ភ្នំពេញ៖ សង្គ្រាមពាក្យសម្ដី តាមបណ្ដាញ ទំនាក់ទំនងសង្គម ដ៏ពេញនិយម ហ្វេសប៊ុក រវាងតារាចម្រៀង អភិរក្សនិយមបទពីដើមៗ លោក ឯក ស៊ីដេ និង ស្រ្តីជាអានិកជន រស់នៅក្នុង ប្រទេសបារាំង មានឈ្មោះថា ប៉ែន វ៉ាន់សាវី ដែលគេអះអាងថា ជាអតីតសង្សារ ឆ្លងទ្វីបរបស់លោក កាលពីពេលថ្មីៗកន្លងទៅនេះ គឺនៅមិនទាន់ ផុតរលត់ភ្លើងសម្ដី ឆ្លើយឆ្លងគ្នា នៅឡើយទេ បើទោះបីជាភាគីទាំងពីរ បានទាញយកត្រូវរៀងៗខ្លួន ប៉ុន្តែរឿងនេះប្រៀបបី ដូចជាស្រមោល អន្ទោលតាមប្រាណ មិនបានស្ងប់ក្នុងចិត្ត ទៅលើភាគីណាមួយទេ។
ជាការពិត ពាក្យចាស់តែងដំណាលថា "ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ" បានបញ្ជាក់ពីតថភាពសង្គម រស់នៅរបស់មនុស្សបច្ចុប្បន្ន ពោលបើកាលណា មនុស្សម្នាក់ កំពុងតែស្រេកឃ្លាន អាហារ ហេវហត់អស់កម្លាំង និងស្វែងរកចំណីគ្រប់ទិសទី ហូបបំបាត់ឃ្លាន ធ្វើយ៉ាងណាឲ្យតែបានមួយចំអែតក្រពះ គឺអាហារ ឬចំណីនោះ ពិតជាមានរស់ជាឆ្ងាញ់ ខ្លាំងណាស់ សម្រាប់អ្នកស្រេកឃ្លាន ហើយក៏មិនបានគិតពីអនាម័យ ឬមានចំនួន តិចឬក៏ច្រើនឡើយ។ យ៉ាងណាមិញ ពាក្យថា ស្រឡាញ់ល្អ គឺសម្ដៅទៅលើក្ដី ស្នេហារវាង មនុស្សពីរនាក់ បើកាលណា មានចិត្តងប់ងល់ លើគ្នាហើយនោះ គឺភ្លើងស្នេហានឹងឆេះឡើង ត្របាញ់ចូលគ្នា គ្មានអ្នកណាអាចឃាត់ដំណើរ របស់ពួកគេបានឡើយ ។
ប៉ុន្តែលើកចុងក្រោយ ពួកគេមិនបានគិតពីផលអវិជ្ជមានណាមួយ ដែលអាចកើតឡើង ជាយថាហេតុ ចំពោះដំណើរស្នេហា បែបភ្លើងចំបើង នេះទេ នៅពេលពួកគេ មិនបានស្វែងយល់ចិត្តថ្លើមគ្នាឲ្យច្បាស់ មុននឹងលាតត្រដាងប្រាប់គេប្រាប់ឯង ជាសាធារណៈ។ ជាក់ស្ដែង ដំណើររឿង របស់លោក ឯក ស៊ីដេ និង នាង ប៉ែន វ៉ាន់សាវី ក៏មិនខុលពាក្យដែលចាស់ៗបានដំណាល់តៗគ្នាខាងលើនេះដែរ ខណៈ ស្នេហាបែបឃើញភ្លាម ស្រឡាញ់ភ្លែត មិនបានស្វែងយល់ពីជម្រៅចិត្តគ្នា ឲ្យច្បាស់ជាមុនសិន រហូតមានជាជម្លោះបែកអូរហូរស្ទឹង ទើបទាញយកត្រូវរៀងៗខ្លួន និងធ្វើឲ្យកេរ្តិ៍ឈ្មោះ អាម៉ាស់មិនស្ទើរនោះទេ ព្រោះលោក ឯក ស៊ីដេ ជាតារាល្បីឈ្មោះមួយរូប ក្នុងប្រទេសកម្ពុជាយូរឆ្នាំមកហើយ ។
