៦-កញ្ញា-២០១៣៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ថត (William E. Todd) ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតនាស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ។ |
លោក វីល្លៀម ថត (William E.
Todd) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា
បានអំពាវនាវឲ្យមានការស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះ
ឆ្នោតសភាអាណត្តិទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា
កន្លងទៅឲ្យបានត្រឹមត្រូវ
និងត្រូវកែទម្រង់ការងារបោះឆ្នោតឲ្យបានប្រសើរឡើង។
តាមរយៈអ្នកបកប្រែភាសាឯកអគ្គរដ្ឋទូត
សហរដ្ឋអាមេរិក ក៏បានស្នើដល់អ្នកនយោបាយ ពិសេសប្រជាជនកម្ពុជា
រក្សាភាពស្ងៀមស្ងាត់
និងរួមគ្នារកដំណោះស្រាយបញ្ហាខ្វែងគំនិតក្នុងការបោះឆ្នោតដោយ
សន្តិភាព និងមានភាពអត់ធ្មត់ខ្ពស់៖ «ជាដំបូងខ្ញុំសូមសរសើរដល់
រដ្ឋាភិបាល និងពលរដ្ឋកម្ពុជា
ដែលបានរៀបចំការបោះឆ្នោតដោយមិនមានអំពើហិង្សា
និងប្រកបទៅដោយសន្តិវិធី។ ទី២
ខ្ញុំក៏សូមអំពាវនាវសុំឲ្យមានការស៊ើបអង្កេតពីភាពមិនប្រក្រតី
ដែលកើតមានក្នុងពេលបោះឆ្នោត។
ក្នុងនោះក៏សុំឲ្យមានការកែទម្រង់បញ្ហាមួយចំនួនដែលកើតមានឡើង។
ទោះអ្វីកើតឡើងក៏ដោយ
ចុងក្រោយគឺជាការសម្រេចចិត្តរបស់ប្រជាជនកម្ពុជា
ហើយប្រជាជនកម្ពុជា ជាអ្នកសម្រេចនូវជោគវាសនារបស់ខ្លួន»។
សារអំពាវនាវរបស់លោក វីល្លៀម ថត
ដូច្នេះ កើតមានក្នុងពេលស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា
រៀបចំពិធីសច្ចាប្រណិធានចូលបំពេញការងាររបស់ទីភ្នាក់ងារ
ស្ម័គ្រចិត្ត ភីស ខរ (Peace Corp) ក្រុមទី៧ នៅគេហដ្ឋានលោក
ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសុក្រ ទី៦ ខែកញ្ញា។
ក្នុងឱកាសនោះ លោក វីល្លៀម ថត
ក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាល និងពលរដ្ឋកម្ពុជា
ដែលបានរៀបចំការបោះឆ្នោតជាតិប្រកបដោយភាពស្ងៀមស្ងាត់
និងគ្មានអំពើហិង្សាធ្ងន់ធ្ងរ។ ជាងនេះទៀត
លោកស្នើឲ្យរាជរដ្ឋាភិបាលត្រូវបន្តរក្សាសុវត្ថិភាពសង្គមឲ្យមាន
សន្តិភាព និងគ្មានអំពើហិង្សាបន្តទៀត
ជាពិសេសភាគីពាក់ព័ន្ធត្រូវរួមគ្នាដោះស្រាយបញ្ហានានា
ក្នុងពេលបោះឆ្នោតឲ្យមានភាពយុត្តិធម៌៖។
លោក វីល្លៀម ថត៖ «សុំសរសើរ
រដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឲ្យមានសភាពការណ៍ស្ងប់ស្ងាត់។
អ្វីដែលជាការសំខាន់ គឺការមិនមានអំពើហិង្សា និងអត់ធ្មត់
ហើយខ្ញុំបន្តអំពាវនាវឲ្យមានការស្ងប់ស្ងាត់
និងដោះស្រាយបញ្ហាដោយមិនមានអ្វីកើតឡើង។ នេះជារឿងដែលសំខាន់»។
សារសុំសន្តិភាពរបស់លោកឯកអគ្គរដ្ឋទូត
