Saturday, November 16, 2013

ប្រវត្តិ​នៃ​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​ជប៉ុន

លោក ស៊ីនហ្សូ អាបេ នាយក​រដ្ឋមន្ត្រី​ជប៉ុន
លោក ស៊ីនហ្សូ អាបេ នាយក​រដ្ឋមន្ត្រី​ជប៉ុន
លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ​បាន​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​សៅរ៍​រសៀល​ទី១៦​វិច្ឆិកា ដើម្បី​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវការ។ ឆ្លៀត​ឱកាស​នេះ ហ្សង់-​ហ្វ្រង់​ស័រ តាន់ សូម​ពន្យល់​បំភ្លឺ​ពី​ប្រវត្តិ​នៃ​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​ជប៉ុន។

កម្ពុជា​និង​ជប៉ុន ដែល​ពិត​មែន​តែ​មាន​ទំនាក់​ទំនង​មិត្ត​ភាព​រវាង​គ្នា​អស់​រយៈ​ពេល​៦០​ឆ្នាំ​កន្លង​មក​ហើយ ទើប​តែ​ស្និទ្ធ​ស្នាល​គ្នា​ខ្លាំង ចាប់​ពី​ដើម​ទសវត្សរ៍​ទី​៩០​មក​តែ​ប៉ុណ្ណោះ។

គឺ​ប្រវត្តិសាស្ត្រ​ដែល​ជា​អ្នក​បាន​ញែក​ប្រទេស​ទាំង​ពីរ​ឲ្យ​ដាច់​ឆ្ងាយ​ពី​គ្នា អស់​រយៈពេល​ជាង​៣០​បា្លយ​ឆ្នាំ។

នៅ​ខែ​មីនា​ឆ្នាំ​១៩៤៥ នា​ពេល​ដែល​កងទ័ព​ជប៉ុន​បាន​ចូល​កាន់​កាប់​ឥណ្ឌូចិន ព្រះមហាក្សត្រ​ខ្មែរ​នរោត្តម សីហនុ​ព្រះ​អង្គ​ទ្រង់​បាន​រេ​ទៅ​រក​មហា​អំណាច​អាស៊ី​មួយ​នេះ​បាន​មួយ​រយៈ​ខ្លី​តែ​ប៉ុណ្ណោះ ពី​ព្រោះ​ក្រោយ​ពី​ជប៉ុន​បាន​ចាញ់​សង្គ្រាម​លោក​លើក​ទី​ពីរ​នៅ​ខែសីហា​ឆ្នាំ​១៩៤៥ កង​ទ័ព​និង​អាជ្ញាធរ​បារាំង​បាន​វិល​មក​គ្រប់​គ្រង​ប្រទេស​កម្ពុជា​វិញ។​ក្រោយ​មក កម្ពុជា​និង​ជប៉ុន​បាន​បែក​គ្នា បាន​ចែកផ្លូវ​គ្នា​ដើរ ដោយ​ហេតុ​តែ​សង្គ្រាម​ត្រជាក់។​ ជប៉ុន​ប្រជាធិបតេយ្យ​បាន​ទៅ​ត្រូវ​គ្នា​នឹង​បស្ចិម​លោក ជា​ពិសេស​ត្រូវ​គ្នា​នឹង​សហរដ្ឋអាមេរិក។ កម្ពុជា​វិញ​អព្យាក្រឹត រួច​ហើយ​បាន​រេ​ប៉ុន្មាន​ឆ្នាំ​ទៅ​ខាង​សហរដ្ឋអាមេរិក តាម​រយៈ​របប​សាធារណរដ្ឋ​របស់​លន់ នល់ និង​ក្រោយ​មក​ទៀត បាន​ក្លាយ​ជា​ប្រទេស​កុម្មុយនីស្ត​រណប​ចិន មុន​នឹង​រណប​សូវៀត​នៅក្នុង​ទសវត្សរ៍​ទី៨០។
គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ទើប​ឃើញ​ជប៉ុន​ចេញ​មុខ​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​អភិក្រម​នៃ​ការ​កសាង​ស្ថាបនា​កម្ពុជា​ឡើង​វិញ។ គួរ​គូសបញ្ជាក់​ថា តាំង​ពី​ឆ្នាំ​១៩៩២​រហូត​មក​ទល់​សព្វថ្ងៃ ជា​មធ្យមភាគ ជប៉ុន​ផ្តល់​ជំនួយ​ឲ្យ​កម្ពុជា​ប្រមាណ​១០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ជា​ពិសេស​ដើម្បី​ជួស​ជុល​ ឬ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ និង​បង្កើត​ធនធាន​មនុស្ស។

