Wednesday, September 25, 2013

លោកស្រី​អ៊ុងសាន​ស៊ូជី​សំឡឹងឃើញ​សិង្ហបុរី​ជា​គំរូ​សម្រាប់​កំណែទម្រង់​នៅ​ភូមា

លោកស្រី​អ៊ុង សានស៊ូជី ថ្លែង​ទៅកាន់​សហគមន៍​ជនជាតិ​ភូមា ដែល​រស់នៅ​ក្នុង​ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃ​អាទិត្យ ២២ កញ្ញា ២០១៣
REUTERS/Edgar Su
កាលពីថ្ងៃ​ចន្ទ ដើមសប្តាហ៍​នេះ លោកស្រី​អ៊ុង សានស៊ូជី ប្រមុខដឹកនាំ​ប្រឆាំង​ភូមា និង​ជា​ជ័យលាភី​ណូបែល​សន្តិភាព​ពិភពលោក បាន​បិទបញ្ចប់​ដំណើរទស្សនកិច្ច​រយៈពេល ៥ថ្ងៃ នៅ​ក្នុង​ប្រទេស​សិង្ហបុរី ដោយបាន​បង្ហាញ​នូវ​ការ​កោតសរសើរ និង​ចង់​យក​គំរូ​ពីជោគជ័យ​​របស់​កូនប្រទេស​មួយនេះ ក្នុងការ​ធ្វើ​កំណែទម្រង់ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន។ ក៏ប៉ុន្តែ ក្នុងពេល​ដែល​សិង្ហបុរី​គឺ​ជា​គំរូ​ល្អមួយ​ខាង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​អភិបាលកិច្ច សិង្ហបុរី​ហាក់ដូចជា​មិនសូវ​ជា​គំរូ​ល្អ​ប៉ុន្មាន​នោះទេ ខាងផ្នែក​ប្រជាធិបតេយ្យ​ និង​សិទ្ធិសេរីភាព។





នៅ​ក្នុង​ដំណើរទស្សនកិច្ច​រយៈពេល ៥ថ្ងៃ នៅ​ក្នុង​ប្រទេស​សិង្ហបុរី លោកស្រី​អ៊ុង សានស៊ូជី ប្រមុខដឹកនាំ​បក្ស​ប្រឆាំង​ភូមា បាន​ជួប​ជាមួយ​នឹង​លោក​នាយករដ្ឋមន្រ្តី​លី សៀនឡុង និង​​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ធំៗ​មួយចំនួន ព្រមទាំង​បាន​ធ្វើ​ដំណើរ​ទៅ​មើល​ការិយាល័យ​ប្រឆាំង​អំពើ​ពុករលួយ​ ដែល​ល្បីឈ្មោះ​​ខាង​ការ​បង្រ្កាប​អំពើ​ពុករលួយ នៅ​សិង្ហបុរី។
នៅ​ល្ងាច​ថ្ងៃ​ចន្ទ នៅ​ពេល​បិទបញ្ចប់​ដំណើរទស្សនកិច្ច និង​មុន​ពេល​ធ្វើ​ដំណើរ​ត្រឡប់​ទៅកាន់​ប្រទេស​ភូមា​វិញ លោកស្រី​អ៊ុង សានស៊ូជី ​បាន​ថ្លែង​​ប្រាប់​អ្នក​សារព័ត៌មាន​ថា ប្រជាជន​ភូមា​ជា​ច្រើន​ចង់​យក​គំរូ​តាម​សិង្ហបុរី នៅ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​នៅ​ភូមា។

