តារាសម្តែងនាង លី ច័ន្ទសីហា។ រូបថត ស៊ូ វុទ្ធី |
ភ្នំពេញៈ មានដំណឹងលេចធ្លាយឆ្លងទ្វីបមកថា មានបុរសខ្មែររស់នៅអាមេរិកជាច្រើនបានលង់នឹងសម្រស់តារាសម្តែង និងជាថៅកែហាងសម្អាងការវ័យក្មេងសម្បូរសាច់ថ្ពាល់នាង លី ច័ន្ទសីហា រហូតមានបុរសខ្លះប្រជែងគ្នា ជូនវត្ថុអនុស្សាវរីយ៍ដើម្បីផ្គាប់ចិត្តនាងទៀតផង។
ក្រៅពីនាង លី ច័ន្ទសីហា នៅមានលោក ជិន ស៊ីណារ៉ាក់ នាង រ៉ូលឿន និងកញ្ញា ម៉ាក សែនសូនីតា ដែលរួមដំណើរទៅសម្តែងនៅលើទឹកដីអាមេរិកនេះ ហើយពួកគេទាំងបីនាក់ ម្នាក់ៗឡើងចុះសម្តែងក្រៅប្រទេសស្ទើរសឹកកាំជណ្តើរយន្តហោះហើយ។ ប៉ុន្តែបើតាមប្រភពដែលរស់នៅសហរដ្ឋអាមេរិក ដែលផ្តល់ព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុកមកភ្នំពេញ ប៉ុស្តិ៍បានលើកឡើងថា តារាសម្តែងវ័យក្មេងនាង លី ច័ន្ទសីហា ហាក់ទទួលបានការគាំទ្រច្រើនជាងតារារួមដំណើរក្នុងគ្រាដែលនាង សម្តែងនៅទីនោះ។
កាលពីមុននាង លី ច័ន្ទសីហា ទទួលបានការអញ្ជើញទៅសម្តែងនៅសហរដ្ឋអាមេរិក ឪពុកនាង លី ច័ន្ទសីហា គឺលោក លី សុជុន តែងអះអាងថា៖ «អ្នកនៅស្រុកក្រៅគេចង់ឃើញ សីហា កូនខ្ញុំផ្ទាល់ណាស់ គេធ្លាប់តែឃើញនាងសម្តែងតាំងពីនៅតូច ជាតួអង្គកូនកតញ្ញូ និងសម្តែងក្នុងរឿង មរណមាតា នោះ»។
ដូចគ្នានឹង ការលើកឡើងរបស់លោក លី សុជុន ខណៈតួអង្គកុមារីសម្តែងក្នុងរឿងទាំងពីរនេះ មានវត្តមាននៅសហរដ្ឋអាមេរិក ប្រភពដែលផ្តល់ព័ត៌មានតាមបណ្តាញសង្គមក៏បានប្រាប់ថា៖ «តារាខ្មែរមក សម្តែងនៅអាមេរិកលើកនេះ មិនថាប្រុស ឬស្រីទេ ពួកគេទទួលបានការគាំទ្រច្រើនពីខ្មែរនៅទីនេះ។ ប៉ុន្តែពួកគេហាក់មានសំឡេងគាំទ្រច្រើនពេលឃើញវត្តមាន កញ្ញា លី ច័ន្ទសីហា»។
ប្រភពពីអាមេរិកដដែលបញ្ជាក់ថា៖ «អ្នកនៅទីនេះ គេចង់ឃើញ សីហា ផ្ទាល់យូរហើយ គេឃើញនាងសម្តែងក្នុងភាពយន្តតាំងពីនៅតូច ក្នុងរឿង កូនកតញ្ញូ អ្នកដែលបានមើលឃើញនាងសម្តែងកាលនោះ អ្នកណាក៏ស្រឡាញ់នាង និងចង់ឃើញក្មេងស្រីនេះដែរ»។
