តំបន់ភ្នំដែលរន្ធថ្ម១២កន្លែងមានភ្លើងធម្មជាតិបន្តឆេះរហូតរាប់ពាន់ឆ្នាំ។ |
ក្រុងអង់ការ៉ា : ស្ថិតនៅចម្ងាយប្រមាណជា៨០គីឡូម៉ែត្រពីតំបន់អានតាលីយ៉ាក្បែរទីក្រុងស៊ីរ៉ាលីភាគនិរតីនៃប្រទេសតួកគីឯណោះគេឃើញមានតំបន់ភ្នំមួយដែលថ្មអណ្តាតភ្លើងឆេះក្រហមឆ្អិនឆ្អៅដូចត្រូវបានគេបង្កាត់ចេញមកក្រៅ។ អ្នកដែលមិនដឹងពីប្រវត្តិ និងភូមិសាស្ត្រទីនោះ ច្បាស់ជាគិតថា អណ្ដាតភ្លើងចេញពីដុំថ្មគឺជាស្នាដៃមនុស្សបង្កាត់វាឡើង។ ប៉ុន្តែតាមការពិត ថ្មអណ្ដាតភ្លើងទាំងនេះជាអំណោយពីធម្មជាតិសុទ្ធសាធតែម្ដង។
ថ្មដែលមានអណ្តាតភ្លើងឆេះឆាបមានចំនួន១២រន្ធហើយបាតុភូតចម្លែកនេះបង្កឡើងដោយប្រតិកម្មឧស្ម័នមេតាននិងចំហេះខ្យល់ក្នុងបរិយាកាស។
រន្ធថ្មមានភ្លើងធម្មជាតិនេះត្រូវប្រជាជនតួកគីហៅថាតំបន់យ៉ាណាតាស ដែលមានប្រវត្តិ២៥០០ឆ្នាំមកហើយ។ គួរបញ្ជាក់ថានេះក៏ជាតំបន់មួយដែលសម្បូរនូវសារធាតុឧស្ម័នមេតានច្រើនជាងគេផងដែរនៅក្នុងទឹកដីប្រទេសតួកគីតាំងពីយូរលង់ណាស់មកហើយ។
ចំណែកក្រុមអ្នកដើរទូកឆ្លងកាត់សមុទ្រដែលនៅក្បែរភ្នំនោះបាននិយាយថាពួកគេបានឃើញចំហេះឧស្ម័នមេតានឆេះឆាបអស់រយៈពេលរាប់រយឆ្នាំមកហើយ ខណៈវាហាក់ដូចជាសញ្ញាណមួយសម្រាប់ចង្អុលប្រាប់ទិសដៅដល់ពួកគេផងដែរ។ តែនៅពេលបច្ចុប្បន្ននេះវាក្លាយជាកន្លែងសម្រាប់ក្រុមអ្នកដំណើរឡើងភ្នំយកធ្វើជាចង្ក្រានដាំទឹកឆុងតែផឹកទៅវិញ។
បើតាមដំណើររឿងក្នុងអក្សរសិល្ប៍បុរាណរបស់តួកគីឲ្យដឹងថាអណ្តាតភ្លើងទាំងនេះបានបង្កើតឲ្យមានអាទិទេពមួយអង្គឈ្មោះស៊ីមេរ៉ាដែលជាសភាវៈល្អសម្រាប់ដុតកម្លោចនូវសភាវៈអាក្រក់ឬសត្វតិរច្ឆាននានាដូចជាសត្វតោនិងសត្វពស់ជាដើម។
តំបន់ថ្មដែលមានអណ្តាតភ្លើងឆេះឆាបចេញពីឧស្ម័នមេតាននិងខ្យល់នេះមានផ្ទៃដីទំហំ៥០០០ម៉ែត្រក្រឡា។ កម្តៅភ្លើងបានពីចំហេះឧស្ម័នមេតាននិងខ្យល់មានលក្ខណៈល្អប្រសើរសម្រាប់មនុស្សទៅកាន់តំបន់ភ្នំនោះនារដូវរងាតែម្តងគឺវាជួយការពារនូវធាតុត្រជាក់។ អណ្តាតភ្លើងដែលឆេះចេញពីរន្ធថ្មនេះបានបន្តឆេះរហូតមិនដាច់ឡើយ អស់រយៈពេល២៥០០ឆ្នាំមកហើយ៕ PR
ប្រភពពី៖ ភ្នំពេញ ប៉ុស្តិ៍
No comments:
Post a Comment