សំបកគ្រាប់កាំភ្លើងដែលរកឃើញក្រោយការបង្រ្កាប របស់សមត្ថកិច្ច ទៅលើកម្មករSL (រូបថតដោយ តាត ឧត្តម) |
មន្ត្រីស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ អះអាងថា កម្លាំងសមត្ថកិច្ចរបស់ខ្លួន មិនបានប្រើកាំភ្លើងពិត ក្នុងហេតុការណ៍ប៉ះទង្គិចជាមួយកម្មកររោងចក្រSL ដែលនាំឲ្យស្ត្រីលក់បាយម្នាក់ស្លាប់នោះទេ។
កាលពីព្រឹកថ្ងៃអង្គារ កម្មករជាង១ពាន់នាក់ ភាគច្រើនជាបុរស មកពីរោងចក្រSL ដែលមានទីតាំងនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ គ្រោងហែក្បួនទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្បែរវិមានឯករាជ្យ ប៉ុន្តែក្បួនដង្ហែនេះ ត្រូវបានរារាំងត្រង់ចំណុចស្ពានស្ទឹងមានជ័យ ត្រើយខាងលិច ដោយសមត្ថកិច្ចប្រមាណ៣០០នាក់ ប្រដាប់ដោយខែល ដំបងឆក់។ ការរារាំងនេះ រហូតធ្វើឲ្យមានការប៉ះទង្គិចគ្នា។
ស្នងការរងរាជធានីភ្នំពេញ លោក ជួន ណារិន ប្រាប់VODនៅព្រឹកថ្ងៃពុធនេះ ក្នុងហេតុការណ៍ប៉ះទង្គិចនោះ ខណៈដែលប៉ូលិសចំនួន៥នាក់ ត្រូវបានចាប់ជាចំណាប់ខ្មាំង លោក បានបញ្ជូនកម្លាំងសមត្ថកិច្ចរបស់ខ្លួន ចំនួន៥០នាក់ ដោយប្រើប្រាស់តែអាវុធបាញ់ផ្សែង និងគ្រាប់សិប្បនិម្មិតតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា គ្រាប់ពិត ដែលបាញ់សម្លាញ់ស្ត្រីម្នាក់ឲ្យស្លាប់នោះ គឺអាចបណ្តាលមកពីជនទី៣ ឆ្លៀតឱកាសបង្កចលាចល ៖
ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានោះ គ្រាប់បែកផ្សែង រថយន្តពន្លត់អគ្គិភ័យ និងគ្រាប់កាំភ្លើង ត្រូវបានប្រើ ដើម្បីបង្ក្រាបក្រុមបាតុករ។ចំណែកកម្មករ បានប្រើដុំថ្មចោលលើសមត្ថកិច្ចវិញ និងបានដុតបំផ្លាញរថយន្តពីរគ្រឿង និងម៉ូតូពីរគ្រឿងរបស់សមត្ថកិច្ច។ ព័ត៌មានបឋម ឲ្យដឹងថា ស្ត្រីអ្នកលក់បាយម្នាក់ ឈ្មោះ អេង សុខុម អាយុ ៤៩ឆ្នាំ បានស្លាប់ ដោយសារគ្រាប់កាំភ្លើង និង៩នាក់របួសដោយការប៉ះទង្គិច ដែលក្នុងនោះរួមមានកម្មករ និងអ្នករត់ម៉ូតូឌុប។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាល ជាតិ លោក គៀត ច័ន្ទថារិទ្ធ ឲ្យដឹងថា ហេតុការណ៍ប៉ះទង្គិចគ្នា នៅលើស្ពានស្ទឹងមានជ័យនោះ សមត្ថកិច្ចបានចាប់ខ្លួន ជនសង្ស័យ៣១នាក់ និងព្រះសង្ឃ ៧អង្គ តែព្រះសង្ឃទាំងនោះ ត្រូវបានដោះលែងកាលពីថ្ងៃអង្គារ បន្ទាប់ពីរកឃើញថា មិនមានជាប់ពាក់ព័ន្ធ។ លោកបន្ត សមត្ថកិច្ច បានកំពុងសាកសួរជនដែលនៅសេសសល់ ទាំង៣១នាក់នោះ ដែលក្នុងនោះរួមមានប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងកម្មកររោងចក្រSLផ្ទាល់ តែសមត្ថកិច្ច មិនទាន់អាចកំណត់ថា តើនរណាខ្លះជាជនឆ្លៀតឱកាសនិយមនៅឡើយទេ ៖
អនុប្រធានផ្នែកអង្កេតរបស់សមាគមអាដហុក លោក ចាន់ សុវ៉េត ដែលតាមដានហេតុការណ៍នោះ ចាត់ទុកថា ប្រតិបត្តិការរបស់សមត្ថកិច្ច គឺស្តែងឡើងក្រោយរូបភាពនៃការគំរាមកំហែង និងគាបសង្កត់ទៅលើសិទ្ធិសេរីភាពបញ្ចេញមតិរបស់ក្រុមបាតុករ។
សេចក្តីថ្លែងការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយកាលពីថ្ងៃអង្គារ ឲ្យដឹងថា ក្នុងព្រឹត្តិការណ៍នៃការប៉ះទង្គិចនោះ ជនឱកាសនិយមមួយក្រុម ដែលមិនមែនជាកម្មករ បានឆ្លៀតញុះញង់បញ្ឆេះបង្កឲ្យមានអំពើហិង្សាមលើសមត្ថកិច្ច ដោយគប់ដុំថ្ម បាញ់ទឹកចំពាមគ្រាប់ដែក និងវាយដុតបំផ្លាញមធ្យោបាយ ព្រមទាំងហ៊ុំព័ទ្ធ ចាប់ខ្លួនកងកម្លាំងសមត្ថកិច្ចចំនួន៥នាក់ នៅវត្តស្ទឹងមានជ័យ។សេចក្តីថ្លែងការណ៍បន្តថា ស្ថិតក្នុងស្ថានភាពបែបនេះ ចាប់បង្ខំឲ្យកងកម្លាំងមានសមត្ថកិច្ច ត្រូវប្រើប្រាស់វិធានការសមស្រប ដើម្បីការពារខ្លួន រាំងស្កាត់អំពើហិង្សាកុំឲ្យរីករាលដាល និងការពារសន្តិសុខ សុវត្ថិភាពជូនកម្មករ ដែលធ្វើបាតុកម្មដោយសន្តិវិធី៕
ប្រភពពី៖ VOD
No comments:
Post a Comment