Thursday, October 31, 2013

ក្រុង​នឹង​ដក​សិទ្ធិ​គ្រប់​គ្រង​ដី​នៅ បុរីកីឡា ពី​ក្រុមហ៊ុន ផានអ៊ីម៉ិច

ក្រុម​​​សន្តិសុខ​ និង​​​​អាជ្ញាធរ​​​​​​​ក្រុង​​ភ្នំពេញ បាន​​ប្រើ​​​ហិង្សា​យ៉ាង​​កំ​រោល​​​រំលោភ​​​​​​លើ​​បុរស​​ម្នាក់​​ ក្នុង​​ចំណោម​​​ពល​រដ្ឋ​បុរី​កីឡាជា​ច្រើននាក់​ ក្នុង​ពេល​​​ប៉ះ​​ទង្គិច​​គ្នា​កាលពី​ម្សិល​មិញ​​។ រូបថត ហុង មិនា​


























ភ្នំពេញៈ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ចំនួន​ពីរ​លើក រវាង​ប្រជា​ពលរដ្ឋ​រងគ្រោះ​ដោយ​សារ​បញ្ហា​វិវាទ​ដី​ធ្លី និង​សមត្ថកិច្ច កាល​ពី​ព្រឹក​ម្សិលមិញ ដែល​យ៉ាង​ហោច​ណាស់ ប្រជា​ពលរដ្ឋ ២ នាក់​រង​របួស និង​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន ភ្លាមៗ​បន្ទាប់​ពី​នោះ លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​បាន​ប្រកាស​ដក​ហូត​សិទ្ធិ​គ្រប់​គ្រង តំបន់ បុរីកីឡា ពី​ក្រុមហ៊ុន ផានអ៊ីម៉ិច។ នេះ​បើ​តាម​តំណាង​ប្រជា​ពលរដ្ឋ​រងគ្រោះ ដែល​បាន​ចូល​ជួប​លោក ប៉ា សុជាតិវង្ស។
កាល​ពី​ព្រឹក​ម្សិលមិញ មាន​ការ​ប៉ះ​ទង្គិច​គ្នា​ពីរ​លើក​ដែល​យ៉ាង​ហោច​ណាស់​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ ចំនួន ២នាក់ បាន​រង​របួស និង​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន ខណៈ​ដែល​ប្រជា​ពលរដ្ឋ​ជិត ២០០ នាក់ មក​ពី ៥ សហគមន៍ បាន​ដើរ​តវ៉ា ហើយ​បាន​បិទ​កំណាត់​ផ្លូវ ព្រះ​មុនីវង្ស នៅ​ខាង​មុខ​សាលា​រាជធានី។
ប្រជា​ពលរដ្ឋ​ទាំង​នេះ មក​ពី​សហគមន៍ បុរី​កីឡា បឹងកក់ ថ្មគោល បឹងឈូក និង​សហគមន៍ ស្ទឹង​មាន​ជ័យ ដោយ​ពួក​គាត់ បាន​ដើរ​ដង្ហែ​ជា​ក្បួន ពី​តំបន់ បុរី​កីឡា ស្ថិត​ក្នុង​សង្កាត់ វាលវង់ ខណ្ឌ ៧ មករា សំដៅ​មក​សាលា​រាជធានី ប៉ុន្តែ​នៅ​ខណៈ​ដង្ហែ​មក​ដល់​ខាង​មុខ​វិមាន​សន្តិភាព ពលរដ្ឋ​ក៏​បាន​ឈប់​តវ៉ា​នៅ​ទីនោះ ហើយ​បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កម្លាំង​សមត្ថកិច្ច បណ្តាល​ឲ្យ​យុវនារី ញ៉ែន ស្រីមុំ អាយុ ១៤ ឆ្នាំ និង​អ្នក​ស្រី សោម ចាន់ណាវី អាយុ ៤៣ ឆ្នាំ រង​របួស​។ បន្ទាប់​មក នៅ​វេលា​ម៉ោង​ប្រមាណ ៩ និង ៤៥ នាទី​ព្រឹក ពលរដ្ឋ​ទាំង​នោះ ក៏​បាន​បិទ​កំណាត់​ផ្លូវ ព្រះ​មុនីវង្ស ខាង​មុខ​សាលា​រាជធានី ហើយ​ក្រុម​សន្តិសុខ​បាន​ចូល​ទៅ​វាយ​ប្រជា​ពលរដ្ឋ​ទាំង​នោះ និង​បាន​ចាប់​ខ្លួន​បុរស​ម្នាក់។
