ព្រឹទ្ធសភាថៃ នៅរសៀលថ្ងៃសុក្រនេះ
មិនអាចបើកសម័យប្រជុំរបស់ខ្លួនបានឡើយ
ដោយសារតែខ្វះចំនួនកូរ៉ុមប្រជុំ ដែលធ្វើឲ្យសេចក្ដីព្រាងច្បាប់
ស្ដីពី ការលើកលែងទោសជាសាកលដែលសមាជិកភាគច្រើន មកពីគណបក្សភឿថៃ
កកស្ទះ ខណៈសេចក្ដីព្រាងច្បាប់នេះ
កំពុងតែរងការវាយប្រហារយ៉ាងខ្លាំង ពីក្រុមប្រឆាំង។
តាមកាសែតថៃ The Nation បានរាយការណ៍ថា
តាមកម្មវិធីរបស់អគ្គលេធិការដ្ឋានព្រឹទ្ធសភាថៃ
កិច្ចប្រជុំរបស់ព្រឹទ្ធសភា ត្រូវប្រព្រឹត្តទៅ នៅវេលាម៉ោង
២រសៀលថ្ងៃសុក្រនេះ ប៉ុន្តែដោយសារតែខ្វះកូរ៉ុម
ធ្វើឲ្យកិច្ចប្រជុំនេះ ត្រូវលើកពេលទៅសប្ដាហ៍ក្រោយ។
កាសែតដដែលនេះ បានឲ្យដឹងថា សមាជិកព្រឹទ្ធសភា
បានមកចូលរួមប្រជុំមានចំនួន ៦៧រូប ក្នុងចំណោម ១៤៩រូប
ហើយបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភាថៃ កំណត់ ៧៥
ឡើងទៅទើបបើកសម័យប្រជុំរបស់ខ្លួនបាន។ តាមព័ត៌មាន
យ៉ាងហោចណាស់ មានសមាជិកព្រឹទ្ធសភា ៤០រូប
បានប្រកាសធ្វើពហិការប្រជុំ។
ទោះជាមិនមានកូរ៉ុមគ្រប់ក្ដី
ក៏ប្រធានព្រឹទ្ធសភាបានអូសបន្លាយពេល រហូតដល់ ម៉ោង៣រសៀល
ទើបប្រកាសរំសាយអង្គប្រជុំ។ ប្រធានព្រឹទ្ធសភា ប្រកាសថា
កិច្ចប្រជុំនឹងបើកម្ដងទៀត នៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា
សប្ដាហ៍ក្រោយ។
នេះជាលើកដំបូងហើយ
ដែលសម័យប្រជុំរបស់ព្រឹទ្ធសភាថៃមិនអាចប្រជុំបាន
ដោយសារខ្វះកូរ៉ុម ខណៈសេចក្ដីព្រាងច្បាប់លើកលែងទោស
ដ៏ចម្រូងចម្រាស់នេះ កំពុងតែរងការវាយប្រហារយ៉ាងខ្លាំង
ពីក្រុមប្រឆាំង។ ក្រុមប្រឆាំងដែលបានតវ៉ាជាច្រើនថ្ងៃមកនេះ
គឺដោយសារតែពួកគេចោទថាសេចក្ដីព្រាងច្បាប់នេះ
នឹងនាំឲ្យប្រទេសថៃពុំមាននិតិរដ្ឋ
ព្រោះជាការបើកផ្លូវឲ្យលោក ថាក់ស៊ីន បងប្រុសលោកស្រី យីងឡាក់
នាយករដ្ឋមន្ត្រីថៃ បានត្រឡប់មកកាន់អំណាចវិញតែប៉ុណ្ណោះ ៕
ប្រភពពី៖ VOD
No comments:
Post a Comment