រូបថតពី google.com |
អភិបាលខេត្តបន្ទាយមានជ័យ លោក ទ្រី ណារិន បានស្លាប់កាលពីទៀបភ្លឺព្រឹកថ្ងៃពុធនេះ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក ជេត វន្នី ប្រាប់VODនៅថ្ងៃពុធនេះថា គ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅម៉ោង៤ទៀបភ្លឺ នៅពេលលោក ទ្រី ណារិន កំពុងធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីបំពេញការងារ។ លោកបន្តថា លោក ទ្រី ណារិន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងខេត្តបាត់ដំបង តែក្រុមគ្រូពេទ្យ មិនអាចជួយសង្គ្រោះបាន។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ លោក ទ្រី ណារិន មានអ្នកបើកបររថយន្តផ្ទាល់ខ្លួន តែអ្នកបើកនោះ មិនទទួលគ្រោះថ្នាក់ដល់ជីវិតទេ។
ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក ចាន់ កុសល មានប្រសាសន៍ថា អ្នកបើករថយន្តរបស់លោក ទ្រី ណារិន បានបើកបុករថយន្តមួយគ្រឿង ដែលចតនៅលើផ្លូវជាតិលេខ៥ នៅពេលដែលព្យាយាមបើកវ៉ា រថយន្តផ្សេងទៀត។ លោកបន្តថា សាកសពរបស់លោក ទ្រី ណារិន ត្រូវបានតម្កល់នៅសាលាខេត្តបន្ទាយមានជ័យ។
លោក ទ្រី ណារិន អាយុ៣៩ឆ្នាំ បានទទួលតំណែងជាអភិបាលខេត្តបន្ទាយមានជ័យ បន្ទាប់ពីលោក អ៊ុង អឿន កាលពី ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៣។ លោក ធ្លាប់ជាចៅសង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអភិបាលរងខណ្ឌ៧មករា រាជធានីភ្នំពេញ។ បន្ទាប់មក លោក ត្រូវបានតែងតាំងជាអភិបាលក្រុងប៉ោយប៉ែត និងជាអភិបាលរងខេត្តបន្ទាយមានជ័យ មុននឹងក្លាយជាអភិបាលខេត្ត កាលពីខែឧសភា។
កាលពីទី ៨ ខែឧសភា ឆ្នាំ២០១២ អភិបាលខេត្តក្រចេះ លោក ខាំ ភឿន ក៏បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ នៅពេលលោកធ្វើដំណើរទាំងយប់ត្រឡប់មកពីប្រជុំនៅរាជធានីភ្នំពេញ៕
ប្រភពពី៖ VOD
No comments:
Post a Comment