Saturday, November 16, 2013

ចិន​ប្រកាស​ចេញ​នូវ​កំណែទម្រង់​នយោបាយ​មិនធ្លាប់មាន​ក្នុង​រយៈពេល ២០ឆ្នំា​ចុងក្រោយ​នេះ


លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង
លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង
REUTERS/Jason Lee

នៅ​ថ្ងៃ​សុក្រ ទី១៥ វិច្ឆិកា​ម្សិលមិញ រដ្ឋាភិបាល​នៃ​ប្រទេស​ចិន​បាន​ប្រកាស​ឲ្យ​ដឹង​នូវ​វិធានការ​កំណែទម្រង់​មួយ​ ចំនួន​​មិន​ធ្លាប់​មាន​ទេ​ក្នុង​រយៈពេល ២០ឆ្នំា​ចុង​ក្រោយ​នេះ។ ក្រៅ​ពី​ផ្នែក​សេដ្ឋកិច្ច វិធានការ​កំណែទម្រង់​ក៏​បាន​ផ្តោត​សំខាន់​លើ​នយោបាយ​កូនទោល ការ​កាត់បន្ថយ​ទោស​ប្រហារជីវិត និង​ការ​បំបាត់​ចោល​ទំាង​ស្រុង​នូវ​ជំរំលត់ដំ​ការងារ។ វិធានការ​កំណែទម្រង់​នេះ​ត្រូវ​បាន​សម្រេច និង​អនុម័ត​ដោយ​ថ្នាក់ដឹកនំា​ចិន​នៅ​ក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​ គណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្ត​​កាល​ពី​ដើម​សប្តាហ៍​នេះ។


វិធានការ​កំណែទម្រង់​នយោបាយ​ដែល​រដ្ឋាភិបាល​ចិន​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ កាល​ពី​ថ្ងៃ​សុក្រ ទី១៥ វិច្ឆិកា​ម្សិលមិញ គឺ​ជា​អត្ថបទ​ជា​ភាសា​ចិន​ដ៏​វែងអន្លាយ​មួយ មាន​ជាង ២០ ០០០តួអក្សរ និង​ដែល​ចុះ​ផ្សាយ​ដោយ​កាសែត​ចិន​ស៊ីនហួរ។ នេះ​ជា​វិធានការ​កំណែទម្រង់​មួយ​ដែល​គេ​មិន​ធ្លាប់​ឃើញ​មាន​នៅ​ក្នុង​ប្រទេស ​ចិន​ទេ ក្នុង​រយៈពេល​ជាង ២ទសវត្ស​កន្លង​ទៅ និង​ដែល​ជា​មហិច្ឆតា​របស់​លោក​ប្រធានាធិបតិ​ថ្មី​ចិន គឺ​លោក​ស៊ី ជីនពីង​ដែល​ទើប​បាន​ចូល​កាន់​តំណែង​កាល​ពី ១ឆ្នំា​កន្លង​ទៅ។

និយាយ​ពី​វិធានការ​កំណែទម្រង់​លើ​វិស័យ​សេដ្ឋកិច្ច រដ្ឋាភិបាល​ចង់​កាត់​បន្ថយ​តួនាទី​កាន់កាប់​សេវា​សាធារណៈ​ផ្តាច់​មុខ​របស់​ ខ្លួន ដោយ​ទុក​ឲ្យ​មាន​ការ​ចូលរួម​ប្រកួតប្រជែង​ពី​វិស័យ​ឯកជន។ ជាមួយ​នឹង​វិធានការ​ថ្មី ក្រុមហ៊ុន រោងចក្រសហគ្រាស​ចំនួន ១១៣ រាប់​ចាប់​តំាង​ពី​វិស័យ​ថាមពល រហូត​ដល់​វិស័យ​ហិរញ្ញវត្ថុ និង​ដឹកជញ្ជូន​ដែល​សព្វ​ថ្ងៃ​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ រដ្ឋាភិបាល និង​គ្មាន​គូប្រជែង នឹង​ត្រូវ​ចេះ​រកស៊ី​គ្រប់គ្រង​ដោយ​ខ្លួន​ឯង ប្រឈម​នឹង​គូប្រជែង​ឯកជន។ កន្លង​មក ក្រុមហ៊ុន រោងចក្រ​សហគ្រាស​ទំាង​នេះ​បាន​ទទួល​ការ​ចោទ​ប្រកាន់​ពី​ការ​កិបកេង​លុយ​រដ្ឋ និង​ការ​បម្រើសេវា​គ្មាន​ប្រសិទ្ធិភាព។

