លោក សឺហ្គេ ប៉ូលុនស្គី កាលពីឆ្នាំ២០០៩ (រូបថតដោយ Bloomberg) |
សមត្ថកិច្ចឲ្យដឹងថា មហាសេដ្ឋីជនជាតិរុស្ស៊ី លោក សឺហ្គេ ប៉ូលុនស្គី (Sergei Polonsky) ដែលត្រូវបានតុលាការរុស្ស៊ីចោទប្រកាន់បោះបង់ចោលក្រុមហ៊ុនអចលនទ្រព្យ និងកំពុងជាប់បំណុលនៅរុស្ស៊ី ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃចន្ទនេះ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក តាក វណ្ណថា ប្រាប់VODឲ្យដឹងនៅរសៀលថ្ងៃចន្ទនេះថា លោក សឺហ្គេ ប៉ូលុនស្គី ត្រូវបានចាប់ខ្លួននៅម៉ោងជាង១១ព្រឹកថ្ងៃចន្ទនេះ ក្រោយពីការស៊ើបអង្កេត និងតាមដានអស់មួយរយៈ។ លោកបន្តថា មហាសេដ្ឋីជនជាតិរុស្ស៊ីនោះ បានលាក់ខ្លួននៅលើកោះរ៉ុង ខេត្តព្រះសីហនុ។ លោកបញ្ជាក់ថា ការចាប់ខ្លួននេះ គឺធ្វើឡើងតាមសំណើរបស់រុស្ស៊ី ហើយសមត្ថកិច្ច បានកំពុងរៀបចំបញ្ចូនមហាសេដ្ឋីជនជាតិរុស្ស៊ីរូបនេះ មកកាន់រាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។
សារព័ត៌មានរុស្ស៊ី ចេញផ្សាយកាលពីសប្តាហ៍មុន ឲ្យដឹងថា ព្រះរាជអាជ្ញាជនជាតិរុស្ស៊ី បានស្នើសុំជាផ្លូវការហើយក្នុងការឲ្យកម្ពុជាធ្វើបត្យាប័ន នៅពេលចាប់ខ្លួន លោក Sergei Polonsky បាន។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ថា សមត្ថកិច្ច នឹងអនុវត្តតាមសំណើធ្វើបត្យាប័ន មហាសេដ្ឋីជនជាតិរុស្ស៊ីនោះ តាមរយៈក្រសួងយុត្តិធម៌ និងក្រសួងការបរទេស បន្ទាប់ពីជនជាប់ចោទនោះ ត្រូវបានបញ្ជូនមកដល់រាជធានីភ្នំពេញ។
កាលពីចុងខែធ្នូ ឆ្នាំ២០១២ លោក សឺហ្គេ ប៉ូលុនស្គី និងមិត្តភ័ក្ត្រពីរនាក់ទៀត ត្រូវបាន អាជ្ញាធរ កម្ពុជាចាប់ខ្លួនដោយរងចោទពីបទប្រើហិង្សាដោយចេតនា និងការឃុំឃាំងមនុស្សខុសច្បាប់លើកម្មករខ្មែរ៦នាក់ ដោយប្រើកាំបិត និងបញ្ជាឲ្យពួកគេលោតចេញពីទូក ក្នុងខេត្តព្រះសីហនុ។ តែក្រោយមក កម្មករខ្មែរទាំង៦នាក់នោះ បានដកពាក្យបណ្តឹងលើករណីនេះ បន្ទាប់ពីបានទទួលសំណងរដ្ឋប្បវេណីចំនួន២ម៉ឺនដុល្លារ។ កម្មករម្នាក់ ទាមទារ៥ពាន់ដុល្លារ តែជនជាតិរុស្ស៊ីរូបនេះ ផ្តល់ឲ្យតែ២ម៉ឺនដុល្លារ សម្រាប់កម្មករទាំង៦នាក់។ លោក សឺហ្គេ ប៉ូលុនស្គី ត្រូវបានដោះលែងពីពន្ធនាគារនៅខេត្តព្រះសីហនុ តាមសំណើររបស់មេធាវី កាលពីខែមេសា ឆ្នាំ២០១៣៕
ប្រភពពី៖ VOD
No comments:
Post a Comment