Monday, September 9, 2013

បូនីតា ដាដេណា​សម្តែង​ឆន្ទៈ​គាំទ្រ​បក្ស​ប្រឆាំង​បើក​ចំហ

បូនីតា ដាដេណា​​ នៅកម្មវិធីអាណាចក្រ​តារា។

 រូបថត ហុង​ មិនា
ភ្នំពេញ : មិនមាន​តារាសិល្បៈ​ខ្មែរ​ណា​ម្នាក់​ក្លាហាន​ហ៊ាន​ចេញ​មុខ​បង្ហាញ​ឆន្ទៈ​គាំទ្រ​គណបក្ស​ប្រឆាំង​ដោយ​ចំហ​ខណៈ​ដែល​មាន​ការ​ខ្សឹបខ្សៀវ​ថា តារា​ប្រុសស្រី​មួយ​ចំនួន​ខ្លាច​បាត់បង់​ឱកាស​ឡើង​ឆាក​តាម​ស្ថានីយ​ទូរទស្សន៍​នោះ។

ដោយឡែក តារាសម្តែង​ជើងចាស់​និង​ជា​ចាងហ្វាំង​ផលិតកម្ម​ភាពយន្ត​អធិមង្គល​អ្នកនាង បូនីតា ដាដេណា កាលពី​ថ្ងៃ​ទី​៧​ខែ​កញ្ញា មិន​ត្រឹម​សម្ដែង​ការ​គាំទ្រ​គណបក្ស​ប្រឆាំង​ជា​សាធារណៈ​ជាមួយ​ហ្វូង​បាតុករ​ជាច្រើន​នាក់​នោះ​ទេ​នាង​ក៏​បាន​បញ្ចេញ​នូវ​ឆន្ទៈ​និង​កាយវិការ​មមាញឹក​ជាមួយ​ក្រុម​ការងារ​សកម្មជន​របស់​បក្ស ដោយ​មិន​ខ្លាច​បាត់បង់​ឱកាស​ការងារ​សិល្បៈ​អ្វី​ឡើយ។

អ្នកនាង បូនីតា ដាដេណា មុន​នេះ​អ្នកនាង​បាន​សរសេរ​បង្ហាញ​ពី​ក្ដីអាណិតអាសូរ​ដល់​កងទ័ព ដោយ​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា​ក្តុកក្ដួល​ណាស់​ពេល​ដែល​ឮ​បង​ៗ​កងទ័ព​និយាយ​ពី​ទុក្ខលំបាក​របស់​គាត់ និង​ភាព​កង្វះខាត​នៃ​ក្រុម​គ្រួសារ​របស់​គាត់។ វា​ប្រាកដ​ណាស់​ប្រាក់ខែ​ពួកគាត់​មិន​អា