ជា​មួយ​នឹង​វិធានការ​ថ្មី ក្រុមហ៊ុន រោងចក្រ​សហគ្រាស​ទំាង​នេះ​នឹង​ត្រូវ​បង់ប្រាក់​ចំណេញ​ចំនួន ៣០% ឲ្យ​រដ្ឋាភិបាល​ចាប់​ពី​ឆ្នំា ២០២០ ទៅ ហើយ​លុយ​នេះ​នឹង​ត្រូវ​រដ្ឋ​បញ្ចូល​ទៅ​ក្នុង​ហិប​របស់​ក្រុមហ៊ុន​ធានា​ រ៉ាប់រង​សង្គម។ ក្រៅ​ពី​នោះ វិធានការ​កំណែទម្រង់​ក៏​គ្រោង​នឹង​កាត់បន្ថយ​ចំនួន​បុគ្គលិករដ្ឋ និង​ការ​ចំណាយ​មិន​ចំា​បាច់​មួយ​ចំនួន។ ចំណែក​ការ​ចំណាយ​របស់​រដ្ឋ​ក៏​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​ចូលរួម​ពី​ វិស័យ​ឯកជន​ដែរ ពិសេស​ធនាគារ​ឯកជន។

ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​បន្ធូរបន្ធយ​នយោបាយ​កូនទោល?

ច្បាប់​ផែនការ​គ្រួសារ​ដែល​អនុញ្ញាត​ឲ្យ​គ្រួសារ​មួយ​មាន​កូន​តែ​មួយ​ត្រូវ​ បាន​អនុម័ត​ជា​ផ្លូវការ​កាល​ពី​ដំណាច់​ទសវត្ស​ឆ្នំា ៧០។ មូលហេតុ​នៃ​ការ​បង្កើត​ឲ្យ​មាន​ច្បាប់​នេះ​ឡើង គឺ​ដើម្បី​ងាយស្រួល​គ្រប់គ្រង​ប្រជាពលរដ្ឋ​ដែល​មាន​ច្រើន​ជាង​គេ​ក្នុង​ ពិភពលោក។ មួយ​វិញ​ទៀត រដ្ឋាភិបាល​តែងតែ​បាន​អះអាង​ថា គឺ​នយោបាយ​កូនទោល​នេះ​ហើយ​ដែល​អនុញ្ញាត​ឲ្យ​ចិន​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ រហូត​ដល់​សព្វថ្ងៃ និង​ថា នយោបាយ​កូនទោល​បាន​រារំាង​កំណើត​ទារក​ចំនួន ៤០០លាននាក់​ក្នុង​រយៈពេល ៤៣ឆ្នំា​ចុង​ក្រោយ​នេះ។ តែ​កន្លង​មក និង​បើ​យោង​តាម​ក្រុមអ្នក​ការពារច្បាប់ នយោបាយ​កូនទោល​បាន​បណ្តាល​ឲ្យ​មាន​ស្រ្តី​ជា​ច្រើន​បង្ខំ​ចិត្ត​រម្លូត​កូន​ ចោល ពិសេស​ស្រ្តី​គ្មាន​រៀបការ ឬមួយ​ក៏​គូស្រករ​ដែល​មិន​ទាន់​គ្រប់​អាយុ​រៀបការ​ជា​ដើម ២០ឆ្នំា​សម្រាប់​នារី និង ២២ឆ្នំា​សម្រាប់​បុរស។

មាន​កត្តា​សំខាន់​ពីរ​ដែល​បាន​ជម្រុញ​រដ្ឋាភិបាល​ឲ្យ​បន្ធូរបន្ធយ​នយោបាយ​ កូនទោល​នេះ គឺ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​មនុស្ស​ក្នុង​អាយុ​ធ្វើ​ការ និង​ការ​កើន​ឡើង​នៃ​ចំនួន​មនុស្សចាស់។ ចំនួន​មនុស្ស​ក្នុង​អាយុ​ធ្វើ​ការ​បាន​ធ្លាក់​ចុះ​ជិត ៣លាន ៥សែន​នាក់​ក្នុង​ឆ្នំា ២០១២ ពោល​ធ្លាក់​មក​នៅ​ត្រឹមតែ ៩៣៧នាក់​ប៉ុណ្ណោះ។ ចំណែក​អត្រា​នៃ​ចំនួន​មនុស្សចាស់ មាន​រហូត​ដល់ ១៤,៣% នៃ​ចំនួន​ប្រជាពលរដ្ឋចិន​ទំាង ១ ៣៥០លាននាក់ ពោល​គឺ​មាន ៣ដង ច្រើន​ជាង​កាល​ពី​ឆ្នំា ១៩៨២។

