មូលនិធិសកល ប្រកាសដកការគំរាមផ្តាច់ជំនួយទឹកប្រាក់ជាង១០០លានដុល្លារអាមេរិក ពីវិស័យសុខាភិបាលនៅកម្ពុជាវិញ ក្រោយពីទទួលបានការសងប្រាក់ពីរចំណែកតូច ដែលមូលនិធិនេះ រកឃើញក្នុងរបាយការណ៍ស៊ើបអង្កេតប្រាក់មូលនិធិសរុបជាង ៨០លានដុល្លារអាមេរិកថា ដំណើរការមានភាពមិនប្រក្រតី ការកិបកេងប្រាក់ជំនួយមួយចំនួន និងការប្រើប្រាស់ប្រាក់ជំនួយខុសគោលដៅ។
លិខិតមូលនិធិសកល ចុះថ្ងៃទី៩ ខែធ្នូ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានដាក់កំហិតឲ្យក្រសួងសុខាភិបាល ក្នុងរយៈពេល៣០ថ្ងៃ គិតមកទល់ថ្ងៃទី៩ ខែមករានេះ ត្រូវផ្តល់ប្រាក់មកកាន់មូលនិធិវិញចំនួន ៤១០,៧១២ដុល្លារ ដែលពាក់ព័ន្ធនឹងគម្រោងរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ បាណកសាស្ត្រ ប្រាក់ ៤១,៤០៤ដុល្លារ ដែលជាប់ពាក់ព័ន្ធនឹងគម្រោងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ(NCHARDS) និងប្រាក់២០,៧២៥ដុល្លារ ដែលជាប់ពាក់ព័ន្ធនឹងគម្រោងអង្គការមេឌីខាំ (MEDiCAM) បន្ទាប់ពីមូលនិធិនេះ រកឃើញថា គម្រោងលើផ្នែកសុខភាពមួយចំនួន មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
កាសែតភ្នំពេញប៉ុស្តិ៍ ចុះផ្សាយនៅថ្ងៃទី៨ ខែមករា បានដកស្រង់សម្តីរបស់ប្រធានទំនាក់ទំនងនៃមូលនិធិសកល ដែលមានមូលដ្ឋាននៅទីក្រុងហ្ស៊ឺណែវ លោក Seth Faison ថា «យើងទទួលបានការបង់ប្រាក់ពីមជ្ឈមណ្ឌលជាតិសម្រាប់មេរោគអេដស៍/ ជំងឺអេដស៍ ជំងឺសើស្បែក និងជំងឺឆ្លងតាមការរួមភេទហើយ យើងនឹងផ្តល់អនុសាសន៍ឲ្យចាត់វិធានការភ្លាមតាមសំណើរបស់អង្គការ មូលនិធិសកល។ យើងក៏ទទួលបានការបង់ប្រាក់មួយចំណែកពីអង្គការ MEDiCAM ដែរ។ យើងរង់ចាំកិច្ចសហប្រតិបត្តិការដូចគ្នាដែរពីមជ្ឈមណ្ឌលជំងឺគ្រុនចាញ់ជាតិ»។
ទោះបីជា គម្រោងរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ បាណកសាស្ត្រ ដែលមានចំនួនទឹកប្រាក់ ៤១០,៧១២ដុល្លារ ជាចំណែកច្រើនជាងគេ មិនទាន់បានបង្វិលត្រលប់ក្តី ប៉ុន្តែ លោក Seth Faison ថា រហូតមកទល់ពេលនេះ មូលនិធិសកល មិនមានផែនការកាត់ផ្តាច់ឬ កាត់បន្ថយការផ្តល់មូលនិធិនៅពេលខាងមុខទេ តែទោះជាយ៉ាងនេះក្តី មូលនិធិនេះ នឹងវាយតម្លៃជំនួយនៅពេលនេះ ហើយនៅថ្ងៃខាងមុខ នឹងកែសម្រួលផែនការឲ្យបានសមស្រប។