ផ្គត់ផ្គង់​ក្រុម​គ្រួសារ​គាត់​បាន​! កុំ​ថា​ឡើយ​ដល់​ចំណាយ​ក្នុង​ក្រុម​គ្រួសារ​បើសិន​ជា​គាត់​យក​ទៅ​ប្រើប្រាស់​តែ​ខ្លួន​គាត់​ម្នាក់​ឯង​ក៏​មិន​គ្រប់គ្រាន់​ផង​»។ អ្នកនាង​បាន​និយាយ​ថា​៖ «​ខ្ញុំ​សុំ​និយាយ​ស្មោះ​ប្រាប់​ទៅ​បង​ៗ​យុវជន​(កងទ័ព)​ថា​ខ្ញុំ​ស្រឡាញ់​និង​អាណិត​ណាស់​បង​ៗ ខ្ញុំ​ចង់​ជួយ​ពួកបង​ណាស់​តែ​ខ្ញុំ​គ្មាន​លទ្ធភាព​ទេ... បង​ដឹង​ហើយ​ជីវិត​ជា​អ្នកសិល្បៈ​បាន​តែ​ល្អ​មើល​ទេ​»។
អ្នកនាង បូនីតា ដាដេណា បាន​លើក​ឡើង​នូវ​ភាព​លំបាក​ដែល​នាង​ជួប​ក្នុង​ជីវិត​សិល្បៈ​ថា​៖ «​រាជរដ្ឋាភិបាល​នាយកដ្ឋាន​ភាពយន្ត​គេ​រឹតបន្តឹង​ណាស់​គេ​មិន​ឲ្យ​យើង​ថត​អ្វី​ដែល​សាហាវ​ពេក​ទេ.​.. ពេល​ទៅ​ឆ្លង​រឿង​ម្ដង​ៗ​គេ​ថា​ខុស​នេះ​ខុស​នោះ​ខ្មោច​សម្លាប់​សាហាវ​ពេក​អ៊ីចឹង​ហើយ​បាន​ជា​កុន​ខ្មែរ​យើង​ងើប​មិន​រួច​សោះ​តែ​បើ​កុន​បរទេស​ចូល​វិញ​ទោះ​បី​ធាក់​លោក​ចំកណ្ដាល​មុខ​ក៏​នាយកដ្ឋាន​ឲ្យ​ចេញ​ដែរ។​ខ្ញុំ​ឆ្អែតចិត្ត​នឹង​ច្បាប់​សិល្បៈ​នៅ​ស្រុក​ខ្មែរ​ណាស់​រាល់​ថ្ងៃ​នេះ ប៉ុន្តែ​ដោយ​ការ​ស្រឡាញ់​ក៏​ចេះ​តែ​ស៊ូទ្រាំ​ទៅ​»។
កន្លង​មក​ក៏​ធ្លាប់​មាន​តារា​មួយ​ចំនួន​បង្ហើប​ឲ្យ​ដឹង​ថា មាន​តារា​ប្រុសស្រី​ខ្មែរ​ខ្លះ​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ គ្រាន់​តែ​ពួក​ទាំងអស់​នោះ​មិន​ហ៊ាន​ចេញ​មុខ​ខ្លាច​គេ​លែង​ឲ្យ​ឡើង​ប៉ុស្តិ៍ ឬ​ត្រូវ​បណ្តេញ​ចេញ​ពី​ផលិតកម្ម​ឬ​លែង​ហៅ​ថតរឿង​ជាដើម។ ប៉ុន្តែ​ដោយឡែក​អ្នកនាង បូនីតា ដាដេណា បែរ​ជា​ហ៊ាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​គាំទ្រ​បក្ស​ប្រឆាំង​ដោយ​មិន​បារម្ភ​ការ​ប្រឈម​នឹង​ហានិភ័យ​ការងារ​សិល្បៈ​នោះ​ឡើយ។ អ្នកនាង​បាន​ចូលរួម​ធ្វើ​បាតុកម្ម​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​រហូត​ដល់​ចប់​កម្មវិធី។ ក្រៅពី​បញ្ចេញ​សកម្មភាព​ញាប់ដៃ​ញាប់ជើង​ចែក​ទឹកសុទ្ធ​ចែក​ផ្កា​ក៏​ដូចជា​ជួយ​ចង​បូក្បាល​ដែល​មាន​អក្សរ​ចង​នៅ​លើ​ក្បាល​ក្រុម​បាតុករ​ផ្សេង​ៗ​និង​ថតរូប​ជាមួយ​ថ្នាក់ដឹកនាំ​របស់​បក្ស​ជាច្រើន​សន្លឹក​ដើម្បី​បង្ហោះ​នៅលើ​ហ្វេសប៊ុក​អម​ជាមួយ​ការ​សរសេរ​ថា​៖ «​គ្មាន​អ្វី​សប្បាយ​ចិត្ត​ជាង​ថ្ងៃ​នេះ​ទេ»។
អ្នកនាង​បាន​បញ្ជាក់​ទៀត​ថា​៖ «​នាង​បាន​លះបង់​កម្លាំងកាយ​ចិត្ត​និង​ពេលវេលា​ចូលរួម​យ៉ាង​សកម្ម​ទាមទា​រក​ភាព​យុត្តិធម៌​មិន​ខ្លាច​នឿយហត់​បើ​ទោះ​បី​ជា​ការងារ​សិល្បៈ​របស់​នាង​កំពុង​តែ​មមាញឹក​យ៉ាង​ណា​ក៏​ដោយ​»។