សហរដ្ឋអាមេរិកពេលនេះ កើតមាន
១ថ្ងៃនៃគម្រោងដឹកនាំធ្វើមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះ
ជាតិ
ដើម្បីទាមទារបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃ
ការបោះឆ្នោត។ សារសុំសន្តិភាព
និងគ្មានអំពើហិង្សាក្នុងប្រទេសកម្ពុជា
របស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក
ទទួលបានការសាទរពីមន្ត្រីគណបក្សប្រឆាំង
និងមន្ត្រីសង្គមស៊ីវិលមួយចំនួន។
លោកបណ្ឌិត ហង្ស ពុទ្ធា
នាយកប្រតិបត្តិអង្គការនិកហ្វិច (NICFEC)
មានប្រសាសន៍គាំទ្រគោលជំហរការរកដំណោះស្រាយភាពមិនប្រក្រតីនៃការ
បោះឆ្នោតដោយសន្តិវិធី៖ «ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោកមានបំណង
ជាក់លាក់ចង់ឲ្យកម្ពុជា ធ្វើការជាមួយគ្នា
ទោះបីជាប្រកាន់និន្នាការខុសគ្នាក៏ដោយ ហើយអ្វីដែលលោកបង្ហាញនេះ
គឺបញ្ហាបោះឆ្នោតនៅតែជាបញ្ហាមួយដ៏សំខាន់ដែលគ្រប់ភាគី
និងប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យការបោះឆ្នោត
ហ្នឹងបានល្អប្រសើរ»។
មិនខុសគ្នាទេ
មន្ត្រីគណបក្សសង្គ្រោះជាតិ
ក៏បានគាំទ្រសារអំពាវនាវរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក
ក្នុងការរកដំណោះស្រាយទៅលើភាពមិនប្រក្រតីនៃការបោះឆ្នោតឲ្យបាន
ត្រឹមត្រូវ និងឲ្យមានយុត្តិធម៌នេះដែរ។
លោក ជាម យៀប
ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា
និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា
ក៏បានសាទរសហរដ្ឋអាមេរិក
ដែលបានលើកឡើងពីដំណើរការបោះឆ្នោតនៅកម្ពុជា
មានសុខសន្តិភាពនិងគ្មានអំពើហិង្សា។
លោកថា រដ្ឋាភិបាលនឹងនៅបន្តការពាររក្សាឲ្យមានស្ថិរភាពសង្គម ឲ្យបានសុខសាន្តថែមទៀតនៅថ្ងៃខាងមុខ៖ «គណបក្ស
ប្រជាជនកម្ពុជា
ជាគណបក្សដែលឈ្នះឆ្នោតអត់មានស្អីដែលប្រទូសរ៉ាយទេ។ អាហ្នឹងគឺថា
អ្នកដែលធ្វើភ្លៀងធ្វើផ្គរ ដែលកើតចេញពីគណបក្សចាញ់ឆ្នោត
គឺគណបក្សសង្គ្រោះជាតិទៅវិញទេ។ អ៊ីចឹងគណបក្សប្រជាជនកម្ពុជា
គឺបានរក្សាភាពស្ងៀមស្ងាត់ អត់មានបង្កបញ្ហាអីទេ
ហើយគណបក្សប្រជាជនកម្ពុជា លោកនៅទទួលខុសត្រូវចំពោះប្រទេសជាតិ
និងប្រជាជនកម្ពុជា រហូតដល់សភាថ្មី និងសមាសភាពនៃរាជរដ្ឋាភិបាលថ្មី
លោកចូលស្បថចូលក្នុងព្រះបរមរាជវាំង
ហើយឥឡូវនេះយើងយកច្បាប់មកធ្វើជាមូលដ្ឋាន»។
យ៉ាងនេះក្តីគណបក្សសង្គ្រោះជាតិ
បានកំណត់រួចហើយថា គេអាចដោះស្រាយបញ្ហានៅក្រោយការបោះឆ្នោតបាន
គឺមានតែគ្រប់ភាគីពាក់ព័ន្ធព្រមព្រៀងបង្កើតគណៈកម្មការឯករាជ្យ
ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត៕ ដោយ ដែន អយុធ្យា (RFA)
ប្រភពពី៖ ខ្មែរស្ថាបនា
No comments:
Post a Comment