Thursday, November 14, 2013

អ្នកណា​នៅ​ពីក្រោយ​ការស្លាប់ ឈិន សុ​រ៉ា​វី​?​

រូបថតអ្នកនាង ឈិន សុរ៉ាវី កាលនៅរស់

មកទល់​ម៉ោង​នេះ នៅ​មិនទាន់​ដឹង​ពី​មូលហេតុ ដែល​បណ្ដាល​ឲ្យ​អ្នកនាង​ឈិន សុ​រ៉ា​វី ដែល​មានឈ្មោះ​ដើម​ថា ឈិន ចាន់​សុ​រ៉ា​វី ដែល​ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​មួយរូប និង​ត្រូវ​ជា​បងស្រី​បង្កើត​របស់​កញ្ញា​ឈិន សុធា​រី ចង​ក​សម្លាប់​ខ្លួន​នៅឡើយ​ទេ​។ សូម្បី​កញ្ញា​ឈិន សុធា​រី​ខ្លួនឯង ក៏​បដិសេធ​ក្នុង​ការអត្ថាធិប្បាយ ពាក់ព័ន្ធ​នឹង​មរណភាព​របស់​បងស្រី​ក្នុង​ពេល​នេះ​ដែរ​។​
ក្រុមមន្ត្រី​មាន​សមត្ថកិច្ច បាន​ត្រឹម​ត្រឹមតែ​សន្និដ្ឋានថា អ្នកនាង​ឈិន សុ​រ៉ា​វី ដែល​ជា​អ្នកចម្រៀង​ដ៏​មាន​មុខមាត់​ម្នាក់ ប្រចាំ​នៅ​ក្នុង​ផលិតកម្ម​ក្រៅ​ស្រុក និង​ឧស្សាហ៍​ឡើង​ទូរទស្សន៍​ញឹកញាប់ សម្រេចចិត្ត​ចង​ក​សម្លាប់ ព្រោះតែ​មូលហេតុ​ខូចចិត្ត និង​​តុ​ក​ស៊ិច​ប៉ុណ្ណោះ​។ ប៉ុន្តែ​នៅ​មិនទាន់​មាន​ការបញ្ជា​ក់ឡើ​យ ថា​អ្វី​ជា​មូលដ្ឋាន​ដែល​បណ្ដាល​ឲ្យ​តារា​ចម្រៀង​ដែល​មានឈ្មោះ​បោះ​សំឡេង​រូបនេះ ដាច់​ចិត្ត​ធ្វើ​អត្តឃាត​ខ្លួនឯង​។ កញ្ញា​ឈិន សុធា​រី ដែល​ជា​តារាចម្រៀង និង​ជា​អតីត​ពិធី​ការិនី​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​៥ បាន​អះអាង​ថា កញ្ញា​មិនទាន់​ចង់​និយាយ​អ្វី​នោះ​ទេ ពាក់ព័ន្ធ​នឹង​ការបាត់បង់​ជីវិត​របស់​បងស្រី ដែល​កំពុង​ធ្វើឲ្យ​កញ្ញា និង​សាច់ញាតិ​រំជួលចិត្ត​យ៉ាង​ពេញទំហឹង​គ្រប់គ្នា​។ ដូចគ្នា​នឹង​ការ​ចោទសួរ ពី​សំណាក់​អ្នកកាសែត កញ្ញា ក៏​ថ្លែងប្រាប់​មិត្ត​ភ័ក្ត្រ​ក្នុង​ពិភព​សិល្បៈ​ថា មិនគួរណា​បងស្រី​ខ្លួន​ដាច់​ចិត្ត​ធ្វើ​រឿង​បែប​ហ្នឹង​សោះ ដោយ​មិន​ប្រាប់ថា នោះ​​ជា​រឿង​អ្វី​។
​អ្នកនាង​ឈិន សុ​រ៉ា​វី បាន​ចងក សម្លាប់ខ្លួន កាលពី​យប់​ថ្ងៃ​ទី​១៤ វិច្ឆិកា នៅវេលា​ម៉ោង​៧ និង​៣០​យប់ នៅក្នុង​បន្ទប់​ឡៅតឿ​របស់ខ្លួន នៅ​ក្នុង​ផ្ទះល្វែង​លេខ​២១៤ ស្ថិតនៅ​ផ្លូវដេ ភូមិ​ក្រាំង​អង្រង សង្កាត់​ក្រាំងធ្នង់ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ អ្នក​នាង​មាន​វ័យ​ជាង​៣០ ឆ្នាំ និង​ធ្លាប់​ប្រឡូក​ជា​តារាចម្រៀង​តាំងពី​មុន​ជំនាន់​កញ្ញា​ឈិន សុធា​រី​ម្ល៉េះ ដោយ​គ្រាន់តែ​អ្នកនាង​ហាក់​ទទួលបាន​ប្រជាប្រិយភាព​ល្បីល្បាញ​ចាញ់​ប្អូនស្រី​របស់​ខ្លួន ព្រោះតែ​ឈិន សុធា​រី មាន​ជំនាញ​ខាង​ផ្នែក​ពិធី​ការិនី និង​មាន​ឱកាស​លោត​ខ្លាំង​ជាង​ក្នុង​សិល្បៈ​នោះ​តែប៉ុណ្ណោះ​។ នៅក្បែរ​សព​របស់​អ្នកនាង គេ​ឃើញ​មាន​សំបុត្រ​មួយច្បាប់ ដែល​សរសេរ​បញ្ជាក់​ពី​ការឈឺ​ចិត្ត​របស់​អ្នកនាង ប៉ុន្តែ​ពិបាក​មើល ដែល​ទំនង​មក​អ្នកនាង​បាន​សរសេរ​ដោយ​មិន​មាន​ស្មារតី​ពេញលេញ​។ សំបុត្រ​នោះ បញ្ជាក់ថា នឹង​មិន​លើកលែង​ចំពោះ​មនុស្ស​ដែល​បាន​ធ្វើឲ្យ​អ្នក​នាង​ឈឺចាប់​នោះឡើយ ខណៈ​បុគ្គល​នោះ គេ​នៅ​មិនដឹង​សោះ​ថា ជា​សាច់ញាតិ មិត្ត​ភ័ក្ត្រ ឬ​ជា​កំណាន់​ចិត្ត ដែល​អ្នក​នាង​ខំ​លាក់​ទស្សនិកជន​កន្លង​មក​។ យ៉ាងណាមិញ សេចក្ដីសន្និដ្ឋាន​ចុងក្រោយ គេ​ជឿ​ថា ហេតុផល​នៃ​ការស្លាប់​នោះ គឺជា​រឿង​ស្នេហា ត្បិត​ករណី​ចង់​ធ្វើ​អត្តឃាត​ខ្លួនឯង​បែបនេះ ត្រូវ​គេ​ដឹងថា អ្នកនាង​ឈិន សុ​រ៉ា​វី ធ្លាប់​ប៉ុនប៉ង​ធ្វើ​ចំពោះ​ខ្លួនឯង​ម្ដង​ជា​ពីរ​ម្ដង​កាលពី​លើក​មុន​ហើយ ដោយ​គ្រាន់តែ​កាលនោះ មិនបាន​សម្រេច​តែ​ប៉ុណ្ណោះ​។
​ប្រភព​ពី​សាច់ញាតិ​ដែល​រស់នៅ​ជាមួយ បាន​អះអាង​ថា មុន​មាន​ហេតុការណ៍​ចងករ​សម្លាប់ខ្លួន​នេះ អ្នកនាង​ឈិន សុ​រ៉ា​វី បានបង្ហាញ​កាយវិការ​តុ​ក​ស៊ិច​ហួសប្រមាណ ដោយ​មិន​ព្រម​និយាយស្ដី សម្ដែង​ទឹកមុខ​អស់សង្ឃឹម និង​បាន​បើករថយន្ត​ទៅ​បុក​បង្គោល​ភ្លើង នៅ​ពេល​ព្រឹក​ក្នុង​ថ្ងៃកើតហេតុ​នោះ​ផង​។ អ្នកនាង​គិតតែ​អង្គុយ​យំ និង ផឹកស្រា​ប៊ៀ​អស់​៤​កំប៉ុង មុនពេល​ឡើង​ទៅ​កាន់​បន្ទប់​ឡៅតឿ​នៅពេល​ព្រលប់​។ គ្រប់ៗ​គ្នា​ជឿថា បុគ្គល​ដែល​បណ្ដាល​ឲ្យ​អ្នកនាង​ឈិន សុ​រ៉ា​វី ឈឺចិត្ត​រហូត​ដាច់ចិត្ត​សម្លាប់ខ្លួន​នេះ ពិតជា​សាច់ញាតិ​របស់​សព​ដឹង​ច្បាស់ ដោយ​គ្រាន់តែ​ម្នាក់ៗ មិន​ព្រម​សហការ​ក្នុងការ​បញ្ជាក់ប្រាប់​ភ្លាមៗ​នោះ​តែប៉ុណ្ណោះ​។ លោក​ប៊​ន សំអាត អធិការនគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​នានា​ថា ក្រោយ​ធ្វើ​កោសល្យវិច័យ ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ចង​ក​សម្លាប់​ខ្លួន​មែន​។ មកទល់ពេលនេះ ក្រុម​សមត្ថកិច្ច​ចម្រុះ​របស់​លោក កំពុង​ស្រាវជ្រាវ​បន្ត​ដើម្បី​ឲ្យ​ច្បាស់​ថា អ្វី​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​តារា​ចម្រៀង​ម្នាក់នេះ សម្លាប់ខ្លួន​។
​ការបាត់បង់​ជីវិតរ​បស់​ឈិន សុ​រ៉ា​វី គឺជា​រឿង​ដ៏​សោកស្ដាយ​មួយ ខណៈ​ដែល​មនុស្ស​ភាគច្រើន​បាន​បន្ទោស​ថា ហេតុអ្វី​បានជា​អ្នកនាង​គិត​ខ្លី ព្រោះតែ​ហេតុផល​មនុស្ស​ម្នាក់​ធ្វើបាប​។ នេះ​មិនមែន​ករណី​ស្លាប់​តារា​សិល្បៈ​លើក​ទី​១​នៅ​កម្ពុជា​នោះទេ ប៉ុន្តែ​វា​ករណី​ធ្វើអត្តឃាត​លើកដំបូង​សម្រាប់​ឆ្នាំ​២០១៣​នេះ សម្រាប់​តារាចម្រៀង​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​ពិភព​សិល្បៈ​៕

ប្រភពពី៖ VOD

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...