2013

ឧស្សាហកម្ម​ធ្យូងថ្ម​ប្រភព​ចម្បង​នៃ​ការ​បង្ក​ឧស្ម័ន​ផ្ទះ​កញ្ចក់

បំពង់​ផ្សែង​នៃ​មជ្ឈមណ្ឌល​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម Belchatow ប្រទេស​ប៉ូឡូញ
បំពង់​ផ្សែង​នៃ​មជ្ឈមណ្ឌល​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម
Belchatow ប្រទេស​ប៉ូឡូញ 
REUTERS/Peter Andrews

អ្នក​ទទួល​ខុស​ត្រូវ​​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​ផ្នែក​អាកាសធាតុ បាន​អំពាវ​នាវ​នៅ​ថ្ងៃ​ចន្ទ​ទី ១៨ វិច្ឆិកា នេះ​ ឱ្យ​ឧស្សាហកម្ម​ដើរ​ដោយធ្យូង​ថ្ម ប្តូរ​ជា​បន្ទាន់ និង​ទាំង​ស្រុង​ ការ​រំពឹង​លើ​ថាមពល​នេះ ព្រោះ​វា​បង្ក​ឱ្យ​មាន​ឧស្ម័ន​ផ្ទះកញ្ចក់​កើន​ឡើង​ខ្លាំង។ សេចក្តី​ប្រកាស​នេះ​ធ្វើ​ឡើង​​នា​ឱកាស​ជំនួប​កំពូល​ធ្យូង​ថ្ម​​អន្តរជាតិ ក្រៅ​ក្រប​ខ័ណ្ឌ​សន្និសីទ​ស្តី​ពី​អាកាស​ធាតុ នៅ​ទីក្រុង​វ៉ាស៊ូវី ប្រទេស​ប៉ូឡូញ និង​ក្នុ​ង​ខណៈ​ដែល​ធនាគារ​ពិភពលោក​ចេញ​ របាយការណ៍​ខាត​បង់​ថវិកាកើន​ឡើង​កប់​ពពក ព្រោះ​តែ​​​គ្រោះ​ធម្មជាតិ។


“ថាមពល​ហ្វូស៊ីល ធ្យូង​ថ្ម នេះ​ មាន​តម្លៃ​ទាប ងាយ​រក​បាន​​ក្នុង​បរិមាណ​ច្រើន ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ឧស្សាហកម្ម ប៉ុន្តែ​បង្ក​​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ភព​ផែន​ដី សុខភាព​មនុស្ស និង​បរិស្ថាន ក្នុង​តម្លៃ​មិន​អាច​កាត់​ថ្លែ​បាន” នេះ​ជា​ប្រសាសន៍​របស់ លោកស្រី christiana Figueres តំណាង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​អាកាសធាតុ ពី​វេទិកា​ក្រុង​វ៉ាសូវី ទី​ដែល​កំពុង​ពិភាក្សា​ស្តី​ពី​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​នៃ​ភាព​ផែន​ដី និង​កាត់ បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ក្នុង​កម្មវត្ថុ​ស្វែង​រក​កិច្ច​ព្រមព្រៀង​ទូទៅ​​មួយ​​ឱ្យ​បាន​នៅ​ឆ្នាំ​២០១៥។

ម្យ៉ាង​វិញ​ទៀត​ធ្យូង​ថ្ម​ជា​ប្រភព​បញ្ចេញ​ឧស្ម័ន​កាបូនិក ៤៤%​នៅ​ឆ្នាំ​២០១១ នេះ​បើ​តាម​ភ្នាក់ងារ​ថាមពល​អន្តរជាតិ។ ក្រុម​អ្នក​ឧស្សាហកម្ម​ក៏​ទទួល​ស្គាល់ ថា​ធ្យូង​ថ្ម​នេះ​ ជា​កត្តា​រួម​ចំណែក​បង្កើន​កម្តៅ​នៃ​ភព​ផែន​ដី ប៉ុន្តែ​​ពេល​នេះ​គេ​មិន​ទាន់​អាច​បោះ​បង់​ចោល​​បាន​ឡើយ ព្រោះ​ឧស្សាហកម្ម​ធ្យូង​ថ្ម ជា​ប្រភព​ផ្តល់​​ថាមពល​អគ្គិសនីបាន​​​ ៤១%​នៃ​តម្រូវការ​ពិភពលោក និង​​ផលិត​ផល​ដែក​ថែប​៦៨%​​​។

ការ​អំពាវនាវ​ឱ្យ​ឈប់​រំពឹង​លើ​ថាមពល​ធ្យូង​ថ្ម​នេះ ក៏​ធ្លាក់​មក​ជួន​ចំ​ពេល​ដែល​ធនាគារ​ពិភពលោក ប្រកូក​ប្រកាស​ឱ្យ​គ្រប់គ្នា​បញ្ចេញ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្តូរ​ផ្លាស់​អាកាសធាតុ ព្រោះ​គ្រោះមហន្តរាយ​ធម្មជាតិ​ ក្នុងមួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ បាន​បង្ក​ការ​ខាត​បង់​ជា​ទឹក​ប្រាក់​ ប្រមាណ​ ២០០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ពោលគឺ បួន​ដង​លើស​​ទសវត្សរ៍​ឆ្នាំ​៨០។

សូម​អាន ៖ ព្យុះ​មហា​កំណាច​ហៃយ៉ាន​កំពុង​បោក​ពន្លិច​ហ្វីលីពីន

បើ​តាម​របាយ​ការណ៍​ធនាគារ​ពិភពលោកដដែល មាន​មនុស្ស​២លាន​៥​សែន​នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​ធម្មជាតិ។ ករណី​គ្រោះ​ធម្មជាតិ​សាហាវៗ​ខ្លាំង ក្តៅ​ជ្រុល ត្រជាក់​ជ្រុល ព្យុះ​សង្ឃរា​កាន់​តែ​កំណាច មាន​កាន់​តែ​ច្រើន ព្យុះហៃយ៉ាន​នៅហ្វីលីពីន​កាលពី​សប្តាហ៍​មុន​ ជាឧទាហរណ៍​ជាក់ស្តែង។ សម្រាប់​ធនាគារ​ពិភពលោក គេ​មិន​អាច​បន្ត​អូស​បន្លាយ​ពេល​វេលា​ មិន​ព្រម​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន​ទៀត​ទេ ហើយ​ត្រូវ​តែ​ជួយ​គ្រប់​ប្រទេស​​​ឱ្យ​ត្រៀម​រស់ ​​ប្រឈម​គ្រោះ​ធម្មជាតិ​កាចៗ៕

ប្រភពពី៖ ខេមរភាសា

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...