Saturday, November 16, 2013

ម្ចាស់​ជំនួយ​អន្តរជាតិ​បក​អាក្រាត​រឿង​ពុក​រលួយ​ក្នុង​ក្រសួង​សុខាភិបាល

មូលនិធិ​ពិភពលោក (Global Fund) បាន​ចេញ​របាយការណ៍​ស៊ើប​អង្កេត​មួយ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ដោយ​បង្ហាញ​ភស្តុតាង​ជាច្រើន​ទាក់ទង​នឹង​បណ្ដាញ​ប្រព្រឹត្តិ​ពុក​រលួយ​ក្នុង ​ក្រសួង​សុខាភិបាល។ របាយការណ៍​នេះ​បាន​រក​ឃើញ​ថា ស្ថាប័ន​ពីរ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ធ្លាប់​បាន​ធ្វើ​របាយការណ៍​ភូត​ កុហក​កិបកេង​ប្រាក់​ជំនួយ​ពី​មូលនិធិ​ពិភពលោក តាំង​ពី​ឆ្នាំ​២០០៩ ក្នុង​ប្រតិបត្តិការ​ការងារ​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង​ទាំង​ នេះ។

អេដស៍
បុរស​ផ្ទុក​មេរោគ​អេដស៍​អង្គុយ​លើ​រទេះ​នៅ​ឯ​មណ្ឌល​ថែទាំ​អ្នក​ជំងឺ​អេដស៍​ក្នុង​ខែត្រ​តាកែវ នា​ថ្ងៃទី ៣០ វិច្ឆិកា ២០០៤។