លោក ចាន់ សុវេត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា អាជ្ញាធរ​រាជធានី​បាន​អនុញ្ញាត​ឲ្យ​តំណាង​ប្រជា​ពលរដ្ឋ​ចំនួន ១០ នាក់ មក​ពី​សហគមន៍ បុរីកីឡា បឹងកក់ និង​ថ្មគោល ចូល​ជួប​ជាមួយ​អភិបាល​រាជធានី។ លោក​បាន​ឲ្យ​ដឹង​ថា៖ «ប្រសិន​បើ​សាលា​រាជធានី មាន​ក្រុម​ការងារ​មក​សម្រប​សម្រួល​តាំង​ពី​ដំបូង​ក៏​គ្មាន​ការ​បិទ​ផ្លូវ ហើយ​ក៏​គ្មាន​ការ​ប៉ះ​ទង្គិច​គ្នា និង​មាន​ការ​ចាប់​មនុស្ស​បែប​នេះ​ដែរ»។
លោក ពេជ្រ លឹមឃួន តំណាង​ប្រជា​ពលរដ្ឋ​សហគមន៍ បុរីកីឡា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​ពិភាក្សា​ប្រមាណ ៣០ នាទី​នោះ​បន្ទាប់​ពី​បាន​ស្តាប់​ពី​ការ​រៀបរាប់​នូវ​ទុក្ខ​លំបាក​របស់​ប្រជា ​ពលរដ្ឋ លោក ប៉ា សុជាតិវង្ស បាន​ថ្លែង​ដោយ​ផ្តល់​ក្តី​សង្ឃឹម​ដល់​ប្រជា​ពលរដ្ឋ​នៅ​សហគមន៍ បុរីកីឡា។
លោក លឹមឃួន បាន​អះអាង​ថា៖ «លោក ប៉ា សុជាតិវង្ស បាន​ប្រកាស​នៅ​ចំពោះ​មុខ​ខ្ញុំ និង​តំណាង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ថា គាត់​នឹង​ដក​ហូត​សិទ្ធិ​គ្រប់​គ្រង​តំបន់ បុរីកីឡា ពី​ក្រុមហ៊ុន ផានអ៊ីម៉ិច ហើយ​គាត់​នឹង​កោះ​អញ្ជើញ​តំណាង​ក្រុមហ៊ុន​មក​ប្រជុំ​ជា​បន្ទាន់ ស្ដី​ពី​បញ្ហា​នេះ នៅ​ល្ងាច​ថ្ងៃ​ពុធ [ម្សិលមិញ]»។ លោក ប៉ា សុជាតិវង្ស បាន​សន្យា​ថា គាត់​នឹង​ដោះស្រាយ​បញ្ហា​លំនៅឋាន ជូន​ប្រជា​ពលរដ្ឋ បុរីកីឡា ទាំង​អស់​គ្នា នៅ​ក្នុង​កាលៈទេសៈ​ដ៏​សមរម្យ​មួយ ប៉ុន្តែ លោក​អភិបាល​បាន​សុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ផ្ដល់​ពេល​វេលា​បន្ថែម​ទៀត​សម្រាប់​ រូប​គាត់​។ ទោះ​ជា​បែប​ណា លោក លឹមឃួន បាន បញ្ជាក់​ថា នៅ​ក្នុង​រយៈ​ពេល​មួយ​ខែ​ទៀត​ប្រសិន​បើ​មិន​មាន​ដំណោះស្រាយ​ទេ​ពួក​លោក នឹង​ធ្វើ​ការ​តវ៉ា​ជា​ថ្មី​ទៀត។
កង​កម្លាំង​សា​លា​រាជ​ធានី ព្រួត​គ្នា​សង្គ្រប់​វាយ​ទាត់​ធាក់​បុរស​​អ្នក​តវ៉ា​​​​។ រូបថត ម៉ៃ វីរៈ