ជាការពិត​ថា ជោគជ័យ​របស់​សិង្ហបុរី​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ការ​ពង្រឹង​គុណភាព​នៃ​វិស័យ​អប់រំ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ គឺ​ជារឿង​ពិត​មិន​អាច​ប្រកែក​បាន។ ក្នុងរយៈពេល​តែ​ប្រមាណ​ជា​ ៥០ឆ្នាំ ចាប់ពី​បាន​ទទួល​ឯករាជ្យ​ពី​ម៉ាឡេស៊ី នៅ​ឆ្នាំ​១៩៦៥ សិង្ហបុរី បាន​ប្រែក្លាយ​ប្រទេស​របស់​ខ្លួន ពី​ប្រទេស​ក្រីក្រ មាន​សេដ្ឋកិច្ច​ទន់ខ្សោយ ឲ្យ​ក្លាយ​ទៅជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​បំផុត​មួយ នៅលើ​ពិភពលោក។ សិង្ហបុរី ដែល​មាន​ផ្ទៃដី​តែ​ជាង ៧០០គីឡូម៉ែត្រ​ក្រឡា មាន​ប្រជាជន​តែ​ប្រមាណ​ជាង ៥លាន​នាក់ ប៉ុន្តែ មាន​កម្លាំង​សេដ្ឋកិច្ច​ប្រហាក់ប្រហែល​នឹង​ប្រទេស​ថៃ ឬ​ម៉ាឡេស៊ី។ បើ​និយាយ​ពី​ប្រាក់​ចំណូល​មធ្យម​ប្រចាំឆ្នាំ​របស់​ប្រជាជន​វិញ សិង្ហបុរី ស្ថិត​នៅ​លំដាប់ទី៣ បន្ទាប់ពី​កាតារ និង​លុចសំបួរ។

ខាង​វិស័យ​ជំនួញ និង​ការ​ដឹកជញ្ជូន​ផ្លូវសមុទ្រ កំពង់ផែ​អន្តរជាតិ​សិង្ហបុរី គឺ​ជា​កំពង់ផែ​អន្តរជាតិ​លំដាប់ទី៣ នៅ​លើ​ពិភពលោក។ ចំណែក​ខាង​វិស័យ​អប់រំវិញ ​សកលវិទ្យាល័យ​ជាតិ​​សិង្ហបុរី​ គឺ​ជា​សកលវិទ្យាល័យ​ដែល​មាន​គុណភាព​កម្រិត​អន្តរជាតិ ហើយ​ត្រូវ​បាន​គេ​ចាត់ទុក​​ក្នុង​ចំណោម​​សកលវិទ្យាល័យ​ដែល​មាន​កម្រិត​អប់រំ ​ខ្ពស់​បំផុត​នៅ​អាស៊ី។

គឺ​ជោគជ័យ​ខាង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ខាង​ការ​ពង្រឹង​វិស័យអប់រំ ព្រមទាំង​ការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ​នេះ​ហើយ ដែល​លោកស្រី​អ៊ុង សានស៊ូជី សំឡឹង​ឃើញ​ចង់​យក​ជា​គំរូ នៅ​ក្នុងការ​ធ្វើ​កំណែទម្រង់​​ ដែល​ភូមា​បាន និង​កំពុង​តែ​ធ្វើ នៅ​ក្រោយ​ការ​បិទបញ្ចប់​ការ​ដឹកនាំ​តាមបែប​របបផ្តាច់ការ​យោធា មក​ជា​ការ​ដឹកនាំ​តាមបែប​ស៊ីវិល​វិញ។

សិង្ហបុរី ក្រៅពី​ជា​ប្រទេស​ដែល​មាន​បទពិសោធន៍ និង​ជោគជ័យ ដែល​អាច​ឲ្យ​ភូមា​យក​គំរូ​តាម ក៏​ជា​ប្រទេស​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ល្អប្រសើរ​មួយដែរ​ជាមួយ​ភូមា។ សិង្ហបុរី​គឺ​ជា​ប្រទេស​ដ៏កម្រ ដែល​បាន​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ភូមា តាំង​ពី​ពេល​នៅ​ក្នុង​សម័យ​របបសឹក។ ចាប់តាំង​ពី​ឆ្នាំ​២០០១​មក ភូមា​បាន​ផ្តល់​នូវការ​ហ្វឹកហ្វឺន ទាំង​ខាង​ភាសា​អង់គ្លេស ខាង​ផ្នែក​ជំនួញ ហិរញ្ញវត្ថុ និង​ព័ត៌មាន​វិទ្យា​ដល់​មន្រ្តី​រដ្ឋការ​ភូមា។