ស្ថាប័ន និង​អង្គការ​ដែល​ធ្លាប់​ធ្វើ​របាយការណ៍​កុហក​មូលនិធិ​ពិភពលោក រួម​មាន មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ ព្រម​ទាំង​អង្គការ​មេឌីខាំ (MEDICAM)។
របាយការណ៍​ស៊ើប​អង្កេត​កម្រាស់ ៨៣​ទំព័រ របស់​មូលនិធិ​ពិភពលោក ដែល​បាន​ស៊ើប​អង្កេត​លើ​ប្រាក់​ជំនួយ​របស់​មូលនិធិ​នេះ​ចំនួន​ជាង ៨០​លាន​ដុល្លារ ដែល​ផ្តល់​មក​ឲ្យ​ស្ថាប័ន​ចំណុះ​ក្រសួង​សុខាភិបាល បាន​រក​ឃើញ​ភស្តុតាង​សំខាន់ៗ​ជាច្រើន ដែល​បញ្ជាក់​ថា ការ​ដេញ​ថ្លៃ​ចំនួន​មាន​ភាព​មិន​ប្រក្រតី ការ​កិបកេង​ប្រាក់​ជំនួយ និង​ការ​ប្រើប្រាស់​ប្រាក់​ជំនួយ​ខុស​គោលដៅ។
របាយការណ៍​បន្ត​ថា អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ លោក ដួង សុជាតិ និង​សហការី​ម្នាក់ បាន​ទទួល​ប្រាក់​សគុណ​ចំនួន​ជិត ៥​សែន​ដុល្លារ ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​មុង​ឈ្មោះ វេសតើហ្គាត ហ្វ្រេនសិន (Vestergaard Frandsen) ដែល​មាន​ទីតាំង​នៅ​ប្រទេស​ស្វីស និង​ក្រុមហ៊ុន​សាំមិតូ ឆាមមីសល (Sumitomo Chemical Singapore) ដែល​មាន​ទីតាំង​នៅ​ប្រទេស​សិង្ហបុរី។ ក្រុមហ៊ុន​ទាំង​ពីរ​ផ្តល់​ប្រាក់​សគុណ​ជូន​មន្ត្រី​ទាំង​នេះ ជា​ថ្នូរ​នឹង​កិច្ច​សន្យា​ជាមួយ​ក្រសួង​សុខាភិបាល។
ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ ដែល​ទទួល​បន្ទុក​គ្រប់គ្រង​ការ​ដេញ​ថ្លៃ​គម្រោង​មួយ ក៏​ត្រូវ​អង្គភាព​សវនកម្ម​របស់​មូលនិធិ​ពិភពលោក រក​ឃើញ​ថា បាន​ទទួល​ប្រាក់​សគុណ​ពី​ភាគី​ក្រុមហ៊ុន​មួយ ចំនួន ១៥% នៃ​ទឹក​ប្រាក់​គម្រោង​ចំនួន​ជិត ៣​សែន ២​ម៉ឺន​ដុល្លារ ឬ​ស្មើ​នឹង​ជាង ៤​ម៉ឺន​ដុល្លារ។ មន្ត្រី​រូប​នោះ​ក៏​បាន​សារភាព​ប្រាប់​ស្ថាប័ន​ត្រួត​ពិនិត្យ​របស់​មូលនិធិ​ ពិភពលោក ថា ខ្លួន​បាន​យក​ប្រាក់​នេះ​ទៅ​ទិញ​ឡាន និង​សម្ភារៈ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ទៀត។ របាយការណ៍​បន្ត​ថា អង្គការ មេឌីខាំ ដែល​បាន​យក​ប្រាក់​ជំនួយ​ពី​មូលនិធិ​ពិភពលោក សម្រាប់​ជួល​បុគ្គលិក​ចំនួន ២​នាក់ ធ្វើ​ការ​ក្នុង​គម្រោង​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​អេដស៍ ដោយ​ចំណាយ​ប្រាក់​ជាង ២​ម៉ឺន​ដុល្លារ ប៉ុន្តែ​អង្គការ​នេះ​បែរ​ជា​មិន​បាន​ជួល​បុគ្គលិក​ធ្វើ​ការ​ទៅ​វិញ។
វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង លោក ម៉ម ប៊ុនហេង ជាច្រើន​ដង​ច្រើន​សា​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ប៉ុន្តែ​មិន​មាន​អ្នក​ទទួល។
ចំណែក​អតីត​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ លោក ដួង សុជាតិ បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី ឡើយ។
ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល លោក វាសនា គីរី ក៏​មិន​បកស្រាយ​ចំពោះ​បញ្ហា​នេះ​ដែរ ដោយ​លោក​រុញ​សំណួរ​នេះ​ឲ្យ​សួរ​អ្នក​ដែល​ពាក់ព័ន្ធ។
