តារាសម្តែង លោក សុវណ្ណ មករា កាលពីកន្លងទៅ/វង្ស សុម៉ាលីន |
ចាត់ទុកជារឿងគួរឲ្យស្ងើចសរសើរ ដែលតារាសម្ដែង លោក សុវណ្ណ មករា អាចក្លាយជាថៅកែកុនធំដុំម្នាក់ ក្នុងពេលដែលលោកនៅបន្តអាជីពសម្ដែងនៅឡើយ។ មានមនុស្សតិចណាស់ ដែលដឹងថា លោកមានប្រាក់ខ្ទង់សែនដុល្លារ ដើម្បីចំណាយធ្វើជាផលិតកម្មកុនមួយដោយខ្លួនឯងនាពេលនេះ។
មន្ត្រីមួយរូបប្រចាំនៅទូទស្សន៍បាយ័នបានអះអាងថា នៅក្នុងក្រុមផលិតភាពយន្តរបស់ស្ថានីយទូរទស្សន៍បាយ័ននាពេលនេះ មិនមែនមានតែក្រុមផលិតកុនរបស់លោកទិត្យ ធារិទ្ធ និងលោកហ៊ុយ វាសនា ដែលជាអ្នកដឹកនាំរឿងដ៏មានកេរ្តិ៍ឈ្មោះក្នុងពិភពសិល្បៈនោះទេ ប៉ុន្តែក៏មានវត្តមានចំណូលថ្មី របស់ក្រុមលោកសុវណ្ណ មករាផងដែរ ដោយតារាសម្ដែងរូបនេះ គឺជាថៅកែធំតែម្ដង។ ថ្វីតែលោកមិនចេះដឹកនាំសម្ដែង ប៉ុន្តែលោកបានបង្កើតក្រុមផលិត ក្រុមកាត់ត និងអ្នកដឹកនាំរឿងផ្ទាល់ខ្លួនឯង ដើម្បីប្រកួតប្រជែងក្នុងការផលិតភាពយន្តផ្ទាល់តែម្ដង ដោយក្នុងពេលនេះ ក្រុមរបស់លោក កំពុងដំណើរការថតរឿងភាគ«ស្រមោលអតីតកាល» ឲ្យស្ថានីយទូរទស្សន៍បាយ័ន ក្នុងគម្រោងបើកឆាករបស់ខ្លួន។ ក្នុងរឿងនេះ លោកបានឲ្យលោកគ្រូសុក សុធន ដែលជាផលិតករល្បីឈ្មោះមកដឹកនាំសម្ដែងឲ្យខ្លួន ដើម្បីប្រកួតប្រជែងនឹងស្នាដៃរបស់លោកទិត្យ ធារិទ្ធ ដែលជាផលិតកររឿង«ពន្លកស្នេហ៍ក្បែរជាយដែន» និងលោកហ៊ុយ វាសនា ផលិតកររឿង«ភូមិខ្ញុំស្រស់ឆើតឆាយ» ដែលសុទ្ធតែជាជើងខ្លាំងនៅបាយ័ន។ បន្ថែមលើវត្តលោកគ្រូសុក សុធន ជាម្ចាស់ស្នាដៃ រឿង«ព្រះគោព្រះកែវ» រឿង«ព្រាយដែកគោល» រឿង«កូនកត្តញូ»ឲ្យដឹករឿងឲ្យ លោកសុវណ្ណ មករា ក៏ចំណាយប្រាក់ខ្ទង់សែនដុល្លារ កុម្មង់ទិញកាមេរ៉ាសុទ្ធតែប្រភេទទំនើប និងឧបករណ៍ថតកុនសុទ្ធតែស៊េរីចុងក្រោយ យកមកដំណើរការនៅក្នុងផលិតកម្មរបស់ខ្លួននោះផងដែរ។ ស្របគ្នានឹងវត្តមាន អ្នកនាងសឿ សុធារ៉ា អ្នកនាង សុខ សោម៉ាវត្តី លោកប៉ែន ចំរ៉ុង លោកយ៉ែម សំអូន លោកគង់ សុភី អ្នកនាងហ៊ឹម សុភី លោកស៊ឹម សោភ័ណ្ឌ លោកលឹម រដ្ឋា និងតារាប្រុសស្រីសុទ្ធតែល្បី ត្រូវបានលោកជម្រើសឲ្យសម្ដែងក្នុងខ្សែរឿងនេះផង ទើបលោកមានជំនឿចិត្តខ្លាំងថារឿងដំបូងនេះនឹងផ្ទុះ។
(លោក ប៉ែន ចំរ៉ុង អ្នកនាង សឿ សុធារ៉ា និងអ្នកនាងហ៊ឹម សុភី ថតឈុតមួយក្នុងរឿងដែលដឹកនាំដោយលោក សុវណ្ណ មករា/រូបថតពីហ្វេសប៊ុកសឿ សុធារ៉ា) |