ជា​ផ្លូវ​ការ រដ្ឋាភិបាល​ជប៉ុន​បន្ត​បន្ទាប់​គ្នា​បាន​អះអាង​ថា ខ្លួន​បាន​សម្រេច​ចិត្ត​មក​ជួយ កម្ពុជា​ដោយសារ​តែ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ក្រោយ​របប​ខ្មែរ​ក្រហម​ស្រដៀង​គ្នា​នឹង​ប្រវត្តិសាស្ត្រ​របស់​ជប៉ុន​ក្រោយ​សង្គ្រាម​លោក​លើក​ទីពីរ ពោល​គឺ​ប្រទេស​បាន​ខ្ទេចខ្ទី រីឯ​ប្រជាជន​ក៏​បាន​ស្លាប់​អស់​ច្រើន​ដែរ។

យ៉ាងណា​ក៏​ដោយ ជំនួយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​ជប៉ុន​ដល់​កម្ពុជា​នេះ ចង់​ឬ​មិន​ចង់ វា​ឋិត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​យុទ្ធសាស្ត្រ​របស់​ទីក្រុង​តូក្យូ​(Tokyo) ក្នុង​ការ​ពង្រីក​ឥទ្ធិពល​របស់​ជប៉ុន នៅ​កម្ពុជា​ដាច់​ដោយ​ឡែក​និង​នៅ​អាស៊ីអាគ្នេយ៍​ជា​ទូទៅ។ យុទ្ធសាស្ត្រ​នេះ មាន​គោល​ដៅ​ជា​សារវន្ត​ចំនួន​ពីរ។ ទីមួយ ជំនួយ​ទាំង​អស់​នេះ វា​ឆ្លើយតប​ទៅនឹង​មហិច្ឆតា​របស់​ជប៉ុន ក្នុង​នាម​ជា​មហា​អំណាច​អាស៊ី ដែល​ចង់​ដើរ​តួនាទី​កាន់តែ​សំខាន់ នៅ​ក្នុង​ទ្វីប​អាស៊ី។ ទីពីរ តាម​រយៈ​ជំនួយ​ទាំង​អស់​នេះ ជប៉ុន​ចង់​កាត់​បន្ថយ​ឬ​ខ្ទប់​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ជា​លំដាប់​របស់​ចិន​ទៅ​លើ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ដាច់ដោយឡែក ទៅ​លើ​កម្ពុជា​ជា​ពិសេស និង​ទៅ​ទ្វីប​អាស៊ី​ជា​ទូទៅ។ និយាយ​បែប​ផ្សេង ជំនួយ​សេដ្ឋកិច្ច​ទាំងអស់​នេះ គឺ​ជា​ឧបករណ៍​នយោបាយ​និង​ភូមិសាស្ត្រ​នយោបាយ​ក្នុងការ​ប្រជែង​ឥទ្ធិពល​ជាមួយ​ចិន​នៅក្នុង​តំបន់។