យ៉ាង​ណា​មិញ នាយក​ប្រតិបត្តិ​អង្គការ មេឌីខាំ លោក ស៊ិន សុមុនី ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​ស្រង់​សម្ដី​ថា វា​ជា​ការ​យល់​ច្រឡំ​ប៉ុណ្ណោះ ព្រោះ​តែ​បុគ្គលិក​របស់​លោក​ម្នាក់​ធ្វើ​ការងារ​ដោយ​ភ័ន្ត​ច្រឡំ ហើយ​អង្គការ​នេះ​គ្មាន​បំណង​ឡើយ។ លោក​បញ្ជាក់​ថា អង្គការ មេឌីខាំ ធ្លាប់​បាន​បកស្រាយ​ចំពោះ​បញ្ហា​នេះ​ជូន​ម្ចាស់​ជំនួយ គឺ​មូលនិធិ​ពិភពលោក រួច​ហើយ ដោយ​អង្គការ​នេះ​បាន​ជួល​បុគ្គលិក​ដែរ តែ​យក​ប្រើ​ផ្នែក​តស៊ូ​មតិ​ទៅ​វិញ។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ករណី​នេះ​គ្រាន់​តែ​ជា​ករណី​ពុក​រលួយ​តូច​មួយ​ក្នុង​ចំណោម​រាប់​ពាន់​ករណី​ ផ្សេង​ទៀត​ប៉ុណ្ណោះ។ លោក​បន្ត​ថា ពេល​ដែល​បក្ស​សង្គ្រោះ​ជាតិ ចូល​ក្នុង​សភា​វិញ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នឹង​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល មក​សួរ​នាំ​ពី​បញ្ហា​នេះ ដើម្បី​បង្កើន​ទំនុក​ចិត្ត​របស់​ម្ចាស់​ជំនួយ​មក​លើ​រាជ​រដ្ឋាភិបាល​ កម្ពុជា។ លោក​បញ្ជាក់​ថា សេវា​ការពារ​ជំងឺ​ឆ្លង​នៅ​កម្ពុជា នឹង​ជួប​ឧបសគ្គ បើ​សិន​ជា​មូលនិធិ​ពិភពលោក មិន​បន្ត​ផ្តល់​ជំនួយ​នោះ។
ទន្ទឹម​នឹង​នេះ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល យល់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​តែ​ស៊ើប​អង្កេត​រឿង​នេះ ដើម្បី​បញ្ជាក់​ពី​ជំហរ​ក្នុង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ប្រកប​ដោយ​ប្រសិទ្ធភាព។ លោក​បន្ត​ថា ស្ថាប័ន​ប្រយុទ្ធ​ជំងឺ​ឆ្លង​នៅ​កម្ពុជា បំពេញ​បេសកកម្ម​ភាគ​ច្រើន​បាន​ជោគជ័យ ដោយសារ​ជំនួយ​ពី​បរទេស ហើយ​បើ​សិន​ជា​មិន​មាន​ជំនួយ​នោះ សុខភាព​ពលរដ្ឋ​នឹង​ជួប​បញ្ហា។
ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង បដិសេធ​មិន​ឆ្លើយ​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ឡើយ​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ដោយ​លោក​បញ្ជាក់​ថា លោក​នឹង​ឆ្លើយ​សំណួរ​បាន ដរាប​ណា​អ្នក​កាសែត​ទៅ​ជួប​លោក​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។
មាត្រា​៥៩២ នៃ​ក្រម​ព្រហ្មទណ្ឌ បាន​ចែង​ថា ពី​បទ​វិតិក្រម​ដែល​ជា​ទង្វើ​របស់​មន្ត្រី​រាជការ​សាធារណៈ ឬ​ពលរដ្ឋ​ទទួល​អាណត្តិ​សាធារណៈ ដោយ​បោះ​ឆ្នោត៖
១-ដែល​ទាមទារ ឬ​ទទួល​ជា​សិទ្ធិ​ជា​ពន្ធ ជា​អាករ នូវ​ចំនួន​ប្រាក់​ដែល​ខ្លួន​បាន​ដឹង​ថា​មិន​ត្រូវ​បង់ ឬ​ចំនួន​លើស​ទឹក​ប្រាក់​ដែល​ត្រូវ​បង់។
២-យល់​ព្រម​ក្រោម​រូបភាព​ណា​មួយ និង​ដោយ​មូលហេតុ​ណា​មួយ​ក៏ដោយ ធ្វើ​ការ​លើក​លែង ឬ​ការ​លោះ​លា​ចំពោះ​ការ​បង់​ពន្ធ ឬ​អាករ ដែល​ខ្លួន​ដឹង​ថា​ខុស​ច្បាប់។
មាត្រា​៥៩៣ ក៏​បាន​ចែង​ពី​ទម្ងន់​នៃ​ទោស គឺ​ត្រូវ​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន ទៅ ១០​លាន​រៀល។

មូលនិធិ​ពិភពលោក បាន​ផ្តល់​ជំនួយ​មក​ដល់​កម្ពុជា តាំង​ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១០ មាន​ទំហំ​ទឹក​ប្រាក់​ចំនួន ២២០​លាន ៣​សែន​ដុល្លារ។ គម្រោង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ពុក​រលួយ​នេះ បាន​អនុវត្ត​តាំង​ពី​ឆ្នាំ​២០០៦ រហូត​ដល់​ឆ្នាំ​២០១២៕

ប្រភពពី៖ វិទ្យុអាស៊ីសេរី

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...