Thursday, January 10, 2019
កម្មកររោងចក្រ W&D នៅខណ្ឌមានជ័យ ផ្ទេរសិទ្ធិឲ្យ សហភាពការងារកម្ពុជា ដើម្បីតស៊ូមតិ ករណីថៅកែបញ្ឈប់កម្មករជាង១ពាន់នាក់
កម្មកររោងចក្រ ដាប់ប៊ែលយូ អែន ឌី (W&D)ម្នាក់ ក្នុងចំណោមកម្មករជាង ១ពាន់នាក់ ដែលរងការលុបឈ្មោះ លោក សឿន ប្រុស ប្រាប់ថា លោកត្រូវបានរោងចក្រដេញពីការងារក្រោយធ្វើបាតុកម្ម តវ៉ាជាង១០ថ្ងៃ។ លោកថា កម្មករគ្មានទីពឹងទេ ទើបនាំគ្នាមកសុំពឹងពាក់ ផ្ទេរសិទ្ធិជូនសហភាពការងារកម្ពុជា ឲ្យជួយជាតំណាង ដើម្បីទាមទារផលប្រយោជន៍កម្មករមកវិញ។ កម្មកររូបនេះ បន្តថា សហជីពប្រចាំរោងចក្រ ដាប់ប៊ែលយូ អែន ឌី (W&D) ដែលបង្កើតឡើង ដោយភាគីថៅកែ មិនអាចបម្រើផលប្រយោជន៍ពិតប្រាកដឲ្យកម្មករទេ ទើបកម្មករសម្រេចចិត្តពឹងពាក់សហជីពក្រៅរោងចក្រវិញ។ លោកបន្តថា ភាគីខាងរោងចក្របានចរចាជាមួយតំណាងកម្មករតែ ២ដងទេ ក្រោយមិនត្រូវរ៉ូវគ្នា ថៅកែបញ្ឈប់ការចរចា និងប្រើផ្លូវតុលាការ ចេញសាលក្រមបង្ខំឲ្យចូលធ្វើការ និងពង្រាយកងកម្លាំងមុខរោងចក្របំភ័យកម្មករ ឲ្យបញ្ឈប់សកម្មភាពតវ៉ា៖ «ដោយសារមូលហេតុត្រង់នឹងហើយអត់មានដំណោះស្រាយជូនពួកគាត់ហើយបញ្ឈប់ពួកគាត់ចោលទៀតពួកគាត់អត់មានទីពឹងអត់មានចំណូលមកពីណាទេ។ ព្រោះខាងសហជីពមូលដ្ឋានរោងចក្រ ដាប់ប៊ែលយូ អែន ឌី កម្ពុជាខូលអិលធីឌី អត់ដោះស្រាយឲ្យពួកគាត់ទេ។ អ៊ីចឹងពួកគាត់មកពឹងពាក់សហព័ន្ធ ស៊ីខៅឌូជួយដោះស្រាយឲ្យ»។
រោងចក្រ ដាប់ប៊ែលយូ អែន ឌី (W&D) ស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានកម្មករសរុបចំនួន ១ពាន់ ៨រយ (១.៨០០) នាក់។ កម្មករបាននាំគ្នា ចាប់ផ្ដើមធ្វើកូដកម្ម កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ និងបានហែញត្តិយកទៅដាក់នៅខុទ្ទកាល័យមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន នៅម្ដុំដើមពោធិ៍ មុខវត្តបទុមវតីម្ដង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីសុំកិច្ចអន្តរាគមន៍ ស្នើសុំបើកប្រាក់អតីតភាពការងារ ឬប្រាក់សោធននិវត្តន៍ មុនឆ្នាំ២០១៩ ឲ្យអស់សិន មុននឹងអនុវត្តច្បាប់ថ្មី ដែលនឹងត្រូវបើករាល់ ៦ខែម្ដង។
កម្មករ សឿន ប្រុស អះអាងថា មកដល់ថ្ងៃទី៩ មករា រោងចក្របានបញ្ឈប់កម្មករចំនួន ១.៦០០នាក់ និងមានកម្មករប្រហែល ២០០នាក់ប៉ុណ្ណោះ ដែលព្រមចូលធ្វើការតាមដីកាសាលាដំបូងរាជធានីភ្នំពេញ ដោយសារភ័យព្រួយបាត់បង់ការងារ និងមានបន្ទុកក្នុងគ្រួសារច្រើន។
កាលពីថ្ងៃទី៤ មករា ក្រុមហ៊ុន W&D បានសម្រេចលុបឈ្មោះកម្មករប្រមាណ ១.២០០នាក់ ដោយសារកម្មករមិនព្រមចូលធ្វើការវិញ តាមសាលក្រមសម្រេចចាត់ចែងបណ្ដោះអាសន្នរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបង្គាប់ឲ្យកម្មករបញ្ឈប់កូដកម្ម និងត្រូវចូលធ្វើការវិញក្នុងរយៈពេល ៤៨ម៉ោង ជាកំហិត។
