លោកស្រីយីងឡាក់ នាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃទី១០ ធ្នូ២០១៣ (រូបថតឯកសារ)
REUTERS/Athit Perawongmetha
|
សំណួរ-តើសមាជិកសភាដែលស្ថិតក្រោមការស៊ើបអង្កេតពីគណៈកម្មការប្រឆាំងអំពើពុករលួយថៃពេលនេះត្រូវជាប់ចោទពីបទអ្វី?
គណៈកម្មការប្រឆាំងអំពើពុករលួយថៃមិនបានបញ្ជាក់ច្បាស់លាស់ថា តើសមាជិកសភាដែលត្រូវស៊ើបអង្កេតនេះជាប់សង្ស័យពីបទល្មើសអ្វីច្បាស់លាស់ទេ។ គេគ្រាន់តែដឹងថា គណៈកម្មការនេះមានសមត្ថកិច្ចស៊ើបអង្កេតលើអំពើពុករលួយ ឬការរំលោភអំណាច។ គណៈកម្មការប្រឆាំងអំពើពុករលួយថៃបានឲ្យដឹងថា សមាជិកសភាដែលស្ថិតក្រោមការស៊ើបអង្កេតនៅពេលនេះ គឺជាអ្នកដែលបានចូលរួមបោះឆ្នោតអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ ស្តីពីសមាសភាពព្រឹទ្ធសភា។
គួររំឭកឡើងវិញថា ក្រោយពីបានធ្វើរដ្ឋប្រហារទម្លាក់លោកថាក់ស៊ីន កងទ័ពថៃបានរៀបចំតាក់តែងរដ្ឋធម្មនុញ្ញថ្មី ដោយកំណត់ថា សមាជិកព្រឹទ្ធសភាពាក់កណ្តាលកើតចេញពីការជ្រើសតាំង ហើយមានតែពាក់កណ្តាលប៉ុណ្ណោះ ដែលកើតចេញពីការបោះឆ្នោត។
កាលពីចុងឆ្នាំ២០១៣កន្លងទៅនេះ សមាជិកសភាមកពីគណបក្សភឿថៃ ដែលមានសំឡេងភាគច្រើន បានបោះឆ្នោតអនុម័តធ្វើការកែប្រែរដ្ឋធម្មនុញ្ញ ឲ្យសមាជិកព្រឹទ្ធសភាទាំងអស់ ត្រូវជ្រើសរើសឡើងតាមរយៈការបោះឆ្នោត ដូចកាលពីសម័យថាក់ស៊ីនវិញ។ ក៏ប៉ុន្តែ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ត្រូវបានតុលាការធម្មនុញ្ញថៃច្រានចោល កាលពីខែវិច្ឆិកា ២០១៣។
សំណួរ-តាមធម្មតា ការបង្កើត ឬការកែប្រែច្បាប់ ឬរដ្ឋធម្មនុញ្ញ វាគឺជាភារកិច្ច និងជាសិទ្ធិអំណាចរបស់សមាជិកសភា។ តើហេតុអ្វីបានជាគ្រាន់តែបោះឆ្នោតអនុម័តកែប្រែរដ្ឋធម្មនុញ្ញសោះ បែរជាត្រូវជាប់ការស៊ើបអង្កេតទៅវិញ?
នេះគឺជាសំណួរដែលអ្នកគាំទ្រគណបក្សភឿថៃកំពុងតែចោទសួរ! កាន់តែចម្លែកថែមទៀត គឺនៅត្រង់ថា ប្រសិនបើជាការធ្វើកំណែទម្រង់ការជ្រើសរើសសមាជិកព្រឹទ្ធសភាពីការបោះឆ្នោត ទៅជាការជ្រើសតាំង គួរតែត្រូវជាប់ចោទថានាំឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ អ្វីដែលសមាជិកសភាគណបក្សភឿថៃបានធ្វើ គឺកែប្រែពីការជ្រើសតាំង ទៅជាការជ្រើសរើសដោយការបោះឆ្នោត។ តាមគោលការណ៍ប្រជាធិបតេយ្យ វាគួរតែជារឿងល្អ។
ក៏ប៉ុន្តែ នៅថៃ ក្រុមអ្នកប្រឆាំងនឹងលោកថាក់ស៊ីនយល់ថា បើសិនជាសមាជិកព្រឹទ្ធសភាទាំងអស់ត្រូវជ្រើសរើសដោយការបោះឆ្នោត គណបក្សភឿថៃប្រាកដជាឈ្នះ ហើយក្រុមអ្នកស្និទ្ធនឹងថាក់ស៊ីនប្រាកដជាគ្រប់គ្រងទាំងរដ្ឋសភា និងព្រឹទ្ធសភា។
នៅថៃ គេឃើញមានលក្ខណៈពិសេសមួយទៀត គឺស្ថាប័នធំៗ ដូចជា តុលាការ និងកងទ័ព ជាដើម តែងតែលូកដៃចូលទៅកកូរកកាយក្នុងឆាកនយោបាយ។ កន្លងមក រដ្ឋប្រហារយោធានៅថៃតែងតែកើតឡើងរាប់ដងមិនអស់ ហើយស្ថាប័នតុលាការថៃក៏តែងតែចេញមុខធ្វើអន្តរាគមន៍រំលាយគណបក្សនយោបាយនេះ ឬហាមអ្នកនយោបាយនោះមិនឲ្យឈរឈ្មោះបោះឆ្នោត ។ល។ និង ។ល។ តាមការសង្កេតជាទូទៅ នៅពេលថ្មីកន្លងទៅនេះ យើងឃើញថា ទាំងស្ថាប័នកងទ័ព និងស្ថាប័នតុលាការថៃ គឺមាននិន្នាការប្រឆាំងនឹងក្រុមលោកថាក់ស៊ីន។
សំណួរ-តើការបើកការស៊ើបអង្កេតនេះអាចនឹងបង្កផលប៉ះពាល់អ្វីខ្លះដល់ការបោះឆ្នោតតំណាងរាស្រ្ត នៅថ្ងៃទី២កុម្ភៈខាងមុខ?