ការផ្ទុះជម្លោះរវាងតារាចម្រៀង ឯក ស៊ីដេ និងស្រ្តីឈ្មោះ វ៉ាន់ សាវី ជាអតីតសង្សារ នៅប្រទេសបារាំងនោះ ត្រូវបានប្រភពមួយបញ្ជាក់ថា គឺដើមចមដំបូង បណ្តាលមកពី លោក ឯ កស៊ីដេ បានសុំប្រាក់ពីនារីជាសង្សារ រូបនោះ ចំនួន៥០០០ដុល្លារ ដើម្បីយកមកកែសម្រួលបន្ទប់ នៅក្នុងផ្ទះឲ្យបានសមរម្យ និងទិញកុំព្យូរទ័រមួយគ្រឿង ងាយស្រួលធ្វើការ។ តែពេលនាង ប៉ែន វ៉ាន់សាវី ដែលអះអាងថា រាប់អានគ្នា ត្រឹមបងប្រុស និងប្អូនស្រី យឺតយ៉ាវក្នុងការ ផ្តល់ប្រាក់ មកឲ្យ ទើបលោក ឯក ស៊ីដេ បែរជាផ្ញើសារតាមហ្វេសប៊ុក ទៅនាង ប៉ែន វ៉ាន់សាវី ទាំងខឹងសប្បារ និងមានពាក្យពេចន៍ជេរប្រទិច នៅក្នុងសារនោះ ទៀតផង ។
ប៉ុន្តែបើផ្អែកតាមសម្ដីដែលគេហទំព័រ LookingTODAY ទទួលបានតាមរយៈសារអេឡិចត្រូនិច ពីនាង ប៉ែន វ៉ាន់សាវី បានបញ្ជាក់ថា "តារាចម្រៀងល្បីឈ្មោះ លោក ស៊ីដេ បាន SMS មកសុំលុយខ្ញុំ នៅបារាំង ដែលខ្ញុំមិនដែលទាំងស្រឡាញ់គាត់ទេ គឺគ្រាន់តែរាប់អាន ជាបងប្អូនធម៌ជាមួយគ្នា ។ ដោយសាតែលុយចំនួន ៥០០០ដុល្លារ មានចំនួនច្រើនគួរសម ខ្ញុំរៀបចំមិនទាន់ ក្នុងការផ្ញើទៅ លោក ស៊ីដេ តារាចម្រៀងប្រចាំស្រុកខ្មែររូបនេះ ខឹងនឹងខ្ញុំយ៉ាងខ្លាំង ក៏បានប្រើពាក្យសម្ដី អសុរសជាច្រើន និងជេរប្រទិច ដាក់បណ្ដាសារ ខ្ញុំតែម្ដង "។
នាង ប៉ែន វ៉ាន់សាវី បានបន្តឲ្យដឹងទៀតថា "សូមអ្នកទាំងអស់ជួយពិចារណាមើលថា តើជាទង្វើគប្បី ដែឬទេ ដែលធ្វើបែបនេះមកលើ មនុស្សស្រីទន់ខ្សោយ ដូចជាខ្ញុំ ? មិនតែប៉ុណ្ណោះ ថែមទាំងឲ្យមនុស្សមួយចំនួន មករករឿងជាមួយខ្ញុំ ជាច្រើនលើកច្រើនសារ មិនចេះចប់ មិនចេះហើយ។ ដូចនេះហើយក៏បង្ខំចិត្ត ទម្លាយរឿងនេះទៅ ខ្ញុំក៏មិនចង់បង្កឲ្យមានរឿង ទៅជាយ៉ាងនេះដែរ តែក៏ដោយសារ វាហួស ហេតុពេក គេចេះតែបង្ករឿង មិនចេះចប់មិនចេះហើយ ការទ្រាំរបស់មនុស្សម្នាក់ៗក៏មានដែនកំណត់ដែរ.."។
ទោះបីជាយ៉ាងណា ដើម្បីរកខុសត្រូវឲ្យបានច្បាស់ នៅពេលដែលរឿងវ៉ាវបានបែកធ្លាយកាន់តែធំឡើងៗ គាប់ជួនលោក ឯក ស៊ីដេ បានច្រានចោលទាំងស្រុក រាល់ការអះអាងខាងលើ ពីភាគីនាង ប៉ែន វ៉ាន់សាវី ថា មិនមែនជាការពិត ហើយបានបញ្ជាក់ប្រាប់ បណ្ដាញព័ត៌មាន ក្នុងស្រុកថា លោកទេ ជាអ្នករងគ្រោះ ពីការចោទប្រកាន់ទាំងគ្មានហេតុផលខាងលើនេះ ទើបនាង ប៉ែន វ៉ាន់សាវី បាននាំទាំងម្ដាយ របស់នាង ជិះយន្តហោះពីបារាំងឆ្ពោះមកស្រុកខ្មែរ ដើម្បីជួបមុខគ្នា និយាយតទល់ឲ្យដឹងសខ្មៅ ។ ប៉ុន្តែមិនបាន ទទួលលទ្ធផលផ្លែផ្កាណាមួយ ឲ្យស្ងប់ចិត្តក្នុងជម្លោះនេះឡើយ ព្រោះតែលោក ឯក ស៊ីដេ គេចវេសមិនមកជួប តាមការអញ្ជើញ។