ក្រៅពីលើកឡើងថា ការសម្តែងពីមុន និងពេលនេះ សីហា នៅតែសម្តែងបានល្អ ចង់យំ យំបានមើលទៅគួរឲ្យកម្សត់ និងគួរឲ្យអាណិតនោះ អ្នកនៅអាមេរិកបានបន្ថែមថា៖ «កញ្ញា លី ច័ន្ទសីហា ធ្វើឲ្យអ្នកនៅទីនេះភាគច្រើនមិនអស់ចិត្តនឹងវត្តមាននាងក្នុងរយៈ ពេលបីខែនេះទេ។ នាងក៏កំពុងតែធ្វើឲ្យបុរសៗខ្មែរអាមេរិក មានការពេញចិត្តពេញថ្លើមយ៉ាងខ្លាំង រហូតមានអ្នកខ្លះឧបត្ថម្ភ ជាវត្ថុអនុស្សាវរីយ៍ ដើម្បីជាការផ្គាប់ចិត្តដល់នាងក៏មិនតិចដែរ»។
តាម ការអះអាងដដែលនោះក៏បានឲ្យដឹងថា៖ «វត្តមាននៃការសម្តែង របស់ លី ច័ន្ទសីហា នៅទីនោះ បានធ្វើឲ្យភ្ញៀវដែលចូលរួមកម្មវិធី ក៏ដូចជាបងប្អូនខ្មែររស់នៅទីនេះ មានការពេញចិត្តយ៉ាងក្រៃលែង និងទទួលបានការគាំទ្រ លើកទឹកចិត្តជាបន្តបន្ទាប់»។
លោក លី សុជុន ដែលនៅស្រុកខ្មែរ ដែលកំពុងតែទន្ទឹងរង់ចាំដំណើរកូនស្រីសំណព្វចិត្តវិលពីសម្តែងនៅ អាមេរិកបានឲ្យប្រាប់តាមទូរស័ព្ទថា៖ «សីហា សម្តែងលើទឹកដីសហរដ្ឋអាមេរិក ទទួលបាននូវភាពជោគជ័យ ព្រោះបងប្អូន អាណិកជនខ្មែរទីនោះមានការពេញចិត្ត និងគាំទ្រមកលើ សីហា យ៉ាងខ្លាំង។ ម្យ៉ាងទៀត សីហា ក៏ទទួលបានការសរសើរពីអ្នករស់នៅទីនោះ ដោយសារនាងមានទេពកោសល្យ និងសមត្ថភាព ក្នុងការសម្តែង»។
ក្នុង ពាក្យសំដីបង្កប់ដោយអារម្មណ៍រំភើបផងក្តុកក្តូលផង លោកបានប្រាប់ថា៖ «កូនស្រីរបស់ខ្ញុំបានចាកចេញពីទឹកដី ប្រទេសខ្មែរ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ ដើម្បីទៅសម្តែងនៅ សហរដ្ឋអាមេរិករយៈពេល ៣ខែ ទើបត្រឡប់វិល មកស្រុកកំណើតវិញ»។
ប៉ុន្តែលោក លី សុជុន បែរជាបដិសេធពីសំនួរ ដែលថាកូនស្រីនៅទីនោះមានបុរសៗជាច្រើនដណ្តើមគ្នាជូនរបស់ អនុស្សាវរីយ៍ ដើម្បីផ្គាប់ចិត្តជាថ្នូរនឹងស្នេហា។ លោកថា មិនមានទេចំពោះរឿងនេះ មានដែរតែជារឿងរាប់អានគ្នា ស្នេហាមិនមានទេ។ បន្តពីចម្លើយបដិសេធនេះ លោក លី សុជុន បញ្ជាក់ថា លី ច័ន្ទសីហា នឹងវិលត្រឡប់ មកពីសហរដ្ឋអាមេរិកវិញ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ហើយនាងនឹងមកដល់ស្រុកខ្មែរ នៅថ្ងៃទី២៨ ខែវិច្ឆិកា រួចហើយត្រូវទៅបង្ហាញមុខ នៅឯស្ថានទូតសហរដ្ឋអាមេរិក ដើម្បីបញ្ជាក់ពីការត្រឡប់មកវិញ តាមការកំណត់»៕
ប្រភពពី៖ ភ្នំពេញ ប៉ុស្តិ៍
No comments:
Post a Comment