មេធាវីតំណាងក្រុមហ៊ុននៃរោងចក្រ ដាប់ប៊ែលយូ អែន ឌី (W&D) លោក តាំង ម៉េង ប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រុមហ៊ុនមិនទទួលយកកម្មករ ដែលបានបញ្ឈប់ ឲ្យមកធ្វើការវិញទេ ព្រោះកម្មករបានធ្វើកំហុសធ្ងន់ណាស់សម្រាប់ក្រុមហ៊ុន។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ប្រាប់ថា សហភាពការងារកម្ពុជា បានទទួលយកសំណើពឹងពាក់របស់កម្មករ និយោជិក នៃរោងចក្រ ដាប់ប៊ែលយូ អែន ឌី (W&D) រួចហើយ។ លោក ថា កម្មករបានទៅពឹងសហភាព តាំងពី ល្ងាចថ្ងៃទី៨ មករា ឯនៅព្រឹកថ្ងៃទី៩ មករា មានកម្មករជាង ១ពាន់នាក់ ទៅផ្ដិតមេដៃ ហើយអាចនឹងធ្វើអស់ នៅព្រឹកថ្ងៃទី១០ មករា។
លោក អាត់ ធន់ បន្តថា ក្រោយពេលទទួលបានស្នាមមេដៃកម្មករពឹងពាក់រួច សហភាពការងារកម្ពុជា (CLC) នឹងធ្វើសំណើ ដាក់ទៅភាគីថៅកែរោងចក្រ សុំជជែកករណីបញ្ឈប់កម្មករជាង ១ពាន់នាក់ ដើម្បីឲ្យកម្មករបានចូលធ្វើការវិញ។ លោក ថា ប្រសិនបើមិនបានសម្រេចទេ សហភាពការងារកម្ពុជា នឹងធ្វើសំណើទៅសមាគមថៅកែរោងចក្រ ក្រសួងការងារ និងខុទ្ទកាល័យមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន។ លោក អាត់ ធន់ ថា ជម្រើសចុងក្រោយ ប្រសិនបើភាគីពាក់ព័ន្ធមិនមានដំណោះស្រាយជូនកម្មករទេ សហភាពការងារកម្ពុជា នឹងប្រាប់ទៅក្រុមអ្នកបញ្ជាទិញ នៅក្រៅប្រទេស៖ «វាមិនមែនទំលាក់កំហុសទៅលើកម្មករតែមួយនោះទេ។ទី១ ច្បាប់ហ្នឹង ចេញថ្មីមកកម្មករអត់បានយល់ដឹង ហើយសហជីពនៅក្នុងរោងចក្រ គឺសហជីពរបស់ក្រុមហ៊ុនរោងចក្រ មិនសូវចុះពន្យល់កម្មករប៉ុន្មានទេ។ កម្មករក៏មិនសូវជឿប៉ុន្មានទេ។ អ៊ីចឹងបានជាកម្មករឈប់»។
កម្មករ សឿន ប្រុស បញ្ជាក់ថា ក្រៅពីទាមទារឲ្យក្រុមហ៊ុនទទួលយកកម្មករចូលធ្វើការវិញ ពួកគេក៏នៅតែបន្តទាមទារប្រាក់អតីតភាពការងារ ឬ ប្រាក់សោធននិវត្តន៍ មុនឆ្នាំ២០១៩ដដែល។ កម្មកររូបនេះប្រាប់ថា បើទោះជាក្រសួងការងារធានាមិនឲ្យបាត់បង់ប្រាក់អតីតភាពការងារ ប៉ុន្តែកម្មករខ្លះ ប្រាប់ថា រដ្ឋបាលរោងចក្រ ដាប់ប៊ែលយូ អែន ឌី (W&D) បានទាមទារកាត់ចោលប្រាក់អតីតភាពការងារ របស់កម្មករនៅចន្លោះឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨ ចោល ដោយទុកអតីតភាពការងារឲ្យ ១០ឆ្នាំប៉ុណ្ណោះ គិតរាប់ពីឆ្នាំ២០០៨ មក៕
rfa
Subscribe to:
Post Comments (Atom)
គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ
និយាយឲ្យចំទៅ គ្នាយើងភាគតិចណាស់ អត់ផឹកកាហ្វេ ឬជាតិកាហ្វេអ៊ីន នៅពេលព្រឹក ហើយគ្នាយើងចូលចិត្តផឹកកាហ្វេ ដឹងច្បាស់វាធ្វើឲ...
-
នៅពេលដែលបានឃើញឬ បានឮផ្លេកបន្ទោរឡើងអ្នកណាក៏ភ័យខ្លាចដែរ និងច្បាស់ជាបិទភ្នែកបិទត្រចៀកជាមិនខាន ត្បិតអីពន្លឺរបស់...
-
ប្រធានាធិបតីចិន ហ្ស៊ីជីងភីង (រូបភាពដោយ www.theguardian.com) ប្រធានាធិបតីចិន ហ្ស៊ីជីងភីង នៅថ្ងៃអង្គារបានសន្យាដកឬកែវមន្ត្...
-
រាជធានីភ្នំពេញ ៖ ក្មេងស្ទាវ ២ក្រុម ដែលមួយក្រុមមានគ្នាប្រមាណជា ១០នាក់ នាំគ្នាចូលទៅស៊ីផឹកនៅហាងតាចារ ម្តុំគល់ស្ពានព្រែកតាសេក លុះស្រវឹងបានទាស់ស...
No comments:
Post a Comment