ក៏​ប៉ុន្តែ នយោបាយ​ថ្មី​អនុញ្ញាត​ឲ្យ​គ្រួសារ​មួយ​អាច​យក​កូន​ពីរ​បាន​ត្រូវ​តែ​គោរព​ លក្ខខណ្ឌ​មួយ នោះ​គឺ​ឳពុក ឬ​មួយ​ក៏​ម្តាយ​ត្រូវ​តែ​ជា​កូនទោល។ នៅ​ក្នុង​ច្បាប់​ចាស់ គ្រួសារ​មួយ​អាច​យក​កូន​ពីរ​បាន លុះ​ត្រា​ណា​តែ​ឳពុក និង​ម្តាយ​ជា​កូនទោល​ទំាង​ពីរ​នាក់។ យ៉ាង​ណា​ក៏​ដោយ គ្រួសារ​ណា​ដែល​ជា​ក្រុម​ជនជាតិ​ភាគតិច និង​ប្រជាកិសករ ហើយ​ដែល​កូនដំបូង​ជា​កូនស្រី មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ច្បាប់​ថ្មី​នេះ​ទេ។

លប់​បំបាត់​ជំរំលត់ដំការងារ​ដើម្បី​រំងាប់​កំហឹង​របស់​សាធារណៈជន

ជំរំលត់ដំការងារ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ជំនាន់​លោក​ម៉ៅ សេទុង​កាល​ពី​ឆ្នំា ១៩៥៧។ គោលដៅ គឺ​ទុក​សម្រាប់​ដាក់​ជន​ណា​ដែល​បាន​ប្រព្រឹត្តិ​បទល្មើស​កម្រិតស្រាល។ តែ​ក្រុមអ្នកប្រឆំាង​បាន​អះអាង​ថា ជំរំ​នោះ​ក៏​ត្រូវ​បាន​រដ្ឋអំណាច​ប្រើ​សម្រាប់​ឃុំឃំាង​​អ្នក​ដែល​បាន​និយាយ ​រិះគន់ ទិតៀន​រដ្ឋាភិបាល​ដែរ។ របាយការណ៍​ចេញ​ផ្សាយ​ដោយ​អង្គការ​សហប្រជាជាតិ​ក្នុង​ឆ្នំា ២០០៩ ឲ្យ​ដឹង​ថា មាន​អ្នកទោស​ប្រមាណ​ជា ១៩០ ០០០នាក់​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ជំរំ​នោះ។

មូលហេតុ​ដែល​ជម្រុញ​រដ្ឋាភិបាល​ឲ្យ​បិទ​ជំរំ​នោះ គឺ​ដើម្បី​រំងាប់​កំហឹង និង​ការ​ រិះគន់ ទិតៀន​ពី​សំណាក់​មជ្ឈដ្ឋាន​សាធារណៈជន​ទូទៅ។ រិះគន់​ពី​របៀប​គ្រប់គ្រង​គ្មាន​តម្លាភាព ក៏​ដូច​ជា​ការ​ចាប់​បញ្ជូន​ជនល្មើស​ទៅ​ឃុំឃំាង​ដោយ​មិន​បាន​ឆ្លង​កាត់​ការ​ កាត់ទោស​ត្រឹមត្រូវ។

នៅ​ក្នុង​គម្រោង​លប់ចោល​ជំរំលត់ដំ​ការងារ​ទំាង​អស់ រដ្ឋាភិបាល​មិន​បាន​លំអិត​ពី​ការ​ប្តូរ​ទៅ​ជា​ជំរំ​អ្វី​ទេ ហើយ​ក៏​នៅ​មិន​ទាន់​បាន​លំអិត​អំពី​ជោគវាសនា​អ្នកទោស​ទំាង​អស់​ដែល​កំពុង​ ស្ថិត​ក្នុង​ជំរំ​នោះ​ដែរ។ តែ​កន្លង​មក មាន​ជំរំលត់ដំ​ការងារ​ខ្លះ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា ជំរំ​កែប្រែ​អកប្បកិរិយា​ខុសច្បាប់ ដោយ​ការ​អប់រំ។ តែ​គេ​នៅ​មិន​អាច​ដឹង​ទេ​ថា តើ​នឹង​មាន​ការ​ខុស​គ្នា​អ្វី​ខ្លះ រវាង​ជំរំលត់ដំ​ការងារ និង​ ជំរំ​កែប្រែ​អកប្បកិរិយា​ខុសច្បាប់ ដោយ​ការ​អប់រំ​នោះ៕

ប្រភពពី៖ ខេមរភាសា

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...