ក្រុងញូវយ៉ក ៖ ផែនការដែលអាមេរិក វាយប្រហារប្រទេសស៊ីរី ដើម្បីផ្តួលរំលំរបបផ្តាច់ការ របស់ប្រធានាធិបតីស៊ីរី លោក អាល់ អាសាដ កាន់តែខិតជិតមកដល់ហើយ បន្ទាប់ពីអង្គការសហប្រជាជាតិ បានចេញរបាយការណ៍មួយបញ្ជាក់ថា " យ៉ាងច្បាស់លាស់ និង យ៉ាងពិតប្រាកដ " គឺសព្វាវុធគីមី ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសស៊ីរី។
យោងតាមរបាយការណ៍ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា សារធាតុគីមីត្រូវបានប្រើ ក្នុងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតមួយ ក្នុងរដ្ឋធានីដាម៉ាស របស់ស៊ីរីកាលពីខែមុន ទោះជាយ៉ាងណា របាយការណ៍នេះ មិនបានដាក់បន្ទុកស្តីបន្ទោស នរណាម្នាក់នោះទេ បើទោះបីជាមានភស្តុតាង បញ្ជាក់អំពី ការសម្លាប់ ជនស្លូតត្រង់ យ៉ាងរាលដាលក៏ដោយ។ លោក បាន គីមូន អគ្គលេខាធិការ អង្គការសហប្រជាជាតិ បាននិយាយថា " នេះគឺជាឧក្រិដ្ឋកម្មសង្គ្រាម "។
ការចោទប្រកាន់ របស់អាមេរិកដែលថា រដ្ឋាភិបាលស៊ីរី គឺជាអ្នកទទួលខុសត្រូវនោះ បាននាំទៅដល់ការព្រមានប្រើ ចំណាត់ការយោធា និងបន្ទាប់មក នាំឲ្យមានកិច្ចព្រមព្រៀង រវាងអាមេរិក និងរុស្ស៊ី ដើម្បីឲ្យស៊ីរីរក្សាសុវត្ថិភាព អាវុធគីមីរបស់ខ្លួន។ ក្រុមប្រទេសមហាអំណាច នៅលើពិភពលោក បានព្យាយាមសម្រេចឲ្យបាន នូវដំណោះស្រាយមួយ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បណ្តាប់ពីមានភាពចម្រូងចម្រាស់ ពីការបង្កសង្គ្រាម នៅប្រទេសស៊ីរី។
មុននេះតែបន្តិច ក្រុមអ្នកស៊ើបអង្កេតរបស់ អង្គការសហប្រជាជាតិ បាននិយាយថា ពួកគេកំពុងស៊ើបអង្កេតការវាយប្រហារ ដោយអាវុធគីមី តាមការចោទប្រកាន់ ចំនួន ១៤ ករណី ក្នុងប្រទេសស៊ីរី ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១១។ យ៉ាងណាក៏ដោយ របាយការណ៍ របស់អង្គការសហប្រជាជាតិ អាចក្លាយជា មូលដ្ឋានដែលសភាអាមេរិកអនុម័ត ឲ្យមានចំណាត់ការយោធា ទៅលើប្រទេសស៊ីរី ដែលពេលនោះប្រធានាធិបតីអាមេរិក នឹងដាក់ចេញនូវបទបញ្ជាភ្លាមៗ។
ក្រសួងការពារជាតិអាមេរិក នៅបន្តរង់ចាំការ អនុម័តចុងក្រោយពី សភានិងព្រឹទ្ធសភា ប៉ុណ្ណោះ គឺអាចចាប់ផ្ដើមវាយប្រហារភ្លាមៗ ទៅលើរបបផ្ដាច់ការនៅស៊ីរី ក្នុងគោលបំណងរំដោះ ប្រជាជនចេញពីការសម្លាប់ រង្គាលរបស់លោក អាល់ អាសាដ។ សម្រាប់ប្រតិបត្តិការនេះ អាមេរិកបានព្រមានថា ខ្លួនវាយប្រហារប្រទេសស៊ីរី តែពីរថ្ងៃប៉ុណ្ណោះ គឺអាចផ្ដួលរំលំរបប លោក អាល់ អាសាដ បានដោយជោគជ័យ។
អ្នកនាំពាក្យកងទ័ពជើងទឹកអាមេរិកលោក Ray Mabus បាននិយាយថា ការវាយប្រហារទៅលើប្រទេសស៊ីរី នឹងចាប់ផ្ដើមភ្លាម ប្រសិនបើលោក អូបាម៉ា ចេញបទបញ្ជា។ ប៉ុន្តែលោកថា អ្វីដែលអាមេរិកនៅរង់ចាំ គឺដំណោះស្រាយការទូត ហើយបើបរាជ័យ គឺការវាយលុកទៅលើរបប លោក អាល់ អាសាដ នឹងចាប់ផ្ដើមភ្លាម។ លោក Ray Mabus បញ្ជាក់ថា នាវាចម្បាំងជាច្រើនគ្រឿង របស់អាមេរិក បានទៅដល់លើសមុទ្រ Mediterranean នៃប្រទេសស៊ីរី។
កងទ័ពអាមេរិកបានរៀបចំ ជើងទម្រកាំជ្រួច យ៉ាងរៀបរយ គឺវាមានប្រសិទ្ធភាព ក្នុងការបាញ់ចំគោលដៅ ទៅកាន់ភាគីសត្រូវ។ លោក Ray Mabus បញ្ជាក់ថា មាននាវាចម្បាំងអាមេរិកជាច្រើនគ្រឿងទៀត បានទៅដល់ឈូងសមុទ្រ ពែក្ស ជិតប្រទេសស៊ីរីរួចហើយដែរ។ ប្រសិនបើប្រតិបត្តិការ កងទ័ពអាមេរិកចាប់ផ្ដើម គឺគេត្រូវវាយឲ្យលឿន ដូចភ្នែកបន្ទោល ហើយភ្លាមនោះ នឹងប្រកាសថា ចំគោលដៅ ដែលត្រូវបានកំណត់ ក្នុងប្រតិបត្តិការនេះ៕
No comments:
Post a Comment