Saturday, November 16, 2013

នាយក​រដ្ឋមន្ត្រី​ស្នើ​ជប៉ុន​បញ្ជូន​អ្នក​បច្ចេកទេស​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​បន្ទាប់

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ការ​បោះ​ឆ្នោត​ក្នុង​អាណត្តិ​បន្ទាប់​ទៀត​នេះ​នឹង​មាន​អ្នក​ជំនាញ​ការ​ បច្ចេកទេស​លើ​ប្រព័ន្ធ​បោះ​ឆ្នោត និង​អ្នក​សង្កេតការណ៍​អន្តរជាតិ ដែល​ជឿ​ទុក​ចិត្ត​បាន នឹង​មក​បំពេញ​កិច្ចការ​នៅ​កម្ពុជា។ ប៉ុន្តែ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា ការ​កែ​ទម្រង់​របស់ លោក ហ៊ុន សែន ដោយ​មធ្យោបាយ​ណា​មួយ ក៏​លែង​ទៅ​មុខ​ទៀត​ដែរ។

ហ៊ុន សែន ស៊ិនហ្សូ អាបេ (Sinthu ABE) ៦១០
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិនហ្សូ អាបេ (Sinthu ABE) ក្នុង​ជំនួប​ទ្វេ​ភាគី​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។























លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ដល់​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​រយៈពេល ២​ថ្ងៃ​នៅ​កម្ពុជា ថា កម្ពុជា ពិត​ជា​ត្រូវ​ជា​ចាំបាច់​ក្នុង​ការ​កែ​ទម្រង់​លើ​ប្រព័ន្ធ​បោះ​ឆ្នោត ក្នុង​អាណត្តិ​បន្ទាប់​ទៀត​នេះ ក្នុង​ការ​ពន្លឿន​ឲ្យ​បាន​ស៊ី​ជម្រៅ​បន្ថែម​ទៀត​លើ​គុណភាព ក្នុង​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ប្រសើរ​នៅ​កម្ពុជា។
ការ​ថ្លែង​ដូច​នេះ​របស់ លោក ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​ជំនួប​ទ្វេ​ភាគី​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា នា​ទី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន គឺ លោក ស៊ិនហ្សូ អាបេ (Sinthu ABE)។ លោក ហ៊ុន សែន រំពឹង​ថា ដំណើរ​ការ​បោះ​ឆ្នោត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​ខាង​មុខ​នេះ នឹង​បាន​ប្រសើរ​ជាង​បច្ចុប្បន្ន។ អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គិត​ថា នីតិវិធី​បោះ​ឆ្នោត​ក្នុង​នីតិកាល​បន្ទាប់ អាច​កែប្រែ​បាន​ល្អ​ជាង​នេះ ព្រោះ​តែ​ប្រទេស​ជប៉ុន គឺ​ជា​ប្រទេស​ដែល​អនុវត្ត​គោល​នយោបាយ​ប្រជាធិបតេយ្យ អាច​ជឿ​ទុក​ចិត្ត​បាន ជាពិសេស កម្ពុជា ត្រូវ​ការ​ជា​ចាំបាច់​ក្នុង​ការ​កែ​ទម្រង់​គោល​នយោបាយ​លើ​ប្រព័ន្ធ​បោះ​ ឆ្នោត​នេះ។
លោក ហ៊ុន សែន បញ្ជាក់​ថា នេះ​ជា​លើក​ទី​មួយ​ដែល​កម្ពុជា ទាមទារ​ឲ្យ​មាន​អ្នក​ជំនាញ​ការ​អន្តរជាតិ​ជួយ​បង្កើន​សមត្ថភាព និង​បច្ចេកទេស​ដល់​កម្ពុជា លើ​ប្រព័ន្ធ​បោះ​ឆ្នោត។
ថ្លែង​សារ​នយោបាយ​ក្រោយ​ជំនួប​បិទ​ទ្វារ នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិនហ្សូ អាបេ ឲ្យ​ដឹង​តាម​រយៈ​អ្នក​បក​ប្រែ​ថា ប្រទេស​ជប៉ុន ស្វាគមន៍​ចំពោះ​ការ​ស្នើ​របស់​កម្ពុជា នៅ​ពេល​នេះ។
បើ​ទោះ​ជា​យ៉ាង​ក៏ដោយ​ចុះ គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​នឹង​មិន​អាច​ដំណើរ​ការ​បាន​ទៅ​មុខ​ទៀត​ឡើយ ក្នុង​គោល​នយោបាយ​កែ​ទម្រង់​របស់​ខ្លួន​នោះ។ ប្រាំ​ថ្ងៃ​ក្រោយ​បន្ទាប់​ពី​មាន​ផ្ទុះ​ហិង្សា​នៅ​គល់​ស្ពាន​ស្ទឹងមានជ័យ រវាង​កម្មករ​រោងចក្រ អែស.អិល (SL Factory) និង​ក្រុម​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល ដែល​បណ្ដាល​ឲ្យ​មាន​ស្លាប់ និង​របួស។
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចុះ​ជួប​ព្រះសង្ឃ និង​គ្រួសារ​រង​របួស​ក្នុង​ព្រឹត្តិការណ៍ កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា និយាយ​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ថា គណបក្ស​ប្រជាជន​កម្ពុជា បើ​ទោះ​ជា​ចង់​កែ​ទម្រង់​បែប​ណា ក៏​លែង​ដំណើរ​ទៅ​មុខ​បាន​ទៀត​ហើយ​នៅ​ពេល​នេះ។ លោក កឹម សុខា ចំអក​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ម្ដង​ជា​ពីរ​ដង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នេះ តែង​ក្បត់​កិច្ច​សន្យា​របស់​ខ្លួន​ជា​ដរាប ដែល​ធ្លាប់​ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​គោល​នយោបាយ។
ក្រៅពី​ទទួល​សំណើ​របស់​កម្ពុជា ដែល​ស្នើ​សុំ​ឲ្យ​ប្រទេស​ជប៉ុន ជួយ​ផ្ដល់​អ្នក​បច្ចេកទេស និង​អ្នក​សង្កេតការណ៍​ដើម្បី​កែ​ទម្រង់​លើ​ប្រព័ន្ធ​បោះ​ឆ្នោត​នេះ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៧ លោក ស៊ិនហ្សូ អាបេ សន្យា​ថា​នឹង​បន្ត​ជ្រោមជ្រែង​ដល់​កម្ពុជា ទៅ​លើ​វិស័យ​សំខាន់ៗ​បន្ថែម​ទៀត ដូច​ជា សុខាភិបាល អប់រំ នីតិរដ្ឋ ការ​វិនិយោគ សន្តិសុខ​ក្នុង​តំបន់ និង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

ចំណែក​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​លើ​ប្រព័ន្ធ​បោះ​ឆ្នោត សាទរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ។ ប៉ុន្តែ សង្គម​ស៊ីវិល​ចាត់​ទុក​ថា សំខាន់​វា​អាស្រ័យ​លើ​ឆន្ទៈ​នយោបាយ​របស់​មេ​ដឹក​នាំ​ប៉ុណ្ណោះ៕

ប្រភពពី៖ វិទ្យុអាស៊ីសេរី

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...