រមណីយដ្ឋានទេសចរណ៍ធម្មជាតិបឹងយក្សឡោម នៅខេត្តរតនគិរី។ រូបថត ហេង ជីវ័ន |
រតនគីរីៈ អ្នកភូមិជនជាតិ ទំពួន ចំនួន ១៦ គ្រួសារ ដែលរស់នៅក្នុងភូមិ ណងហៃ ឃុំ សេដា ស្រុក លំផាត់ ខេត្ត
រតនគិរី ត្រូវគេផាកពិន័យក្នុងម្នាក់ៗ ៤០០ ដុល្លារ ទើបឲ្យរួចពីការចោទប្រកាន់ពីរឿងកាប់រានដីព្រៃ ស្ថិតនៅក្នុងតំបន់
ទេសចរណ៍ បឹង យក្សឡោម។
លោក ឆាយ ធី ជាអ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្ស អាដហុក ខេត្ត រតនគិរី បានឲ្យដឹងថា អ្នកភូមិ ១៦ នាក់
ត្រូវបានគេចោទប្រកាន់កាប់ដីព្រៃស្ថិតនៅក្នុងតំបន់ទេសចរណ៍បឹង យក្សឡោម និងត្រូវបង្គាប់ឲ្យបង់ប្រាក់ម្នាក់ៗ
៤០០ ដុល្លារ ពីបុគ្គលម្នាក់ដែលបានអះអាងថា ខ្លួនជាអ្នកចាំឃ្លាំមើលសកម្មភាពរំលោភដីព្រៃ។
លោកបន្តថា៖ «អ្នកភូមិគ្មានបំណងកាប់ព្រៃយកដីទៅលក់នោះទេ នេះជាទម្លាប់ប្រពៃណីរបស់បងប្អូនជនជាតិដើម
ភាគតិច ក្នុងការធ្វើបំផ្លាស់ទីកាប់ឆ្ការព្រៃដើម្បីដាំដំណាំដែលជាមុខរបរចិញ្ចឹមគ្រួសារពួកគេ»។
លោក សុខ ខេត អាយុ ៤៨ឆ្នាំ ជាភូមិ ណងហៃ និយាយថា អ្នកភូមិ ១៦នាក់ នាំគ្នាកាប់ឆ្ការព្រៃម្នាក់ ១ ហិកតា
សម្រាប់ដាំដំណាំ ប៉ុន្តែមិនស្ថិតនៅក្នុងតំបន់ទេសចរណ៍ទេ។
លោក សុខ ខេត បាននិយាយថា៖ «យើងមិនធ្វើរឿងខុសច្បាប់ទេ បើយើងដឹងតំបន់នេះជាតំបន់ទេសចរណ៍។ តាម
ប្រពៃណីយើងកាប់ឆ្ការផ្លាស់ទីដើម្បីដាំដំណាំ ដូចជា សណ្តែក ពោត ដើម្បីចិញ្ចឹមជីវិតតែប៉ុណ្ណោះ គ្មានបំណងកាប់
ព្រៃធំទៅលក់នោះទេ»។
អ្នកភូមិម្នាក់ទៀតឈ្មោះ នួន ចៅ អាយុ ៤០ឆ្នាំ និយាយដែរថា អាជ្ញាធរមូលដ្ឋានមិនបានជូនដំណឹងនិងកំណត់ព្រំ
ប្រទល់តំបន់ទេសចរណ៍នោះទេ ទើបពួកគាត់មិនដឹង។
លោក នួន ចៅ បាននិយាយថា៖ «យើងសុខចិត្តទទួលកំហុសរឿងកាប់ឆ្ការព្រៃនេះ តែក៏មិនត្រូវបន្ទោសយើងទាំង
ស្រុងដែរ នេះមកពីពួកយើងមិនដឹងថា ដីនេះគេកំណត់ជាដីតំបន់ទេសចរណ៍នោះទេ»។
លោក គង់ ស្រ៊ុន អភិបាលស្រុក លំផាត់ បានឲ្យដឹងថា នេះការកាតព្វកិច្ចរបស់រដ្ឋបាលព្រៃឈើ ហើយខាងអាជ្ញាធរ
មូលដ្ឋាន គ្រាន់តែធ្វើរបាយការណ៍តែប៉ុណ្ណោះ។ លោកប្រាប់ដែរថា៖ «រឿងដាក់ពិន័យផាកទោសទណ្ឌណានោះ ជា
សមត្ថកិច្ចរបស់រដ្ឋបាលព្រៃឈើត្រូវចាត់វិធានការ»។
លោក ផាន់ ភឺន នាយរងខណ្ឌ រដ្ឋបាល ព្រៃឈើខេត្ត រតនគិរី បានថ្លែងថា លោកមិនដឹងថា ភាគីខាងណាជាដាក់
ពិន័យនៅក្នុងរឿងនេះទេ ឬក៏ខាងផ្នែកបរិស្ថាន ដែលពាក់ព័ន្ធក៏មិនដឹងដែរ។ លោកបញ្ជាក់ថា៖ «ប៉ុន្តែ ដីតំបន់នោះ
ត្រូវបានចាត់ទុកជាតំបន់ទេសចរណ៍ច្រើនឆ្នាំមកហើយ»៕
ប្រភពពី៖ ភ្នំពេញ ប៉ុស្តិ៍
No comments:
Post a Comment