មិនមែនជារឿងធម្មតាឡើយ ដែលអតីតកម្មករសំណង់ប្រចាំនៅខេត្តបាត់ដំបងម្នាក់ បានវិវត្តិន៍ខ្លួនជាបន្តបន្ទាប់រហូត ដោយបានក្លាយជាអ្នកកាន់ក្ដារកុន បន្ទាប់មកក៏ក្លាយជាតារាភាពយន្តដោយចៃដន្យ និងចុងក្រោយបានក្លាយជាថៅកែកុនតែម្ដង ដែលតារាល្បីឈ្មោះភាគច្រើនចង់ដែរតែធ្វើមិនបាន។ តំណែងចុងក្រោយរបស់លោក ធ្វើឲ្យសង្គមសិល្បៈភ្ញាក់ផ្អើលជាងគេ ពិសេសនៅពេលដែលលោកទើបតែហក់ចូលក្នុងពិភពផលិតភាពយន្ត តែអាចទទួលសិទ្ធិផលិតរឿងភាគប្រចាំឲ្យទូរទស្សន៍បាយ័ន ដែលផលិតករជាច្រើន ស្រវាមិនបាន។ លោកគ្រូ សុក សុធន ប្រាប់ថា ក្នុងចំណោមផលិតកម្មទាំងអស់ ដែលលោកធ្លាប់ធ្វើការជាមួយ លោកហ៊ាននិយាយបានថា មានតែផលិតកម្មថ្មោងថ្មីរបស់ សុវណ្ណ មករា ប៉ុណ្ណោះ ដែលមានកាមេរ៉ាល្អកម្រិតផ្ដាច់គេ ដោយសារតែលោកបានកុម្ម៉ង់មកពីសហរដ្ឋអាមេរិក។ តារាសម្ដែងក្នុងរឿង«ស្រមោលអតីតកាល» មួយចំនួនបានអះអាងថា តារាសម្ដែងរូបនេះ មិនគ្រាន់តែជាម្ចាស់ផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងរៀនដឹកនាំសម្ដែងផងដែរ ពិសេសនៅពេលលោកគ្រូ សុក សុធន អវត្តមានម្ដងម្កាល។
លោកសុវណ្ណ មករា អះអាងថា លោកមិនមែនជាបុគ្គលិករបស់ទូរទស្សន៍បាយ័ននោះទេ គឺគ្រាន់តែមានក្រុមការងារផលិតកុនខ្លួនឯង ហើយក៏ដេញថ្លៃបាន ក្នុងគម្រោងផលិតរឿងភាគឲ្យស្ថានីយទូរទស្សន៍មួយនេះប៉ុណ្ណោះ។ ប៉ុន្តែនោះជាគម្រោងយូរអង្វែង អញ្ចឹងហើយ ទើបលោកសុខចិត្តចំណាយប្រាក់ខ្ពស់ ទាំងការបំពាក់ឧបករណ៍ទំនើបៗ ទាំងការជម្រើសសុទ្ធតែតួល្បី និងរកអ្នកជំនាញផ្នែកផលិតកុនគ្រប់ផ្នែក ដើម្បីធ្វើឲ្យរឿងបើកឆាក និងរឿងបន្តបន្ទាប់របស់លោកក្នុងពេលខាងមុខ ទទួលជោគជ័យ។ បន្ថែមពីលើផែនការផលិតរឿងភាគប្រចាំឲ្យទូរទស្សន៍បាយ័ន លោកនឹងរៀបចំផលិតរឿងដុំដាក់កុនដូចគ្នា ដើម្បីពង្រីកកេរ្តិ៍ឈ្មោះ។ ប្រភពផ្លូវការលើកឡើងថា សម្អាងលើស្ថានភាពគ្រួសារ តារាសម្ដែងលោកសុវណ្ណ មករា មិនអាចបើកជំនួញខ្ទង់សែនដុល្លារបែបនេះបានទេ ប៉ុន្តែគឺមកពីបានភរិយារស់នៅសហរដ្ឋអាមេរិកជាអ្នកនៅពីក្រោយ។ អ៊ីចឹងហើយ ទើបគេឃើញតារារូបនេះ ឧស្សាហ៍ឡើងចុះសហរដ្ឋអាមេរិក ដើម្បីទៅកុម្ម៉ង់ឧបករណ៍ថតកុនផង និងដើម្បីទៅជួបមុខភរិយាផង៕
ប្រភពពី៖ VOD
No comments:
Post a Comment