ឆ្លើយឆ្លង​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​នៅ​រសៀល​ថ្ងៃ​ទី​៨​ខែ​កញ្ញា​នេះ ក្រៅពី​អះអាង​ថា នោះ​គឺជា​សកម្មភាព​និង​ទឹកចិត្ត​ផុស​ចេញ​ពី​បេះដូង​ពិត អ្នកនាង​បាន​ប្រាប់​ថា​៖ «​កន្លង​មក​ខ្ញុំ​ប្រឡូក​ក្នុង​សិល្បៈ​មិន​សូវ​ជា​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ក្នុង​រង្វង់​សិល្បៈ​ដូចគ្នា​នោះ​ទេ មាន​តែ​អ្នក​ឈ្នានីស​ខ្ញុំ ខ្ញុំ​ធ្វើអ្វី​ក៏​ពិបាក​ដែរ ធ្វើអ្វី​ក៏​ខុស និង​មិន​សូវ​ទទួល​បាន​ការ​ខ្វល់ខ្វាយ​ពី​អ្នកសិល្បៈ​រួម​អាជីព​ដែរ។ កន្លងមក​អ្នក​គាំទ្រ​ខ្ញុំ​ភាគច្រើន​មាន​តែ​អ្នកក្រីក្រ​»។
តារាសម្តែង​និង​ជា​ថៅកែ​ផលិតកម្ម​អធិមង្គល អ្នកនាង បូនីតា ដាដេណា បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​ក៏​មាន​ការ​ឈឺចាប់​ដែរ ក្នុង​រង្វង់សិល្បៈ​តែ​ពេល​នេះ​ខ្ញុំ​ក៏​មិន​បោះបង់​ដែរ​សិល្បៈ បើ​មាន​ឱកាស​ខ្ញុំ​នឹង​នៅ​តែ​បន្ត​សិល្បៈ​និង​បន្ត​ផលិត​កុន​តទៅ​ទៀត​»។
នាង​ក៏​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​នេះ​ជា​ឆន្ទៈ​របស់​ខ្ញុំ​ចេញ​ពី​បេះដូង ខ្ញុំ​ស្រឡាញ់​ឆន្ទៈ​លោក សម រង្ស៊ី។ អ្នកសិល្បៈ​ក៏​មាន​សិទ្ធិ​ស្រឡាញ់​និង​ជ្រើសរើស​គណបក្ស​ដែល​ខ្លួន​យល់ថា​ល្អ​ដូច​ប្រជាពលរដ្ឋ​ដទៃ​ដែរ​»។
ជាមួយ​គ្នា​នោះ ប្រធាន​សមាគម​សិល្បៈ​លោក សុះ ម៉ាច​បាន​ឲ្យ​ដឹង​ថា​៖ «​នោះ​មិនមែន​ជា​ការ​ខុសឆ្គង​នោះ​ទេ សម្រាប់​អ្នកនាង បូនីតា ដាដេណា ដែល​គាត់​ទៅ​ចូលរួម​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ទៅ​ចូលរួម​ធ្វើ​បាតុកម្ម​ជាមួយ​គណបក្ស​នោះ​»។
លោក​បាន​បញ្ជាក់​ថា​៖ «​នេះ​ជា​សិទ្ធិ​របស់​គាត់ ព្រោះ​គាត់​ក៏​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែរ គាត់​មាន​សិទ្ធិ​ជ្រើសរើស​បក្ស​ដែល​គាត់​គិតថា​ល្អ​សម្រាប់​គាត់​ដែរ។ ដូច​ឃើញ​ស្រាប់​ហើយ​កន្លង​មក​យើង​ឃើញ​មាន​សិល្បករ​សិល្បការិនី​យើង​គាំទ្រ​គណបក្ស​ប្រជាជន​ក៏ច្រើន​ដែរ នោះ​ក៏​ជា​សិទ្ធិ​គាត់​គ្មាន​នរណា​ទៅ​ហាមឃាត់​គាត់​ទេ​»។
លោក សុះ ម៉ាច​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ថា​មិន​បាន​ដូចជា​អ្នកនាង បូនីតា ដាដេណា មាន​ការ​ពេញនិយម​សម្រាប់​ការងារ​សិល្បៈ​នៅ​ខាងក្រៅ​វិញ​ក៏​មិន​ដឹង​ព្រោះ​ថា បងប្អូន​ខ្មែរ​នៅ​ក្រៅប្រទេស​ភាគច្រើន​គាត់​មាន​ការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ពេល​ឃើញ​អ្នកនាង​បញ្ចេញ​នូវ​ឆន្ទៈ​ស្មោះស្ម័គ្រ​នោះ​គេ​ក៏​ចូលចិត្ត​នាង​ដែរ​»។
លោក សុះ ម៉ាច ក៏​ស្នើ​ដល់​សិល្បករ​សិល្បការិនី​សុំកុំ​រើសអើស​អ្នកសិល្បៈ​ដូចគ្នា ចង់​អ្នកណា​ទៅ​គាំទ្រ​បក្ស​ណា​ក្ដី​ត្រូវ​ចេះ​សាមគ្គី​គ្នា​ព្រោះ​នៅ​ប្រទេស​គេ អ្នក​សិល្បៈ​ក៏​អាច​បង្ហាញ​ឆន្ទៈ​នយោបាយ​ដែរ ព្រោះ​នេះ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​គ្រប់​រូប៕


No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...