រាជធានីភ្នំពេញ ៖ ស្ត្រីជាជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនបានភ្លាមៗកាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ បន្ទាប់ពីពួកគេបានធ្វើសកម្មភាព ល្បួងនារីម្នាក់ដែលត្រូវជាមិត្តភក្តិ យកទៅប្លន់សម្លាប់នៅក្នុងបន្ទប់ផ្ទះជួលលេខ៤០៦ ជាន់ទី៣ ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនមានឈ្មោះ អ៊ែល រ៉ហ្វីអាស ភេទស្រី អាយុជាង ២០ឆ្នាំ ជនជាតិអ៊ីស្លាម មានស្រុកកំណើតនៅក្នុង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នបម្រើការងារក្នុងរោងចក្រជាមួយជនរងគ្រោះ និងបក្ខពួកម្នាក់ទៀតពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ ចំណែកជនរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះ ផាន ដាលីន ភេទស្រី អាយុជាង ៣០ឆ្នាំ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុ ខណៈពេលចេញពីធ្វើការ ជនសង្ស័យទាំង២នាក់ បានប្រើល្បិចល្បួងជនរងគ្រោះឲ្យទៅហូបបាយនៅបន្ទប់ជួលរបស់ខ្លួន។ ខណៈពេលដែលហូបបាយរួចរាល់ ជនរងគ្រោះក៏បានឡើងទៅលើគ្រែដេកលេង ស្រាប់តែជនសង្ស័យឈ្មោះ អ៊ែល រ៉ហ្វីអាស បានយកអង្រែបុកគ្រឿង មកវាយសំពងក្បាលជនរងគ្រោះ និងបានយកកាំបិតប៉័ងតោ កាប់ ប៉ុន្តែត្រូវបានជនរងគ្រោះយកដៃរងបណ្តាលឲ្យដាច់សរសៃដៃហូរឈាមស្រោចខ្លួនសន្លប់បាត់ស្មារតី។
ដោយស្មានថាជនរងគ្រោះបានស្លាប់បាត់បង់ជីវិត ក្រុមជនសង្ស័យក៏ចាប់ផ្តើមប្រមូលយកទ្រព្យសម្បត្តិជនរងគ្រោះបំណងរត់គេចខ្លួន។ លុះមួយសន្ទុះក្រោយយក ជនរងគ្រោះក៏បានដឹងខ្លួន ហើយបានស្ទុះរត់ចេញទៅក្រៅបន្ទប់ស្រែកឲ្យគេជួយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចចុះមកអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានគេបញ្ជូនយកទៅធ្វើការសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅកាន់អធិការដ្ឋានខណ្ឌ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមនីតិវិធីច្បាប់
ប្រភពពី៖ វត្តភ្នំ
No comments:
Post a Comment