ភ្នំពេញ៖ស្ពានអាកាសស្ទឹងមានជ័យ ដែលជាស្ពានអាកាសទី៣ បន្ទាប់ពីស្ពានអាកាស ក្បាលថ្នល់ និងស្ពានអាកាស៧មករា ក្នុងរាជធានីភ្នំពេញ ហើយដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកការដ្ឋានស្ថាបនាសាងសង់កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនោះ សំរេចបានការសាងសង់បានចំនួន៥០ ភាគរយហើយ។
លោក ឡុង ឌីម៉ង់ មន្ត្រីអ្នកនាំពាក្យឲ្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ស្ពានអាកាសស្ទឹងមានជ័យ ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបើកការដ្ឋានស្ថាបនាសាងសង់តាំងពីនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ នោះ គិតរហូតមកដល់ពេលនេះបានសំរេចការសាងសង់ប្រមាណ៥០ភាគរយហើយ ដែលនៅក្នុងនោះស្ពានធំដែលឋិតនៅលើផ្លូវលេខ២៧១នោះ សំរេចបានការសាងសង់៣០ភាគរយ។ ដោយឡែកស្ពានកោងដែលបានបណ្តុះសសររួចហើយនោះបានសំរេចការសាងសង់បាន ចំនួន៧០ភាគរយ ហើយផ្លូវក្រោមដីដែលឋិតនៅពីក្រោមស្ពានអាកាសនោះបានសំរេចការ សាងសង់ប្រមាណជា១៥ភាគរយហើយ។
លោក បន្តថា ស្ពានអាកាសស្ទឹងមានជ័យនេះ គឺជាស្ពានអាកាសទី៣ហើយ បន្ទាប់ពីស្ពានអាកាសក្បាលថ្នល់ និងស្ពានអាកាស៧មករា។ ស្ពាននេះវាមានលក្ខណៈធំជាង ទំនើបជាង និងមានលក្ខណៈបត់បែនច្រើន ដែលតម្រូវឲ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវមានការបើកបរដោយ មានការប្រុងប្រយ័ត្នខ្ពស់ ហើយនៅក្រោយពេលដែលស្ពាននេះសាងសង់រួចហើយនោះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នឹងធ្វើការផ្សព្វផ្សាយពីររៀបនៃការប្រើប្រាស់គន្លងផ្លូវលើស្ពាន នេះដល់សាធារណជនដែលជាអ្នកបើកបរឆ្លងកាត់តាមស្ពាននេះ ជៀសវាងកុំឲ្យមានគ្រោះថ្នាក់កើតឡើង។
លោកអនុសេនីយ៍ទោ គឹម សារុំ ប្រធានគោលដៅស្ទឹងមានជ័យ បានមានប្រសាសន៍ថា ជាទូទៅស្ថានភាពកកស្ទះចរាចរណ៍នៅម្តុំស្ទឹងមានជ័យត្រង់ស្ពានអាកាស ស្ទឹងមានជ័យគឺចាប់ពីម៉ោង៦:៣០ព្រឹក រហូតដល់ម៉ោង៨ ឬម៉ោង៩ ហើយនៅពេលល្ងាចចាប់ពីម៉ោង៦:៣០ល្ងាចដល់ម៉ោង៨:៣០ ដែលការកកស្ទុះនេះគឺបណ្តាលមកពីបញ្ហាការកកស្ទុះនៅម្តុំមុខ ផ្សារស្ទឹងមានជ័យដែលជាចំណុចគោលដៅដែលក្រុមកម្មកររោងចក្រចេញឬ ចូលធ្វើការដែលបណ្តាលឲ្យមានភាពកកស្ទុះយានយន្តរហូតមកដល់ចំណុច ស្ពានស្ទឹងមានជ័យ ហើយនិងបញ្ហាការកកស្ទះចរាចរណ៍ដោយសារតែការដ្ឋានសាងសង់ស្ពានអាកាស ស្ទឹងមានជ័យផងដែរ។