ចាប់តាំង​ពី​​ភូមា​​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​បន្ធូរបន្ថយ​ទណ្ឌកម្ម គេ​ក៏​ឃើញ​មាន​ក្រុមហ៊ុន​សិង្ហបុរី​មិនតិច​ដែរ ដែល​បាន​នាំគ្នា​សម្រុកចូល​ទៅ​ដាក់ទុនវិនិយោគ​នៅ​ភូមា។ កាលពីឆ្នាំ​២០១២​កន្លងទៅ ការដោះដូរ​ពាណិជ្ជកម្ម រវាង​ភូមា​ និង​សិង្ហបុរី​បាន​កើនឡើង​រហូតដល់​ទៅ​ជាង ១ពាន់ ៤រយ​លាន​ដុល្លារ ហើយ​សិង្ហបុរី គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំទី៣ របស់​ភូមា។

កាលពីខែ​ឧសភា​កន្លងទៅ​នេះ សមាជិក​សភា​ភូមា​មួយក្រុម មាន​គ្នា ២៥នាក់ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​សិង្ហបុរី ដើម្បី​សិក្សា​យក​គំរូ​ពី​សិង្ហបុរី ខាង​ផ្នែក​អភិបាលកិច្ច ជាពិសេស ការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ ក្នុង​រដ្ឋបាល​សាធារណៈ។ ភាព​ស្អាតស្អំ ក្នុង​រដ្ឋបាល​សាធារណៈ ដែល​ត្រូវ​បាន​លោកស្រី​អ៊ុង សានស៊ូជី លើកសរសើរខ្លាំង​ដែរ ក្នុង​ដំណើរទស្សនកិច្ច កាល​ពី​ចុងសប្តាហ៍​មុននេះ។

ក៏ប៉ុន្តែ នៅ​ពេល​ដែល​ជើងឯកខាង​ប្រជាធិបតេយ្យ និង​ជា​ជ័យលាភី​ណូបែល​សន្តិភាព​ពិភពលោក​​លើកសរសើរ និង​ប្រកាស​ចង់​យក​គំរូ​តាម​សិង្ហបុរី​បែបនេះ គេ​ក៏​មិនគួរ​ភ្លេច​ដែរ​ថា ក្នុងពេល​ដែល​សិង្ហបុរី​ជា​គំរូល្អមួយ​​ខាង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ខាង​វិស័យ​អប់រំ ឬ​ខាង​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ ក៏ប៉ុន្តែ មិនមែន​ជា​គំរូ​ល្អ​ប៉ុន្មាន​ទេ​ខាង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិសេរីភាព ជាពិសេស សិទ្ធិសេរីភាព​ខាង​ការ​បញ្ចេញមតិ។ ចាប់តាំង​ពី​ទទួលបាន​ឯករាជ្យ រហូតមកទល់​នឹង​សព្វថ្ងៃ​នេះ អំណាច​នៅ​សិង្ហបុរី​ស្ថិត​ក្នុង​ដៃ​គណបក្ស​តែមួយ​ គឺ​គណបក្ស People’s Action Party ដែល​បង្កើត​ឡើង​ដោយ​លោក​លី ក្វាន់យូ។ នៅ​ឆ្នាំ​២០១៣​នេះ សិង្ហបុរី​ត្រូវបាន​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ ចាត់ចំណាត់ថ្នាក់​យ៉ាងទាប​ គឺ​លេខ ១៤៩ ខាង​សិទ្ធិសេរីភាព​ខាង​ការ​បញ្ចេញ​មតិ ពោលគឺ ចំណាត់ថ្នាក់​ប្រហែល​ប្រហែល​នឹង​ប្រទេស​ភូមា ដែល​ទើប​នឹង​ងើបចេញ​ពី​របបយោធា​ផ្តាច់ការ។

ប៉ុន្តែ ទោះជាយ៉ាងណា សិង្ហបុរី​នៅតែ​ត្រូវបាន​សហគមន៍​អន្តរជាតិ​ទទួលស្គាល់ និង​លើកសរសើរ​ថា​ ជា​ប្រទេស​នីតិរដ្ឋ ដែល​គ្រប់គ្នា​គោរពច្បាប់ ហើយ​ទាំង​មេដឹកនាំ​រដ្ឋាភិបាល និង​មន្រ្តី​រដ្ឋបាលសាធារណៈ​ ជាទូទៅ ជា​អ្នក​ធ្វើការ​ដោយ​គិតគូរ​ដល់​ផលប្រយោជន៍​រួម​ច្រើន​ជាង​ប្រយោជន៍​ ផ្ទាល់ខ្លួន៕

ប្រភពពី៖ ខេមរភាសា

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...