VOD បានព្យាយាមទាក់ទងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ជាច្រើនដង តែលោកបដិសេធឆ្លើយ ដោយថាជាប់រវល់។
សមាជិកអនុគណៈកម្មការត្រួតពិនិត្យមូលនិធិសកលនៅកម្ពុជា លោក កែម ទ្បី យល់ថា នេះជាជំហានវិជ្ជមានមួយ ដែលអាចជួយសម្រាលការមិនទុកចិត្តពីម្ចាស់ជំនួយ តែលោកបញ្ជាក់ថា បើមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅតែមិនសងប្រាក់ជាង ៤១ម៉ឺនដុល្លារ មូលនិធិនេះ នឹងកាត់ផ្តាច់ជំនួយលើគម្រោងផ្នែកនេះនៅថ្ងៃខាងមុខ <<ច្បាប់ណាស់បើមិនបានសង យើងដឹងព័ត៌មានមួយទៀត គឺគេកាត់លុយតែម្ដង កាត់លុយខាងផ្នែកគ្រុនចាញ់ បើសិនជាបានសង គឺមានន័យថា គេអត់កាត់ គឺយើងដឹងតែម្ដង សំបុត្រមកពីGlobal Fund គឺគេបានបញ្ជាក់ច្បាប់ចឹង >>។
សម្រាប់ជំនួយលើជំងឺគ្រុនចាញ់ មូលនិធិសកល ធ្លាប់បានព្រមានថា នឹងមិនដំណើរការចុះហត្ថលេខាជាមួយកម្ពុជា ដំណាក់កាលទី១ តម្លៃ១៥លានដុល្លារ ដំណាក់កាលទី២ តម្លៃជាង១២លានដុល្លារ បើមិនប្រគល់ប្រាក់តាមការទាមទារ។
ប្រធានគណៈកម្មាធិការកម្ពុជាឯករាជ្យប្រឆាំងអំពើពុករលួយ លោកស្រី ម៉ម ស៊ីថា ចាត់ទុកថា ការព្រមសងប្រាក់ខ្លះទៅវិញ គឺឆ្លុះបញ្ចាំងការទទួលស្គាល់ និងការទទួលខុសត្រូវមួយផ្នែកពាក់ព័ន្ធនឹងអំពើពុករលួយកើតមានក្នុងវិស័យសុខាភិបាល។ លោកស្រី សង្កត់ធ្ងន់ថា តើអង្គភាពប្រឆាំងអំពើ មានយន្តការបែបណាសម្រាប់រឿងនេះ <<ការទទួលស្គាល់សង គឺបានន័យថា ខ្លួនឯងបានប្រព្រឹត្ដអំពើពុករលួយ អ្នកប្រព្រឹត្ដអំពើពុករលួយនេះ តើស្ថាប័ន អេស៊ីយូ ធ្វើដូចម្ដេចទៀតបាន ហើយអ្នកប្រព្រឹត្ដអំពើពុករលួយ ឫមួយគ្រាន់តែធ្វើរបាយការណ៍ឫមួយគ្រាន់តែស៊ុមក្រលំគ្នា បិទបាំងគ្នាមិនចាត់ការ បើ អេស៊ីយូ មិនចាត់ការក្នុងករណីនេះ មានន័យថា អេស៊ីយូ មានការអនុវត្ដច្បាប់ក្នុងរូបភាពរើសអើង វាពាក់ព័ន្ធទៅហ្នឹងរឿងនយោបាយច្រើន>>។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង បដិសេធឆ្លើយជាមួយ ដោយថា ជាប់រវល់។ កន្លងមក អង្គភាពប្រឆាំងអំពើពុករលួយ អះអាងថា ខ្លួនកំពុងស៊ើបអង្កេតការ ចោទប្រកាន់ទាំងនោះ របស់អង្គការមូលនិធិសកល ប៉ុន្តែរហូតមកទល់នេះ អង្គភាពនេះ មិនទាន់ចេញផ្សាយរបាយការណ៦ឬ លទ្ធផលណាមួយនោះទេ៕
ប្រភពពី៖ VOD
No comments:
Post a Comment