លោក បន្តថា លោកសង្ឃឹមថាក្រោយពេលសាងសង់ស្ពានអាកាសស្ទឹងមានជ័យនេះរួចហើយនោះ ស្ថានភាពចរាចរណ៍នៅម្តុំស្ទឹងមានជ័យនេះនឹងមានភាពកាន់តែល្អ ប្រសើរជាងមុន។ ជាងមុនព្រោះថា លែងសូវមានបញ្ហាកកស្ទះចរាចរណ៍កើតមានទៀតហើយ ដោយសារតែមានផ្លូវច្រើនខ្សែឆ្លងកាត់ ដែលងាយស្រួលដល់ម្ចាស់បញ្ជាយានយន្តគ្រប់ប្រភេទងាយស្រួលក្នុងការ បើកបរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន វិនិយោគទុនអនិកជនកម្ពុជា OCIC ជាអ្នកអនុវត្តការសាងសង់គម្រោងស្ពានអាកាស ស្ទឹងមានជ័យនេះ។ គម្រោងនេះ នឹងមានការសាងសង់ស្ពានសរុប ចំនួន ៥។ ក្នុងនោះ ស្ពានមេចំនួន១, ស្ពានតូចចំនួន ៣ និងស្ពានក្រោមដី ចំនួន ១។ ស្ពានមេម្ខាងទី១ សាងសង់អំពីបេតុងអាមេ ស្របពីលើផ្លូវលេខ ២៧១ មានប្រវែងជាង ៤២៩ ម៉ែត្រ ទទឹង ៩ ម៉ែត្រ។ ស្ពានមេម្ខាងទី២ សាងសង់ពីបេតុងអាមេ មានប្រវែងជាង ៣៧៦ ម៉ែត្រ ទទឹង ៩ ម៉ែត្រ និងមានស្ពានមួយកំណាត់ទៀត តភ្ជាប់ស្ពានមេ ក្នុងភូមិសាស្ត្រ ដែលមានទទឹង ជាង ១៥ ម៉ែត្រ។ ស្ពានអាកាសតូច ជាស្ពានឯកទិស សាងសង់ពីបេតុងអាមេ មានប្រវែងជាង ១១២ ម៉ែត្រ ទទឹងជាង ៨ ម៉ែត្រ បែកខ្នែងរាងពត់កោង ភ្ជាប់ពីផ្លូវព្រះមុនីរ៉េត ឡើងទៅភ្ជាប់ស្ពានមេ និងសាងសង់ស្ពានកាត់ប្រឡាយស្ទឹងមានជ័យ ចំនួន ២ ទៀត ដែលស្ពានទី១ មានប្រវែង ១៨ ម៉ែត្រ ទទឹង ១១ ម៉ែត្រ។ រីឯស្ពានទី២ មានប្រវែង ២០ ម៉ែត្រ ទទឹងជាង ១២ ម៉ែត្រ។ ស្ពានទាំងអស់ អាចទទួលទម្ងន់ បាន ២៥ តោន។ ស្ថាបនា ពង្រីកផ្លូវអ៊ុតកៅស៊ូ អមសង្ខាងស្ពាន ទទឹងជាង ៥ ម៉ែត្រ ប្រវែងសរុបជាង ១.១៣៤ ម៉ែត្រ និងផ្លូវវាងក្រោមស្ពានប្រវែង ៤៨៧ ម៉ែត្រ ទទឹងជាង ៦ ម៉ែត្រ។
ស្ពានអាកាសមួយនេះ គ្រោងចំណាយថវិកា១៩លានដុល្លារសហរដ្ឋអាមេរិក ដោយប្រើប្រាស់កញ្ចប់ថវិកាដែលបានមកពី ការវិនិយោគតំបន់ អភិវឌ្ឍន៏ ជ្រោយចង្វារ របស់ក្រុមហ៊ុន OCIC៕
ប្រភពពី៖ ABC
No comments:
Post a Comment