រូបភាពពី google |
ភ្នំពេញ៖ ខណៈស្ងប់ស្ងាត់ការចេញបទចម្រៀងថ្មីមកប្រកួតប្រជែងទីផ្សារសិល្បៈ ចម្រៀង តារាចម្រៀងយុវវ័យសំឡេងស្រគត់ស្រគំបែបមនោសញ្ចេតនា នាង សុគន្ធ និសា បែរជាលេចធ្លាយមកថា នាងនៅសម្ងំបញ្ចេញក្បាច់គុនសម្ដែងភាពយន្ត ដើម្បីស្តារប្រជាប្រិយភាព ដែលកំពុងធ្លាក់ចុះ។ ប៉ុន្តែជុំវិញការងាកមកផលិតភាពយន្តនេះ មិនមានថ្នាក់ដឹកនាំ ក៏ដូចជាតារាចម្រៀងរបស់ផលិតកម្មថោនណាម្នាក់ហ៊ាននិយាយនោះឡើយ ពោលគឺធ្វើតាមបែបលាក់លៀម ដែលផ្ទុយពីផលិតកម្មសាន់ដេ សុទ្ធតែមានធ្វើសន្និសីទកាសែតផ្សព្វផ្សាយស្នាដៃ និងប្រកាសពីការលើកស្ទួយតារារបស់ផលិតកម្មគេតាំងពីក្រុងពាលី រហូតដល់ចាក់បញ្ចាំង។
នៅក្រោយសកម្មភាពដ៏ស្ងប់ស្ងាត់នោះ តាមប្រភពផ្លូវការបានអះអាងថា ភាពយន្តដំបូងរបស់ផលិតកម្មថោន គឺរឿង «ចងចាំ» ក្រោយពីចំណាយពេលថតយូរគួរសមមកហើយ ហើយរឿងនេះគ្រោងនឹងបញ្ចប់សកម្មភាពថតនៅអំឡុងចុងខែវិច្ឆិកា នេះ។ តួឯកសម្តែងនៅក្នុងរឿងនោះ ត្រូវបានគេដឹងថា បានធ្លាក់ទៅលើតារាចម្រៀង សុគន្ធ និសា និងតារាចម្រៀងរួមផលិតកម្មលោក ករុណា ពេជ្រ។
បន្ថែមលើការបង្ហើប ឲ្យដឹងនោះ ប្រភពដដែលក៏បានសង្ខេបខ្លឹមសាររឿង «ចងចាំ» ថា ខ្សែរឿងនេះ និយាយពីគូស្នេហ៍មួយគូ ក្នុងសម័យដែលប្រទេសកម្ពុជា ស្ថិតក្រោមការគ្រប់គ្រងពីអាណានិគមបារាំង ពួកគេបានស្រឡាញ់គ្នាយ៉ាងស្មោះស្ម័គ្រ ហើយបានស្លាប់ក្នុងថ្ងៃតែមួយ នៅក្នុងជ្រោះ ហើយក៏បានកើតមកជាថ្មី ក៏បានជួបគ្នាម្ដងទៀត ហើយបង្កើតជាឈុតឆាកនៅក្នុងរឿង២ជាតិបន្ត។ គូស្នេហ៍មួយគូនេះ ចងចាំស្ទើរគ្រប់សកម្មភាពទាំងអស់ ដែលពួកគេបានកសាងរួមគ្នា កាលពីសម័យអាណានិគមបារាំង។ រឿងនេះជាប្រភេទភាពយន្តខ្នាតធំ ដែលមានជនជាតិបារាំងចូលរួមសម្ដែងផងដែរ ព្រោះនៅក្នុងរឿងនេះ មានឈុតខ្លះត្រូវនិយាយពីកំហឹងរបស់ខ្មែរចំពោះទង្វើជិះជាន់របស់ ជនជាតិបារាំង ក្នុងពេលបារាំងគ្រប់គ្រងលើខ្មែរ។
ប្រភពដដែលនេះក៏បានអះអាងដែរថា នាងសុគន្ធ និសា សម្ដែងបានល្អ ដោយសារតែក្នុងមួយរឿងទាំងមូល គឺនាងត្រូវសម្ដែងជាតួស្រគត់ស្រគំ ទឹកភ្នែក និងត្រូវតុបតែងកាយជានារីក្នុងសម័យបារាំង ដែលស័ក្តិសមបំផុតសម្រាប់នាង ខណៈដែលកន្លងមកនាងធ្លាប់សម្ដែងតាមលំនាំក្នុងសម័យនេះច្រើនលើក រួចមកហើយ ទាំងនៅហង្សមាស និងនៅផលិតកម្មថោនចុងក្រោយ។
