Tuesday, November 12, 2013

គណបក្ស​សង្គ្រោះ​ជាតិ ថ្កោលទោស​សមត្ថកិច្ច ដែល​ប្រើ​អំពើហិង្សា​ធ្វើឲ្យ​ស្លាប់​ស្ត្រី​ម្នាក់​​

សមត្ថកិច្ច​បង្ក្រាបការតវ៉ារបស់កម្មករ​ (រូបថត តាត ឧត្តម)

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​អង្គារ​នេះ ថ្កោលទោស​កម្លាំង​សមត្ថកិច្ច ដែល​ប្រើ​អំពើហិង្សា​បង្ក្រាប​កម្មករ រោងចក្រ​SL រហូ​ត​ធ្វើឲ្យ​ស្ត្រី​ម្នាក់​ដែល​មិន​មែន​​​ជា​​កម្មករ ស្លាប់ និង​​មួយចំនួនទៀត រងរបួស នៅ​ម្តុំ​​ស្ពាន​ស្ទឹងមានជ័យ​។​
នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ កម្មករ​ជាង​១​ពាន់​នាក់ ភាគច្រើន​ជា​បុរស មកពី​រោងចក្រ​SL ដែល​មាន​ទីតាំង​នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ គ្រោង​ហែ​ក្បួន​ទៅកាន់​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្បែរ​វិមានឯករាជ្យ ប៉ុន្តែ ក្បួន​ដង្ហែ​នេះ ត្រូវ​បាន​​រារាំង​ត្រង់​ចំណុច​ស្ពាន​ស្ទឹងមានជ័យ ត្រើយ​ខាងលិច ដោយ​កម្លាំង​សមត្ថកិច្ច​ប្រមាណ​៣០០ នាក់ ប្រដាប់​ដោយ​ខែល និង​​ដំបងឆក់​។ ការរារាំង​នេះ រហូត​ធ្វើឲ្យ​មាន​ការប៉ះទង្គិច​គ្នា​។​
​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ ឲ្យដឹងថា គណបក្ស​សង្គ្រោះ​ជាតិ សោក​ស្តាយ​​​​ចំពោះ​ព្រឹត្តិការណ៍​នៃ​ការប្រើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ ដោយ​គ្រាន់តែ​កម្មករ ដង្ហែ​ក្បួន​បាតុកម្ម​ដោយ​សន្តិវិធី ដើម្បី​ទាម​​ទារ​ថៅកែ​រោងចក្រ​គោរព​ច្បាប់​ការងារ និង​អនុវត្ត​កិច្ចសន្យា ដែល​បាន​ព្រមព្រៀង​កន្លងមក​។  គណបក្ស​សង្គ្រោះ​ជាតិ អំពាវ​នាវ​ឲ្យ​អាជ្ញាធ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​។​
​ក្នុង​ហេតុការណ៍​នៅ​ស្ទឹង​មានជ័យ​នោះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ បាន​ចេញ​ឲ្យមាន​ការបង្ក្រាប​លើ​ក្រុម​កម្មក​រ ដោយសារ​ស្ថានភាព​តានតឹង​។​បន្ទាប់ពី​ហេតុការណ៍​នៃ​ការប៉ះទង្គិច​គ្នា​នេះ លោក ជួន សុវណ្ណ ឲ្យដឹងថា លោក​សោកស្តាយ ដែល​ក្រុម​កម្មករ មិន​បាន​អនុវត្ត​បាតុ​កម្ម​​របស់​ខ្លួន​ដោយ​សន្តិវិធី និង​បាន​ធ្វើឲ្យ​សមត្ថកិច្ច​ជាច្រើន​នាក់​រងរបួស​។​
​ការតវ៉ា​របស់​កម្មក​រ គឺ​ដើម្បី​ទាមទារ​ឲ្យ​ដក​ប្រធាន​រដ្ឋបាល​រោងចក្រ លោក មាស សុថា សុំឲ្យ​ដក​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចេញ​ពី​បរិវេណ​រោងចក្រ និង​ផ្តល់​ប្រាក់​ឈ្នួល​ដល់​កម្មករ​អំ​ទ្បុង​បាតុកម្ម​រយៈបី​ខែ​ជា​ដើម​។​កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៣ កម្មករ​រោងចក្រ​នេះ បាន​ហែ​ក្បួន មក​ផ្ទះ​លោក​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន សុំ​​អន្តរាគមន៍​។ ប៉ុន្តែ​​ពួកគេ​​ត្រូវ​បាន​​កម្លាំង​សមត្ថកិច្ច​បង្ក្រាប បណ្តាលឲ្យ​ស្ត្រី​មួយចំនួន​រងរបួស​៕

ប្រភពពី៖ VOD

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...