Thursday, January 9, 2014

ពលរដ្ឋ​អ្នក​កំពង់ចាម​ខ្លះ មិន​ចង់​ក្លាយ​ជា​អ្នក​ខេត្ត​ត្បូង​ឃ្មុំ


ផែនទី​ក្រុង​សួង​នៃ​ខេត្ត​ត្បូង​ឃ្មុំ​ថ្មី​

ក្រោយពី​ទទួលបាន​ព័ត៌មាន​ជា​ផ្លូវការ​ថា ប្រទេស​កម្ពុ​ជាមាន​ខេត្ត​ថ្មី​មួយ​បន្ថែមទៀត មាន​ប្រជាពលរដ្ឋ​មិនតិច​ទេ 
ដែល​បញ្ចេញ​ប្រតិកម្ម​ចំពោះ​រឿងនេះ។ ប្រតិកម្ម​មាន​ច្រើន​ពី​ប្រជាពលរដ្ឋ​ដែល រស់នៅក្នុង​ក្រុង​និង​ស្រុក​ទាំង៧ ដែល​
ត្រូវគេ​កាត់​យកមក​ផ្គុំ ដើម្បី​បង្កើត​ខេត្ត​ត្បូងឃ្មុំ​នោះ។
ព្រះមហាក្សត្រ ព្រះបាទ ​នរោត្តម ​សីហមុនី ក្នុង​ព្រះរាជក្រឹត្យ ដែលត្រូវ​បាន​​ឡាយ​ព្រះ​ហត្ថលេខា​កាលពី​ថ្ងៃទី ៣១ 
ខែធ្នូ​កន្លងទៅ បានសម្រេច​បង្កើត​ខេត្ត​ថ្មី​មួយ​បន្ថែមទៀត គឺ​ខេត្ត​ត្បូងឃ្មុំ ដោយ​កាត់​ចេញពី​ក្រុង​ចំនួន១ និង​ស្រុក៦ 
ចេញពី​ខេត្តកំពង់ចាម។ ក្នុងនោះ​រួមមាន ក្រុង​សួង ស្រុក​ក្រូចឆ្មារ ត្បូងឃ្មុំ អូររាំងឪ តំបែរ ពញាក្រែក និង​ស្រុក​
មេមត់។
ពលរដ្ឋ​រស់នៅ​ស្រុក​ក្រូចឆ្មារ ដែល​ទើប​ដឹងខ្លួន​ថា បាន​ក្លាយជា​អ្នក​ខេត្ត​ត្បូងឃ្មុំ​នោះ បាន​អត្ថាធិប្បាយ​តាមរយៈ​ទំព័រ​
ហ្វេ​ស​ប៊ុ​ករ​បស់​ពួកគេ និង​បានបង្ហាញ​ពី​ចម្ងល់ផ្សេងៗ ជុំវិញ​ការ បង្កើត​ខេត្ត​ថ្មី​នេះ។

លោក បូរី អ្នក​ឃុំ​រការ​ខ្នុរ ស្រុក​ក្រូចឆ្មារ បានសរសេរថា« មិនគួរ​ឲ្យ​ជឿថា ខ្ញុំ​បាន​ក្លាយជា​អ្នក ខេត្ត​ត្បូងឃ្មុំ។ ចុះ​
ចំណែក​អត្តសញ្ញាណប័ណ្ណ​វិញ នៅ​ប្រើការ​បាន​ដដែល ឫ​យ៉ាងណា»? និស្សិត​ដែល​កំពុង​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​
រូបនេះ បាន​សំដែង​អារម្មណ៍​មិន​សប្បាយចិត្ត និង ចោទ​ជា​សំណួរផ្សេងៗផងដែរ។ លោក បូរី៖« ហេតុអ្វី​បានជា​
រដ្ឋាភិបាល​បង្កើត​ខេត្ត​មួយទៀត? ឫ​មួយ​ខេ​ត​ត្ត​កំពង់ចាម​ធំ​ពេក ឫ​ក៏​ពិបាក​គ្រប់គ្រង​ប្រជាជន? ខ្ញុំ​យល់ថា វា​មិន​សម​
ហេតុផលទេ»។

