បាតុករលើករូបថតគំាំទ្រ Edward Snowden នៅទីក្រុង
Hong Kong, កាលពីខែមិថុនា ឆ្នាំ ២០១៣។
© RFI
|
ឯកសារសម្ងាត់របស់អតីតបុគ្គលិក ភ្នាក់ងារស៊ើបអង្កេតរបស់អាមេរិក Edward Snowden ស្តីពីការឈ្លបយកការណ៍របស់រដ្ឋាភិបាលអាមេរិកលើរដ្ឋាភិបាលនានានៅ ក្នុងពិភពលោក ត្រូវបានបញ្ចេញជាបន្តបន្ទាប់។ នៅក្នុងសប្តាហ៍នេះ សារព័ត៌មានរបស់អូស្ត្រាលីបានផ្សាយថា អាមេរិកក៏បានឈ្លបយកការណ៍ និងយកទិន្នន័យនានារបស់រដ្ឋាភិបាលនៅអាស៊ី
ដែលក្នុងនោះក៏មានកម្ពុជាដែរ។
កម្ពុជាក៏បានស្ថិតនៅក្នុងចំណោមប្រទេសនៅអាស៊ី ដែលត្រូវបានឈ្លបយកការណ៍ដោយក្រុមភ្នាក់ងារសន្តិសុខជាតិរបស់ អាមេរិកផងដែរ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានបារាំង AFP។ សំណុំរឿងរដ្ឋាភិបាលអាមេរិកដែលឈ្លបយការណ៍ និងយកទិន្នន័យសម្ងាត់របស់រដ្ឋាភិបាលនានាក្នុងពិភពលោកនោះ បានបង្កើតអោយមានភាពតានតឹងផ្នែកការទូតរវាងអាមេរិក និងប្រទេសនៅអឺរ៉ុប។
នៅពេលនេះ រឿងអាស្រូវឈ្លបយកការណ៍របស់ទីភ្នាក់ងារសន្តិសុខជាតិអាមេរិកកំពុង ផ្ទុះនៅតំបន់អាស៊ី បន្ទាប់ពីសារព័ត៌មានអូស្ត្រាលីឈ្មោះ Sydney Morning Herald បានបញ្ចេញឯកសារសម្ងាត់របស់ Edward Snowden អតីតបុគ្គលិកភ្នាក់ងារសន្តិសុខជាតិអាមេរិក។ ឯកសាររបស់Edward Snowden ដែលបានបង្ហាញអំពីការឈ្លបយការណ៍របស់ទីភ្នាក់ងារសន្តិសុខជាតិ អាមេរិក ក៏មាននៅអាស៊ីដូចជា ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងកម្ពុជា ជាដើម។
សារព័ត៌មាន Sydney Morning Herald ដដែលបានបង្ហាញថា អូស្ត្រាលីក៏បានពាក់ព័ន្ធនឹងការងារឈ្លបយកការណ៍របស់រដ្ឋាភិបាល អាមេរិកដែរ។ សារព័ត៌មាននេះបាននិយាយថា ស្ថានបេសកកម្មទូតរបស់អូស្ត្រាលីត្រូវបានប្រើប្រាស់ដើម្បីជាមធ្យោបាយ ចាប់យកទិន្នន័យ និងការសន្ទនាតាមទូរស័ព្ទ ដែលនេះផ្នែកមួយនៃការងារឈ្លបយកការណ៍របស់រដ្ឋាភិបាលអាមេរិក។
វិទ្យុបារាំងមិនអាចទាក់ទងបានមន្ត្រីរដ្ឋាភិបាលក្រុងភ្នំពេញដើម្បី បញ្ជាក់អំពីព័ត៌មាននេះបានឡើយ ខណៈរដ្ឋាភិបាលចិន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីបានកោះហៅតំណាងបេសកកម្មទូតរបស់អាមេរិក និងអូស្ត្រាលីប្រចាំប្រទេសរបស់ពួកគេនោះ អោយបំភ្លឺចំពោះសេចក្តីរាយការណ៍របស់សារព័ត៌មាន Sydney Morning Herald នោះ។
រដ្ឋាភិបាលទាំងនោះសុទ្ធតែបានថ្លែងព្រួយបារម្ភអំពីការស្រុតចុះនៃ ទំនាក់ទំនងទ្វេភាគីរវាង ប្រទេសរបស់ពួកគេ ជាមួយអាមេរិក និងអូស្ត្រាលី។
ក្នុងចំណោមប្រទេសក្នុងសមាគមអាស៊ាន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីហាក់បានបញ្ចេញប្រតិកម្មខ្លាំងទៅនឹងសកម្មភាព ចារកិច្ចរបស់អាមេរិក។ ប្រមុខការទូតឥណ្ឌូនេស៊ី លោក ម៉ារទី ណាតាលេហ្កាវ៉ា បានអត្ថាធិប្បាយថា សកម្មភាពឈ្លបយកការណ៍របស់អាមេរិក ជាអំពើដែលមិនអាចទទួលយកបានឡើយ ខណៈរដ្ឋាភិបាលម៉ាឡេស៊ីនិយាយថា សកម្មភាពបែបនេះមិនគួរកើតមានរវាងមិត្តភក្តិនឹងគ្នានោះឡើយ។
ផ្ទុយទៅវិញ កម្ពុជា ថៃ និងមីយ៉ាន់ម៉ានៅមិនទាន់មានប្រតិកម្មយ៉ាងណានៅឡើយ៕
ប្រភពពី៖ ខេមរភាសា
No comments:
Post a Comment