ប៉ុន្តែ ជុំវិញឱកាសក្លាយខ្លួនជាតួឯកក្នុងភាពយន្តខ្នាតធំ ក្រោយល្បីឈ្មោះជាតារាចម្រៀងជាង១០ឆ្នាំ តារាចម្រៀងប្តូរទ្រនំ ក្រោយសម្រេចបែកពីសង្សារកម្សត់កម្រ ស្គាល់ចិត្តថ្លើមគ្នាជិត១០ឆ្នាំ នាង សុគន្ធ និសា ម្សិលមិញនេះមិនអាចទំនាក់ទំនងសុំការបកស្រាយបានឡើយ ដោយទូរស័ព្ទនាងធ្លាប់ប្រើទាក់ទងមិនបាន។ ដោយឡែកលោក មាស សុខរតនៈ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មថោន បានប្រាប់បែបលាក់លៀមថា៖ «រឿងថតភាពយន្តនេះ ផលិតកម្មមានគម្រោង ហើយក៏កំពុងដំណើរការពិភាក្សាគ្នាពីរឿងហ្នឹងដែរ តែខ្ញុំមិនអាចនិយាយបានទេ ព្រោះនេះជាការងារក្រុមហ៊ុន មិនទាន់អាចនិយាយបាន»។
លោក មាស សុខរតនៈ ដែលជាបងប្រុសរបស់តារាចម្រៀង មាស សុខសោភា និងជាអ្នកនិពន្ធល្បីប្រចាំផលិតកម្មថោន បានបដិសេធពេលសំណើសុំឲ្យបញ្ជាក់ពីចំណងជើងរឿង និងសួរថា រឿងនោះសម្តែងដោយតារាចម្រៀងរូបណាខ្លះរបស់ផលិតកម្ម។ លោកបានបដិសេធថា៖ «នេះជាការងារសម្ងាត់របស់ផលិតកម្ម ទាំងចំណងជើងរឿង និងតួអង្គសម្តែង នៅពេលនេះមិនអាចនិយាយបានទេ»។
ដូចគ្នានោះដែរ ករុណា ពេជ្រ ពេលសួរនាំពីរឿងថតសម្តែងរឿងនេះ បែរជានិយាយយ៉ាងខ្លីថា៖ «ខ្ញុំមិនដឹងទេបង រឿងនេះទាល់តែនិយាយជាមួយផលិតកម្មទើបដឹង»។ ប៉ុន្តែក្នុងហ្វេសប៊ុក តារាចម្រៀង ករុណា ពេជ្រ គេឃើញមានបង្ហោះរូបភាពឈុតឆាកសម្តែងក្នុងរឿងនោះពីរបីសន្លឹក ដែលរូបថតទាំងនោះ ភាគច្រើនក្នុងសម្លៀកបំពាក់ដូចសម័យបារាំង ដូចដែលប្រភពបានលើកឡើងនោះ។
បើទោះជាគ្រប់ស្ថាប័ននៅក្នុង ផលិតកម្មនេះព្យាយាម លាក់បាំងសកម្មភាពផលិតភាពយន្តរបស់ខ្លួនលើកដំបូងនេះក៏ដោយ ប៉ុន្តែប្រភពដែលអះអាងខាងលើនេះ បាននិយាយទៀតថា សុគន្ធ និសា ហាក់សង្ឃឹមច្រើនថា នាងនឹងទទួលជោគជ័យ ក្នុងពេលខ្សែរឿងនេះ ទើបនាងសុខចិត្តទទួលយកការលំបាកគ្រប់យ៉ាង ដើម្បីសម្ដែងក្នុងរឿងនេះយ៉ាងអស់ពីចិត្ត។
ប្រភពនេះបាន ប្រាប់ថា ខ្សែរឿងនេះ ថតនៅខេត្តមណ្ឌលគិរី ដូចជានៅជ្រោះពេជ្ជតា នៅខេត្តកែប និងនៅតំបន់មួយចំនួនទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រឿង «ចងចាំ» មានតារារបស់ផលិតកម្មថោនតែពីរដួងប៉ុណ្ណោះ គឺនាងសុគន្ធ និសា និងលោក ករុណា ពេជ្រ ដោយមិនមានការចូលរួមសម្ដែងដោយតារាចម្រៀងគ្រប់គ្នា ដូចគ្នានឹងខ្សែរឿងរបស់សាន់ដេកន្លងមកឡើយ។
តាមការអះអាងរបស់ប្រភពនេះបានឲ្យដឹងទៀតថាខ្សែរឿងនេះ នឹងដាក់បញ្ចាំងនៅអំឡុងឆ្នាំ២០១៤ ខាងមុខ ឬអាចចុងឆ្នាំ២០១៣ នេះ៕
រូបភាពពី google |
ប្រភពពី៖ ភូមិអច្ឆរិយៈ
No comments:
Post a Comment