ដោយឡែក​បុគ្គលិក​ក្រុមហ៊ុន​មួយរូប​ទៀត ដែលមាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ  ក៏​អត្ថាធិប្បាយ​មិន​ខុសពី​
លោក 
បូរី ប៉ុន្មាន​នោះទេ។ កញ្ញា នី​តា បើទោះជា​មិនសូវ​ខ្វល់​ចំពោះ​រឿងនេះ ក៏ដោយចុះ ប៉ុន្តែ​កញ្ញា​បាន​រៀបរាប់​ដោយ​ខ្លី​ថា 
វា​ជា​រឿង​មួយ ដែល​ពិបាក​នឹង​ទទួលយក​ណាស់។ ធ្លាប់តែ​និយាយប្រាប់​គេ​ថា ជា​អ្នក​ខេត្តកំពង់ចាម តែ​ឥលូវ​មកជា​
អ្នក​ខេត្ត​ត្បូងឃ្មុំ​វិញ បែបនេះ។

ពលរដ្ឋ​ខ្លះទៀត​ដែល​ត្រូវមាន​អត្តសញ្ញាណ​ជា​អ្នក​ខេត្ត​ត្បូងឃ្មុំ សុទ្ធតែ​បាន​ជជែក​គ្នា​អំពី​រឿងនេះ។ និស្សិត​មួយ​បាន​
និយាយប្រាប់​គ្នា​ថា នេះ​គឺជា​បង្កើត​តួនាទី​ការងារ​ចែកគ្នា​ក្នុង​បក្ស​កាន់អំណាច ខណៈ​ទៀត​បាន​យល់ស្រប​នឹង​
ការពន្យល់​របស់​អាជ្ញាធ​រ ឬ​រដ្ឋាភិបាល​ដែល​និយាយ​នេះ គឺជា​មធ្យោបាយ​នៃ​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​
សាធារណៈ​ជូន​ ប្រជាពលរដ្ឋ និង​សន្តិសុខ​សង្គម និង​ការងារ​គ្រប់គ្រង​នានា។

អ៊ំស្រី​វ៉ាន់​ដែលជា​អ្នកស្រុក​មេមត់​មិនបាន​ខ្វល់​ពី​ការ​ហេតុផល​របស់​ រដ្ឋាភិបាល​យ៉ាងណាទេ ប៉ុន្តែ​បើ​អ៊ំស្រី​ចង់​
មានឈ្មោះ​ជា​អ្នក​កំពង់ចាម​ដូច​ពីមុន​នោះ គឺ​ដោយសារតែ​ខេត្តកំពង់ចាម​ជា​ខេត្ត​ដែលមាន​ឈ្មោះ​បោះ​សំឡេង​ថា​ជា​
ខេត្ត​ ដែលមាន​ផ្ទៃដី​ធំ មាន​អ្នកចេះដឹង​ច្រើន​ជាដើម។ ហើយ​ថា នេះហើយ​ជា​មោទនភាព​របស់​អ៊ំស្រី​នោះ។ 
ទោះយ៉ាងណា​ក៏ដោយ អ៊ំស្រី​យល់ថា នេះ​ប្រហែលជា​លើកទីមួយ​ក្នុង​ជីវិត​របស់គាត់ ដែល​គាត់​ទើប​ក្លាយខ្លួនជា​អ្នក​
ខេត្ត​ត្បូងឃ្មុំ ទើប​អ៊ំស្រី​មិនទាន់​ទម្លាប់៕ 

ប្រភពពី៖ ខ្មែរស្ថាបនា

No comments:

Post a Comment

គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ

  និយាយ​ឲ្យ​ចំ​ទៅ គ្នា​យើង​ភាគ​តិច​ណាស់ អត់​ផឹក​កាហ្វេ ឬជាតិ​កាហ្វេ​អ៊ីន នៅ​ពេល​ព្រឹក ហើយ​គ្នា​យើង​ចូល​ចិត្ត​ផឹក​កាហ្វេ ដឹង​ច្បាស់​វា​ធ្វើ​ឲ...