ចំណែក​ឯ​លោក ចាន់ ពុទ្ធិសក្ដិ តំណាង​ពលរដ្ឋ​សហគមន៍ បឹងកក់ ចំនួន ១៩ គ្រួសារ ដែល​មក​ពី​ភូមិ ១ សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ បាន​និយាយ​ថា នៅ​ក្នុង​ជំនួប​នោះ លោក ប៉ា សុជាតិវង្ស មិន​បាន សន្យា​ណា​មួយ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដី​ធ្លី​នៅ​តំបន់ បឹងកក់ ទេ។ លោក ពុទ្ធិសាក់ បាន​ថ្លែង​ថា៖ «គាត់​បាន​ប្រាប់​ឲ្យ​យើង​ខ្ញុំ​នៅ​ស្ងៀម​មួយ​រយៈ​សិន ប៉ុន្តែ​មិន​បាន​ប្រាប់​ថា​តើ​គាត់​នឹង​ដោះស្រាយ​បញ្ហា​របស់​យើង​ខ្ញុំ​នៅ​ ពេល​ណា​នោះ​ទេ»។ លោក ពុទ្ធិសាក់ បាន​អះអាង​ថា នៅ​ពេល​ដែល​លោក​បាន​សួរ​ដេញ​ដោល ថា​តើ​នៅ​ពេល​ណា ទើប​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ នៅ​តំបន់ បឹងកក់ នោះ លោក សុជាតិវង្ស បាន​ជំរុញ​ឲ្យ​លោក​ទៅ​ដើរ​តវ៉ា​តាម​អ្នក​ស្រី ទេព វន្នី តំណាង​សហគមន៍ បឹងកក់។ «នេះ​គឺជា​ចម្លើយ​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ខ្ញុំ​គ្មាន​ក្ដី​សង្ឃឹម​ទាល់​តែ​ សោះ​ថា មាន​ដំណោះស្រាយ»។
លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​បាន​ថ្លែង​ថា លោក​អភិបាល ពិត​ជា​បាន​មាន​ប្រសាសន៍​ដូច​អ្វី​ដែល​តំណាង​ពលរដ្ឋ​ក្នុង​សហគមន៍ បុរីកីឡា បាន​លើក​ឡើង​មែន ប៉ុន្តែ​អ្វី​ដែល​ខាង​តំណាង​សហគមន៍ បឹងកក់ អះអាង​នោះ​មាន​ចំណុច​ខ្លះ មិន​ត្រឹម​ត្រូវ​ទេ។ លោក​ថ្លែង​ថា៖ «ដូច​ដែល​ឯកឧត្តម​អភិបាល បាន​លើក​ឡើង នៅ​ក្នុង​ជំនួប​ប្រជុំ​ពិភាក្សា ជាមួយ​ពល​រដ្ឋ​នៃ​សហគមន៍ បឹងកក់ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ថា ដំណោះស្រាយ​នឹង​ត្រូវ​ដោះ​ជូន​បង​ប្អូន​ទាំង​អស់​នៅ​ក្នុង​តំបន់ បឹងកក់ ប៉ុន្តែ ការ​ដោះស្រាយ​គឺ​ត្រូវ​ធ្វើ​ឡើង​មួយ​ជំហាន​ម្ដងៗ តាម​ដំណាក់កាល និង​ស្រប​តាម​នីតិវិធី​ច្បាប់»។
អ្នក​ស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន ផានអ៊ីម៉ិច ដែល​ទទួល​បាន​សិទ្ធិ​គ្រប់​គ្រង​តំបន់ បុរីកីឡា មិន​អាច​ទាក់​ទង​សុំ​ការ​ពន្យល់​បាន​ទេ កាល​ពី​ម្សិលមិញ៕ 
ប្រភពពី៖ ខ្មែរស្ថាបនា

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...