Tuesday, February 18, 2014

ឃាត់ខ្លួន​ប៉េ​អឹម​ស័ក្តិ៣​ក្លែង​ក្លាយ​ម្នាក់​ ខណៈពេលទៅមើល​សព​ស្ត្រី​ម្នាក់​ដែល​គេ​សម្លាប់​ច្រក​បាវ​ប្លុង​ចោល​ក្នុង​ទឹក​ត្រពាំងនៅស្រុក​ស្អាង


ខេត្ត​កណ្តាល​ ៖ បុរស​ម្នាក់​ស្លៀក​ពាក់​ឯក​សណ្ឋាន​ជា​កង​រាជ​អាវុធ​ហត្ថ​ពាក់​ស័ក្តិ​៣​ក្លែង​ក្លាយ​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ស្អាង​ឃាត់ខ្លួន​នាំ​ទៅ​សាក​សួរ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៤ ខណៈពេល​ជន​នេះ​ស្លៀក​ពាក់​ឯក​សណ្ខាន​មិនត្រឹម​ត្រូវ​ទៅមើល​សព​ស្ត្រី​ម្នាក់​ដែល​ត្រូវ​គេ​សម្លាប់​ច្រក​បាវ​យក​ទៅ​ប្លុង​ចោល​នៅ​ក្នុង​ទឹក​ត្រពាំង​មួយនៅ​ចំណុច​បឹង​ទទឹង​ថ្ងៃ ស្ថិត​ក្នុង​ភូមិ​កោះ​គរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង។
លោក​អ៊ូ ផល្លី មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ស្អាង​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ​ឡុង សារុន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង​។ ក្រោយ​ឃាត់​ខ្លួនជន​សង្ស័យ​​ សមត្ថ​កិច្ច​​បាន​ដក​ហូត​កាត​កង​រាជ​អាវុធ​ហត្ថ​ក្លែង​ក្លាយមួយ​សន្លឹក​​ មាន​អត្ត​លេខ​១៣២៥៨៦ ឋានន្តរស័ក្តិ​អនុ​សេនីយ៍​ឯក​ កាត​កង​ឯក​ភាព​អង្គ​រក្ស និង​កាត​សន្តិ​សុខ​ក្រុម​ហ៊ុន​អ៊ី​ភី​អែស​ ។
លោក​មេ​បញ្ជា​ការ​បាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​សាក​សួរ​រួច​ នៅ​រសៀល​ថ្ងៃ​ដដែល​​កម្លាំង​អាវុធ​ហត្ថ​ស្រុ​ក​ក៏​បាន​ធ្វើ​ការ​ឆែក​ឆេរ​ផ្ទះ​ជន​សង្ស័យ​នៅ​ភូមិ​កោះ​គរ​ ឃុំរកា​ខ្ពស់​តាម​ដីកា​លោក​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បាន​រក​ឃើញ​សម្លៀក​បំពាក់​ឯក​សណ្ឋាន​កង​រាជ​អាវុធ​ហត្ថ​មួយ​កំផ្លេ​ ឯក​សណ្ឋាន​យោធា​មួយ​កំផ្លេ​ ខ្នោះ​ដៃ​មួយ​គូ​ និង​ដំបង​ឆក់​មួយ​។
លោក​ទូច អ៊ីណាន ប្រធាន​មន្ទីរ​ស្រាវ​ជ្រាវ​ និង​យុត្តិ​ធម៌​នៃ​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ត្រូវ​បាន​រក​ឃើញ​បទល្មើស​​​​ក្លែង​លិខិត​សាធារណៈ ហើយ​ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​មក​កាន់​ទី​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ដើម្បី​ចាត់​ការ​បន្ត។








ប្រភពពី៖ កោះសន្តិភាព

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...