គឺ​នៅ​ក្នុង​បរិបទ​នេះ​ហើយ ដែល​គេ​អាច​យល់​ពី​ទំនាក់​ទំនង​បួន​គន្លាក់​ត្រួត​ពី​លើ​គ្នា​រវាង​ជប៉ុន​និង កម្ពុជា។ គន្លាក់​ទីមួយ គឺ​ទំនាក់​ទំនង​ទ្វេ​ភាគី ដែល​មាន​មូលដ្ឋាន​នៅ​លើ​ជំនួយ​និង​ប្រាក់​កម្ចី​ច្រើន​រយ​លាន​ដុល្លារ​របស់​ជប៉ុន​ដល់​កម្ពុជា​ក្នុង​មួយ​ឆ្នាំៗ​ ព្រម​ទាំង​ការពង្រឹង​សហប្រតិបត្តិការ​ផ្សេងៗ ដូច​យ៉ាង​នៅ​លើ​វិស័យ​វប្បធម៌ អប់រំ​ជាតិ ទេសចរណ៍ និង​សុខាភិបាល។ គន្លាក់​ទី​ពីរ គឺ​ទំនាក់​ទំនង នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ជំនួប​កំពូល​រវាង​ជប៉ុន​ និង​បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ រួម​មាន​ភូមា ថៃ ឡាវ កម្ពុជា និង​វៀតណាម។ គឺ​នៅ​ក្នុង​ទំនាក់​ទំនង​គន្លាក់​ទី​ពីរ​នេះ​ហើយ ដែល​ជប៉ុន​បាន​នឹង​កំពុង​បន្ត​ផ្តល់​ប្រាក់​រាប់​រយ​លាន​ដុល្លារ ដើម្បី​សាង​សង់​ហេដ្ឋា​រចនាសម្ព័ន្ធ​ត​ភ្ជាប់​គ្នា​បណ្តា​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ទាំង​នេះ។ គន្លាក់​ទី​បី​នៃ​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​ជប៉ុន វា ប្រព្រឹត្ត​ទៅ​នៅក្នុង​ក្របខ័ណ្ឌ​ជំនួប​កំពូល​រវាង​អាស៊ាន និង​ជប៉ុន។ រីឯ​គន្លាក់​ទី​បួន​វិញ គឺ​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ទំនាក់​ទំនង​រវាង​អង្គការ​សហប្រជាជាតិ ​និង កម្ពុជា។ គឺ​នៅ​ក្នុង​គន្លាក់​ទី​បួន​នេះ​ហើយ​ដែល​គេ ត្រូវ​ដឹង​ថា បើ​កុំ​តែ​បាន​ជំនួយ​មុន​គេ​បង្អស់​របស់​ជប៉ុន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ម្ល៉េះ​តុលាការ​ខ្មែរក្រហម​នឹង​មិន​អាច​កើត​ចេញ​ជា​រូប​រាង​បាន​ឡើយ។

និយាយ​រួម ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​ជប៉ុន នា​អំឡុងពេល​ជាង​២០​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​និង​កំពុង​បន្ត​មាន​លក្ខណៈ​កាន់​តែ​ស្និទ្ធស្នាល​ឡើង​ជា​លំដាប់។ ទំនាក់​ទំនង​នេះ “បរិសុទ្ធ​ណាស់” បើ​យោង​ទៅ​តាម​ព្រះរាជ​បន្ទូល​របស់​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ពី​ព្រោះ​មើល​មួយ​ភ្លែត ជប៉ុន​ក្នុង​នាម​ជា​មហា​អំណាច​សេដ្ឋកិច្ច ដូច​ជា​មក​ជួយ​កម្ពុជា ក្នុង​បុព្វហេតុ​មនុស្ស​ធម៌​សុទ្ធ​សាធ។ តែ​បើ​វិភាគ​ឲ្យ​ជ្រៅ​ទៅ គេ​នឹង​យល់​ភ្លាម​ថា ជំនួយ​ជប៉ុន​ដល់​កម្ពុជា ក៏​មាន​បង្កប់​ទៅ​ដោយ​ប្រយោជន៍​មួយ​ចំនួន​ដែរ៕

ប្រភពពី៖ ខេមរភាសា

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...