នាង ប៉ែន វ៉ាន់សាវី បានបញ្ជាក់ថា "ខ្ញុំទើបតែដឹងចរិតលោក ឯក ស៊ីដេ ធ្វើឲ្យខូចអស់ប្រុសស្រុកខ្មែរ ខ្ញុំដឹងថាប្រហែលជាមិនស្រួល ព្រោះមិត្តខ្ញុំនៅបារាំង ធ្លាប់ខ្សឹបប្រាប់ថា ធ្លាប់បោកគេអស់ច្រើននាក់មកហើយ បើតាមដឹងច្បាស់ ខ្ញុំជាមនុស្សទី៤ហើយ ដែលលោកឯក ស៊ីដេ បម្រុងនឹងបោកប្រាស់ ខណៈដែលខ្ញុំ និងគាត់ទើបស្គាល់គ្នាបាន៥ខែ ។ ខ្ញុំក៏មិនចង់រកខុសត្រូវជាមួយគាត់ដែរ ប៉ុន្តែហួសហេតុពេក ដល់ថ្នាក់គម្រាមខ្ញុំ ចង់ចាប់ខ្ញុំដាក់គុក ពេលទៅស្រុកខ្មែរ ប៉ុន្តែពេល មកដល់ មានហ៊ានមកក្បែរឯណា គេចមុខចេញ គួរឲ្យចង់សើច ខ្លាំងណាស់...!"។
ពាក់ព័ន្ធនឹងរឿងរ៉ាវវាយប្រហារ និងចេញមុខបកស្បែក តារាចម្រៀង ឯក ស៊ីដេ ពីសំណាក់នាង ប៉ែន វ៉ាន់សាវី ជាបន្តបន្ទាប់នៅពេលនេះ គេហទំព័រ LookingTODAY នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ បានធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ដែលលោក ឯក ស៊ីដេ ធ្លាប់ប្រើ ដោយលោកបាន និយាយថា លោកមិនចង់ឲ្យពាក់ព័ន្ធវែងឆ្ងាយទេ ។ តាមការពិត គ្រាន់តែជាមិត្តភក្តិ ធ្លាប់រាប់អានគ្នា ធម្មតាៗ ក្នុងហ្វេសប៊ុកប៉ុណ្ណោះ ។ លោក មិនចង់ខ្វល់ទេ ចង់គេនិយាយអីក៏និយាយទៅ លោកមិនយកពេលវេលាឥតប្រយោជន៍ ទៅតតាំងជាមួយទេ ។ លោកគិតថា ពេលស្គាល់គ្នាដំបូង ប្រហែលជាអាចរាប់អានគ្នាបាន តែស្គាល់យូរៗទៅ ធ្វើចរិតដូចក្មេង លេងបាយឡុកបាយឡ លោកក៏ផ្ដាច់ចោលតែម្ដងទៅ ទើបគេតាមបង្ខូចកេរ្តិ៍ឈ្មោះ ដល់សព្វថ្ងៃនេះ ។
តែទោះបីជាយ៉ាងណា នៅក្នុង ហ្វេសប៊ុក របស់លោកក៏បានសរសេរសារឆ្លើយឆ្លង ទៅកាន់ នាង ប៉ែន វ៉ាន់សាវី វិញថា "ខ្ញុំមិនដែលឃើញ ស្រីបែបនេះទេ គ្រាន់តែឃើញរូបខ្ញុំក្នុងហ្វេសប៊ុក ក៏ស្រឡាញ់ខ្ញុំ ខ្ញុំមិនព្រមក៏តាំងរកគ្រប់វិធីមកបំផ្លាញខ្ញុំ។ នាងនេះ(ប៉ែន វ៉ាន់សាវី) ព្យាយាមនិយាយសំអុយខ្ញុំ អស់រយៈពេល៥ខែមកហើយ តែខ្ញុំធ្វើមិនដឹង។ ឥឡូវនេះកាន់តែយ៉ាប់។ មិនមែនតែខ្ញុំម្នាក់ទេ ដែលត្រូវនាងនេះ ធ្វើឲ្យកើតរឿង លោក យន់ សុភាព ទី១,ខ្ញុំទី២,ទី៣អាចជា លោក ឆាយ កុសល ។ ការពិតខ្ញុំមិនចង់និយាយរឿងនេះច្រើនទេ ព្រោះខាតពេល។ អរគុណណា!!! "។
បើទោះបីជា លោក ឯក ស៊ីដេ ខំលៀងចម្រះយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកនិយមលេងហ្វេសប៊ុក មួយចំនួន បានដឹងរឿង របស់លោក គ្មានសល់ សូម្បីតែតារាចម្រៀង ប៉ុន្មាននាក់ នៅស្រុកខ្មែរ ក៏បានបញ្ចេញមតិរិះគន់លោក ឯក ស៊ីដេ ពីរឿងសុំលុយ ស្ត្រីនៅប្រទេសបារាំង នោះដែរ ហើយពេលមិនបានសម្រេច ក៏មានរឿងផ្ទុះ ឡើង៕
ប្រភពពី៖ Khmerload
No comments:
Post a Comment