កាលពីមុននេះ ការបោះឆ្នោតតំណាងរាស្រ្ត ថ្ងៃទី២ កុម្ភៈនេះ កំពុងតែជួបបញ្ហាចម្រូងចម្រាសស្រាប់ទៅហើយ។ គណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងបានប្រកាសធ្វើពហិការមិនចូលរួមបោះឆ្នោត។ ក្រុមប្រឆាំងដឹកនាំដោយលោកស៊ូថេប ធឿកស៊ូបាន ក៏គ្រោងធ្វើបាតុកម្មរំខានការបោះឆ្នោត។ នៅពេលនេះ សមាជិកគណបក្សភឿថៃរាប់រយនាក់ ដែលភាគច្រើនជាបេក្ខជនក្នុងការបោះឆ្នោតខាងមុខ ក៏ត្រូវជាប់ការស៊ើបអង្កេតរបស់គណៈកម្មការប្រឆាំងអំពើពុករលួយទៀត។ ដូច្នេះ វាកំពុងតែធ្វើឲ្យជោគវាសនាលោកស្រីយីងឡាក់ និងគណបក្សភឿថៃ កាន់តែស្ថិតក្នុងភាពស្រពិចស្រពិលឡើងថែមទៀត។
សំណួរ-តើតំណាងរាស្រ្តដែលកំពុងជាប់ក្នុងការស៊ើបអង្កេតនេះអាចមានសិទ្ធិឈរឈ្មោះបោះឆ្នោតដែរឬទេ?
ដោយសារតែនេះគ្រាន់តែជាដំណាក់កាលស៊ើបអង្កេត ហើយមិនទាន់មានការកាត់ទោសឲ្យជាប់ពិរុទ្ធ អ្នកដែលស្ថិតក្រោមការស៊ើបអង្កេតអាចឈរឈ្មោះជាបេក្ខជន ក្នុងការបោះឆ្នោតថ្ងៃទី២ កុម្ភៈខាងមុខនេះបាន។ ក៏ប៉ុន្តែ បញ្ហាចោទ គឺនៅក្រោយពេលបោះឆ្នោត។
រដ្ឋធម្មនុញ្ញថៃកំណត់ថា តំណាងរាស្រ្តទាំងឡាយណា ដែលជាប់ចោទក្នុងសំណុំរឿងតុលាការ មិនអាចចូលកាន់តំណែងបានទេ រហូតទាល់តែចប់សំណុំរឿងតុលាការ។ ដូច្នេះ មានន័យថា បើទោះបីជាជាប់ឆ្នោតក៏ដោយ តំណាងរាស្រ្ត ដែលជាប់ចោទ ក្នុងសំណុំរឿងគណៈកម្មការប្រឆាំងអំពើពុករលួយពេលនេះ នឹងមិនអាចចូលកាន់តំណែងភ្លាមៗបានទេ។
ម្យ៉ាងទៀត យោងតាមរដ្ឋធម្មនុញ្ញថៃ យ៉ាងយូរបំផុត ៣០ថ្ងៃ ក្រោយការបោះឆ្នោត រដ្ឋសភាត្រូវតែមានសមាជិកគ្រប់គ្រាន់ ដើម្បីបំពេញអាសនៈយ៉ាងតិច ៩៥%។ បើមើលទៅលើស្ថានភាពបច្ចុប្បន្ន ដែលតំណាងរាស្រ្តគណបក្សភឿថៃ រហូតដល់ទៅ ២២៣រូប កំពុងជាប់ការស៊ើបអង្កេតរបស់គណៈកម្មការប្រឆាំងអំពើពុករលួយ ការបំពេញអាសនៈ ៩៥% ក្រោយការបោះឆ្នោត ថ្ងៃទី២ កុម្ភៈ ប្រហែលជាមិនអាចធ្វើទៅបានទេ។ បើធ្វើមិនអាចបំពេញលក្ខខណ្ឌនេះបាន រដ្ឋសភានឹងគ្មានសុពលភាព ហើយរដ្ឋាភិបាលថ្មីក៏មិនអាចបង្កើតបាន។ នេះអាចបង្កទៅនេះជាវិបត្តិធម្មនុញ្ញធ្ងន់ធ្ងរ ដែលអាចជាលេសឲ្យមេទ័ពថៃធ្វើរដ្ឋប្រហារ ដណ្តើមអំណាចយកមកកាន់កាប់ ដូចដែល ធ្លាប់កើតឡើងរាប់ដងមិនអស់រួចមកហើយ កាលពីពេលកន្លងមក៕
ប្រភពពី៖ ខេមភាសា
No comments:
Post a Comment